ព័ត៌មាន

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៧ ​ឆ្នាំ​២០២៣ ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​ប្រព្រឹត្តិ​ទៅ​ក្រោម​មូល​បទ​ “សន្តិភាព ​វិបុលភាព ​និង​សន្តិសុខ​”​
នាយកដ្ឋានព័ត៌មាន(៣)
653
3190 កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៧ ​ឆ្នាំ​២០២៣ ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​ប្រព្រឹត្តិ​ទៅ​ក្រោម​មូល​បទ​ “សន្តិភាព ​វិបុលភាព ​និង​សន្តិសុខ​”​

          តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ ប្រាបូវូ ​ស៊ូប៊ីន​តូ ​(Prabowo Subianto) រដ្ឋមន្រ្តី​ការ​ពារ​ជាតិ ​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ​និង​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​(ADMM) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២៣ ​ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដោយ​នាយ​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​​នយោបាយ ​និង​កិច្ចការបរទេស និង​ជា​ប្រធាន ​ឧត្តម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន ​(ADSOM)​ នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ​បាន​ដឹក​នាំ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​លើក​ទី​១៧ ​(17th ADMM) នៅ​ទី​ក្រុង​ហ្សាកាតា ​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី។​

          ថ្លែង​បើក​កិច្វ​ប្រជុំ ​ឯឧត្តម​ ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី ​បាន​សម្តែង​ការ​អបអរសាទរ​ និង​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ទទួល​បាន​ជោគ​ជ័យ​ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​ ​១៦​ កា​ល​ពី​ឆ្នាំ ​២០២២ ​កន្លង​មក​ ហើយ​តាម​រយៈ​កិច្ច​ប្រជុំនៅ​កម្ពុជា​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ប្តេជ្ញា​ចិត្ត​បន្ត​នូវ​លទ្ធផល​ ដែល​កម្ពុជា​សម្រេច​បាន​។ ឯឧត្តម​ ប្រាបូវូ ស៊ូប៊ីនតូ ក៏​បាន​សម្តែង​ការ​ស្វាគម៍​ រដ្ឋមន្រ្តី​ការពារ​ជាតិ ​ដែល​ទើប​បាន​តែង​តាំង​ថ្មី ​មក​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ ម៉ាឡេស៊ី ហ្វីលីពីន និង មក​ពី​ប្រទេស​ថៃ​។ ឯឧត្តម ​បាន​បញ្ជាក់​ថា៖​ សន្តិភាព ​ស្ថេរភាព ​និង​សន្តិសុខ ​គឺ​ជា​មូល​ដ្ឋាន​គ្រិះ​ដ៏​សំខាន់ ​ក្នុង​ការ​បង្កើន​នូវ​សេដ្ឋកិច្ច​។ ប្រសិន​បើ​សន្តិសុខ​មិន​រឹង​មាំ​ទេរ ​គឺ​មិន​អាច​ធ្វើ​បាន​ឡើយ​ក្នុង​ការ​​ទាក់​​ទាញ​វិនិយោគ​ទុន ​និង​ការ​សម្រេ​ចបា​ន​នូវ​ស្ថេរភាព​នៅ​ក្នុង​សង្គម​របស់​យើង​ និង​ប្រជាជន​របស់​យើង​។​ ដូច​នេះ​កិច្វ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​គឺ​សំដៅដោះ​ស្រាយ​បញ្ហា​សន្តិសុខ​។ ឯឧត្តម ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី ​បាន​បញ្ជាក់​បន្ថែម​ថា៖​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​  អាស៊ាន​លើក​ទី​ ១៧ ​ឆ្នាំ​២០២៣​ បន្តស្វែង​រក​នូវ​ការ​បង្កើន​ និង ​ពង្រឹង​ និមាបនកម្ម ​សន្តិសុខ ​ក៏​ដូច​ជា​ការ​ជំរុញ​អោយ​មាន​ ​បរិយា​ប័ន​នៅ​លើ​ពិភព​លោក​។ ឯឧត្តម​ បាន​អំពាវ​នាវ​ដល់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី ​១៧​ ធ្វើ​ការ​ពិភាក្សា​គ្នា ​ដើម្បី​ស្វែង​រក​នូវ​យន្ត​ការ​ផ្សេងៗ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ ​ដូច​ជា​បញ្ហា​នៅ​ក្នុង​តំបន់​។

​        ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី ​១៧​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​បញ្ជាក់​ថា៖​ ​ជា​មួយ​នឹង​ការ​រួម​ចំណែក​ប្រក​ប​ដោយ​ ថាមវន្ត ​របស់​រដ្ឋមន្ត្រី​ពី​អតីត ​និង​បច្ចុប្បន្ន​ ក៏​ដូច​ជា​រដ្ឋមន្ត្រី​ដែល​មាន​វត្ត​មាន​នៅ​ថ្ងៃ​នេះ ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​បាន​ជំរុញ​បុព្វហេតុនៃ​សន្តិភាព​ ស្ថិរភាព ​និង​វិបុល​ភាព​ក្នុង​តំបន់​ ដោយ​ផ្អែក​លើ​គោល​ការណ៍​នៃ​មជ្ឈភាព ​និង​ឯកភាព​អាស៊ាន​ ព្រ​ម​ទាំង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ផល​ប្រយោជន៍​រួម​។​ ដោយ​នេះ គឺ​ជា​ការ​រួម​ចំ​ណែក​ដ៏​ធំ​ក្រៃ​លែង​ក្នុង​ការ​កសាង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ដ៏​រឹង​មាំ​ និង​ធន់​។​

        កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​លើក​ទី​១៧ ​ឆ្នាំ​២០២៣​ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​មូល​បទ ​“សន្តិភាព ​វិបុលភាព ​និង​សន្តិសុខ” ​ដោយ​ផ្តោត​លើ​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​ជាតិ​ ការ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​ និ​ង​ការ​លើក​កម្ពស់​សមត្ថភាព​ និង​ភាព​ធន់​ របស់​តំបន់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​។​ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​បាន​ធ្វើ​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ លើ​បញ្ហា​ក្នុង​តំបន់​ និង​អន្តរជាតិ​ដែល​ជា​ក្តី​បារម្ភ​ និង​ផល​ប្រយោជន៍​រួម​។​

        សូម​បញ្ជាក់​ថា៖​ កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​លើក​ទី​១៧​ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ប្រទេស​ទីម័រ​ខាង​កើត​ ដែល​បាន​ចូល​រួម​ប្រជុំ ​ក្នុង​នាម​ជា​អ្ន​ក​សង្កេត​ការណ៍ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ