បន្ទាប់ពីបានដំណើរការធ្វើការពិភាក្សាអស់រយៈពេលពេញ ១ថ្ងៃ សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមប្រធានបទ «សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ត្រូវបានប្រារព្ធពិធីបិទ នៅរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលអង្គសិក្ខាសាលានេះ បានប្រារព្ធធ្វើនៅសាលប្រជុំសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ បន្ទាប់ពីលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពខភម ជាមួយស្ថាប័ន អង្គភាពស៊ីវិល ឡើងអានរបាយការណ៍បូកសរុបអង្គសិក្ខាសាលារួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី តំណាងស្ថាប័ន អង្គភាពរបស់រដ្ឋ និងវិស័យឯកជន សប្បុរសជននានា និង ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីសិក្ខាសាលា ដ៏មានសារសំខាន់នេះ ជាពិសេស ចំពោះដៃគូសម្ព័ន្ធមេត្រីភាពដែលជានិច្ចកាល នៅតែបន្តយកចិត្តទុកដាក់ ចូលរួមសហការជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ បង្ហាញឱ្យឃើញពីស្មារតីសាមគ្គីជាតិរឹងមាំ ស្របតាមពាក្យស្លោក «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក ការងារចងសម្ព័ន្ធមេត្រីភាព ដែលបានប្រារព្ធធ្វើសិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ គឺពិតជាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាព ដែលបានដាក់ចេញ ក្នុងស្ថានភាព នៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ អង្គសិក្ខាសាលាសម្រេចបានថ្ងៃនេះ ពិតជានឹងត្រូវយកទៅអនុវត្តជាគំរូនៅទូទាំងប្រទេស បានចំគោលដៅ និងគោលបំណងដែលយើងចង់បាន ហើយឯកឧត្តម ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សង្ឃឹមថា៖ លទ្ធផលជាផ្លែផ្កាឆ្លើយតប ប្រកបដោយភាពស័ក្ដិសិទ្ធ ដើម្បីធានាដល់ចីរភាព នៃការអភិវឌ្ឍលើវិស័យការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញអោយយកចិត្តទុកដាក់ដល់ការងារសម្ព័ន្ធមេត្រីភាព ដោយផ្តោតលើការអនុវត្ត កម្មវិធី គម្រោងនិងសកម្មភាពទាំងឡាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៅក្នុងយន្តការរយៈពេលវែង ធ្វើឱ្យមានវឌ្ឍនភាពក្នុងទស្សនវិស័យបម្រើឱ្យសមត្ថភាព វិជ្ជាជីវៈដល់សហគមន៍ គ្រួសារកងទ័ព ជាពិសេស យោធិនត្រៀមចូលនិវត្តន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលនឹងអាចជួយរួមចំណែកផ្គត់ផ្គង់ជីវភាពគ្រួសារផង និងចូលរួមបង្កើនផលិតភាពក្នុងសង្គម ក៏ដូចជាការចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចជាតិផង ៕