ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន​-​អាមេរិក​ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
713
3192 នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន​-​អាមេរិក​ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​

       បន្ទាប់​ពី​បាន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​លើក​ទី​១៧​ (17th ADMM) នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​អម​ដោយ​ នាយ​ទាហាន​ជា​ន់ខ្ពស់​ក្នុង​ក្រសួង​ការពារ​ជាតិ​ជា​ច្រើន​រូប​ទៀត ​បាន​បន្ត​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​-​អាមេរិក ​នៅ​ទីក្រុង​ហ្សាកាតា ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​បន្ត​ទៀត​។

        ថ្លែង​បើក​កិច្វ​ប្រជុំ ​ឯឧត្តម​ ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី ​បាន​សម្តែង​ការ​កោត​សរសើរ​ដល់​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើការ​ជា​មួយ​ប្រទេស​នៅ​ក្នុង​តំបន់​ ដើម្បី​សន្តិភាព ​និង​ស្ថេរភាព​។​ ឯកឧត្តម​បន្ត​ថា៖ ​​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​-​អាមេរិក ​និង​ធ្វើ​ជា​សក្ខីភាព​ចំពោះ​អាស៊ាន ​និង​​សហរដ្ឋ​អាមេរិក​ និង​ភាព​ជា​ដៃ​គូរ​ ដោយ​ផ្អែក​ទៅ​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ផល​ប្រយោជន៍​រួម ​ការ​យោគ​យល់​គ្នា ​សន្តិភាព ​ស្ថេរភាព ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីភិច។ កិច្ច​ប្រជុំ​នេះ បាន​ផ្តល់​ឱកាស​ដ៏មានតម្លៃបំផុត សំរាប់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា និង ការធ្ចើអោយស៊ីជំរៅនៃការយោគយល់គ្នា ។

      ឯកឧត្តម ឡយដ៍ អូស្ទីន (Loyd Austin) រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​ថា៖​ សហរដ្ឋ​អាមេរិក​​បា​ន​​ប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និងវិបុលភាព នៅ​អាស៊ី​អាគ្មេយ៍​ ដើម្បីពង្រឹង​ភាព​ជាដៃគូរ​នៅ​ទីនេះ​។ ឯកឧត្តម ​បាន​សង្កត់​ធ្ងន់​ថា៖ ​អាស៊ាន​មាន​សារៈ​សំខាន់​សម្រាប់​កិច្ច​សន្ទនា ​និង​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​សហរដ្ឋ​អាមេរិក​ ធ្វើ​ការងារ​អោយ​កាន់​តែ​ស៊ី​ជំរៅ​ជា​មួយ​អាស៊ាន​នៅ​គ្រប់​កំរិត​។

       ក្នុង​បទ​អន្តរាគមន៍ ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន-អាមេរិក​ ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​បាន​បញ្ជា​ក់​ថា៖ ​ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៧​ ភាព​ជា​ដៃគូ​​អាស៊ាន​-​អាមេរិក​ បាន​បន្ត​ប្ដេជ្ញា​រក្សា​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព ​ក៏​ដូច​ជា​វិបុល​ភាព​សម្រាប់​តំបន់​របស់​យើង។​ កិច្ច​ព្រម​ព្រៀង​ រវាង​មេដឹក​នាំ​អាស៊ាន​-​អាមេរិក​ក្នុង​ការ​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​(CSP) នៅក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​-​អាមេរិក​លើ​កទី​១​០​​ នៅ​រាជធានី​ភ្នំពេញ ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទូលំ​ទូលាយ ​និង​ស៊ី​ជម្រៅ​នៃទំនាក់​ទំនង​របស់​យើង​ និង​បាន​បើក​ផ្លូវ​ សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​របស់​យើង​លើ​វិស័យ​ការពារ​ជាតិ​បន្ថែម​ទៀត​។ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ សីហា បាន​កោត​សរសើរ​ដ​ល់​តួនាទី​ស្ថាបនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់ ​រួម​ទាំ​ង​ការ​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​ក្រុម​ការងារ​ជំនាញ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ​(ADMM-Plus)។ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជា​សហ​ប្រធាន​ ក្រុម​ការងារ​ជំនាញ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ​ជា​មួយ​នឹង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ ៣​លើក​រួច​មក​ហើយ​។​ ​ឯកឧត្តម​បញ្ជាក់​ថា៖ ​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ជា​សហ​ប្រធាន​នៃ​ក្រុម​ការងារ​ ជំនាញ​ជុំ​ទី៥​ លើ​វិស័យ​វេជ្ជ​សាស្ត្រ​យោធា ​ជា​មួយ​នឹង​ប្រទេស​ឥណ្ឌូ​នេស៊ី​។​ កម្ពុជា​សូម​គាំទ្រ​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​បែប​នេះ។​ 

        ឯកឧត្តម ​សង្ក​ត់​ធ្ងន់​ថា៖​ សហរដ្ឋ​អាមេរិក,​ តែង​តែ​ជា​ដៃ​គូដ៏​ជិត​ស្និទ្ធ​របស់​អាស៊ាន។ ​ស្រប​ពេល​ដែល​អាស៊ាន ​និង​អាមេរិក​កំពុង​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ និង​ស៊ី​ជម្រៅ ​យើង​ក៏​មាន​បំណង​ចង់​បន្ត​ធ្វើការ​ជា​មួយ​គ្នា​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​យោគ​យល់​គ្នា​ និង​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​សម្រេច​បាន​នូវ​តំបន់​ដែល​ទទួល​បាន​នូវ​សន្តិភាព ​វិបុល​ភាព ​និង​សន្តិសុខ​យូរ​អង្វែ​ង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ