តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អមដោយឧត្តមសេនីយ៍ឯកបំរុង ហ្វុង ស៊ីទីន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅដាក់កម្រងផ្កាគោរពវិញាណក្ខន្ធនៅស្តូបវីរៈជន និងបន្ទាប់មក បានបន្តទៅដាក់កម្រងផ្កា គោរពវិញាណក្ខន្ធ លោកប្រធាន ហូជីមិញ នៅក្នុងរដ្ឋធានីហាណូយ។
បន្ទាប់មកគណៈប្រតិភូក្រសួងការពារជាតិដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចូលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលបានប្រព្រឹត្តិទៅនៅក្រសួងការពារប្រទេសវៀតណាម ដោយបានធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព កងទ័ពប្រជាជនវៀតណាមផងដែរ។
ក្នងជំនួបនោះ នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង បានសម្តែងការស្វគមន៍ចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានដឹកនាំគណ៖ ប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា មកបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាងនាមថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការទទួល ស្វាគមន៍យ៉ាងកក់ក្តៅ របស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ចំពោះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម បានចាត់ទុកដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ បាននាំមកនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ព ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ ជំរាបជូនគ្នាទៅវិញទៅមក អំពីសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសនីមួយៗ ទាំងសភាពការណ៍ជាតិ អន្តរជាតិ ទាក់ទងទៅ នឹងសន្តិសុខក្នុងតំបន់ និងសាកលលោកដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរកម្ពុជា វៀតណាម បានវាយតំលៃខ្ពស់ចំពោះការអនុវត្ត ពិសារកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា វៀតណាម ក្នុងរយៈពេលកន្លងមក ដែលបាននាំមកនូវផលប្រយោជន៍ដល់កងទ័ពទាំងពីរ ព្រមទាំងបានជំរុញការបន្តកិច្ចសហប្រតិបត្តិការគ្នា អោយបានកាន់តែល្អប្រសើរឡើងថែមទៀត។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរកម្ពុជា វៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ បានឯកភាពក្នុងការបន្តផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក គ្រប់កំរិត និងការផ្លាស់ប្តូរវិស័យអប់រំ បណ្តុះបណ្តាលសិក្ខាកាម ដើម្បីលើកំពស់ធនធានមនុស្សកងទ័ព ព្រមទាំងពង្រឹកកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីរក្សាអោយបានល្អប្រសើរនូវ សន្តិសុខ សុវត្ថិភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ ប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅក្នុងភាពសុខសាន្ត ៕