ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុងវេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វេទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន។ អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាឱកាសនេះដែល មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងអាកាស, នាយឧត្តមសេនីយ៍ មាស សំអុល នាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ព្រមទាំងនាយទាហានជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។
ក្នុងជំនួបនោះ ឯកឧត្តម ហឺ វេទុង បានសម្តែងការស្វាគមន៍ ចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុងវេទិកាសៀនសាន លើកទី ១០ នៅទីក្រុងប៉េកាំង ហើយសង្ឃឹមថា តាមរយៈទស្សនកិច្ចនេះ កងទ័ពទាំងពីរ នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាអោយមានការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។
ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល កងទ័ព ក៏ដូចជាប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលមានការឆ្លងជំងឺរាតត្បាតកូវីដ ១៩ ប្រទេសចិនបានផ្ដល់នូវឧបករណ៍សម្ភារៈបរិក្ខារពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ ១៩ ហើយក្នុងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ សំរាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា៖ ទំនាក់ទំនង មិត្តភាព កម្ពុជា-ចិន គឺជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង។ បច្ចុប្បន្ននេះកម្ពុជាបានកំពុងធ្វើការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និង សមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះ ក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ។
ឯកឧត្តម ហឺ វេទុង បានបញ្ជាក់ថា៖ ទំនាក់ទំនងមិត្តភាព ចិន និងកម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ ដោយមេដឹកនាំជំនាន់មុន។ មិត្តភាព ចិន កម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសយើងទាំងពីរ គឺជាទំនាក់ទំនងសំខាន់ដែលកងទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តឱ្យបានល្អ និងជំរុញសហប្រតិបត្តិការកងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់ ៕