ព័ត៌មាន

ឯកឧត្តម ​ប៊ុន ​ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​ជួប​សវនាការ​ជា​មួយ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជ​ន​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
854
3188 ឯកឧត្តម ​ប៊ុន ​ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​ជួប​សវនាការ​ជា​មួយ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជ​ន​ចិន​

       នៅ​ព្រឹក​ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍​ ប៊ុន​ ឡឺត ​រដ្ឋ​លេខា​ក្រសួង​ការពារ​ជាតិ ​តំណាង​នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​ទទួល​ជួប​ធ្វើ​សវនាការ​ជា​មួយ ​នាយ​ឧត្តម​សេនីយ៍​ លី ​ឈីវ​មីង​ (LI QIAOMING) មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ក្នុង​ឱកាស​ដែល​​ឯកឧត្តមដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទ​ស្សន​កិច្ច​ផ្លូវការ​ នៅ​កម្ពុជា​។​ 

        ក្នុង​ជំនួប​នោះ ​​ភាគី​ទាំង​ពីរ​បានបង្ហាញ​នូវ​មោទ​​ភាព​ ចំពោះ​ទំនាក់​ទំនង​ក្នុង​ប្រវត្តិសាស្រ្ត​ជាង​ ២.០០​០​ឆ្នាំ ​រវាង​កម្ពុជា​-​ចិន ​ក៏​ដូច​ជា​ការ​បង្កើត​ចំណង​ការ​ទូត​ផ្លូវ​ការ​ក្នុង​ឆ្នាំ​​១៩៥៨​​ ដែល​ជា​ស្នាម​ព្រះហស្ថ ​និង​ស្នាដៃ​ដ៏​ឧត្តុង្គ​ឧត្តម​ ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​បរមរតន​កោដ្ឋ ​និង​ថ្នាក់​ដឹក​នាំ​ចិន​គ្រប់​ជំនាន់ ​ដែល​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ ​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​នៃ​កម្ពុជា ​និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​។​ 

        នាយ​ឧត្តម​សេនីយ៍ ​ប៊ុន ​ឡឺត ​បាន​បញ្ជាក់​ថា៖​ រាជ​រដ្ឋាភិបាល​កម្ពុជា ​អាណត្តិ​ទី៧​ នៃ​រដ្ឋសភា ​ដែល​មាន​សម្តេច​មហា​បវរធិបតី​ ហ៊ុន ​ម៉ា​ណែត ​ជា​ប្រមុខ ​គឺ​កម្ពុជា​នៅ​តែ​បន្ត​ផ្តល់​សារៈសំខាន់​ខ្ពស់​ដល់​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង ​ជា​មួយ​មិត្ត​ចិន​ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី ​និង​ពហុភាគី ​ហើយ​គោល​នយោបាយ​មេត្រី​ភាព ​ចំពោះ​មិត្តចិន​ នឹង​មិន​ប្រែប្រួល​ឡើយ ​គឺ​នៅ​តែ​ដើរ​តាម​បន្ទាត់​នយោបាយ ​និង​គោល​គំនិត​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន​ គឺ​គោរព​នូវ​គោលន​យោបាយ​ចិន​តែ​មួយ​ បន្ត​ពង្រឹង​នូវ​សហប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ​បន្ត​កសាង​សហគមន៍​វាសនា​រួម​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ កម្រិត​ខ្ពស់ ​និង​ស្តង់​ដា​ខ្ពស់​ ហើយ​នឹង​បន្ត​អនុវត្ត​នូវ ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​។ ​

        ជា​ការ​ឆ្លើយ​តប ​នាយ​ឧត្តម​សេនីយ៍ ​លី ​ឈីវ​មីង​ (LI QIAOMING) ​​បាន​ចូល​រួម​អបអរសាទរ ​ជា​មួយ​រាជ រដ្ឋា​ភិបាល ​កង​ទ័ព​-​ប្រជាជន​កម្ពុជា​ ទាំង​មូល ​ក្នុង​ឱកាស​រំលឹក​ខួប​លើកទី​៧០ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ និង​អបអរសាទរ​ថ្ងៃ​ខួប​កំណើត​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ០៩​ វិច្ឆិកា​ ១៩៥៣​-​០៩​ វិច្ឆិកា​ ២០២៣​។​ ពាក់​ព័ន្ធ​ដល់​កិច្ច​សហប្រតិបត្តិការ​យោធា ​​ភាគី​ទាំង​ពីរ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន​ ដែល​សម្រេច​បាន​កន្លង​មក​នៅ​ក្នុង​ការ​អប់រំ ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​កម្រិត​ និង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ ជា​ដើម​ ព្រម​ទាំង​បាន​កត់​សម្គាល់​អំពី​សារៈ​សំខាន់​ចាំ​បាច់ ​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ ​បន្ត​សហការ​រួម​គ្នា​ បន្ត​អនុវត្ត​ផែន​ការ​ស្រប​តាម​ស្មារតី​ MOU​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ នៃ​ទំនាក់​ទំនង​រឹង​មាំ​ មិត្តភាព​ជា​ប្រពៃណី ​និង​ប្រកប​ដោយ​ទំនុក​ចិត្ត​ រវា​ង​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ក៏​ដូច​ជា​ការ​រួម​ចំណែក​ថែរក្សា​សន្តិភាព ​និង​សន្តិសុខនៅ​ក្នុង​តំបន់​ ​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​គាំទ្រ​ដល់​ដំណើការ​ទៅ​មុខ ​នៃ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រ​ប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ​ឱ្យ​កាន់​តែ​រឹង​មាំ​ និង​យូរ​អង្វែង​។​

      ​ គួរ​បញ្ជាក់​ថា៖​ ដំណើរ​ទស្សន​កិច្ច​របស់​ នាយ​ឧត្តម​សេនីយ៍​ លី ​ឈីវ​មីង​ (LI QIAOMING) មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន នា​ពេល​នេះ​ គឺជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ទី​១​ ក្នុង​ប្រវត្តិ​សាស្រ្ត​ទំនាក់​ទំនង​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពី​រ​កម្ពុជា​-​ចិន ​ដែល​ការ​នេះ​ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ ​និង​លើក​កម្ពស់​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់​តែសកម្ម ​ស៊ី​ជម្រៅ ​និង​រឹង​មាំ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ