ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ចូល​រួម​ក្នុង​ វេទិកា​ សៀង​សាន​ លើក​ទី​១០​ នៅ​ទីក្រុង​ប៉េកាំង​
នាយកដ្ឋានព័ត៌មាន(៣)
1004
3185

        ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវកា​រ និង​ជា​មិត្តភាព​ នៅ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ នៅ​ថ្ងៃទី​៣០ ​ខែ​តុលា ​ឆ្នាំ​២០២៣​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ និ​ង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដោយ​ នាយ​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោ​បាយ ​និង ​កិច្ចការ​បរទេស​ក្រសួង​ការពារ​ជាតិ ​ព្រម​ទាំង​នាយ​ទាហាន​មួយ​ចំនួន​ទៀត​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ចូល​រួម​ក្នុង​វេទិកា ​សៀង​សាន​ លើក​ទី​១០​ ដែ​ល​បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ ទីក្រុង​ប៉េកាំង​។ វេទិកា ​សៀង​សាន​ លើក​ទី​១០​ ឆ្នាំ​២០២៣​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ប្រមុខ​ថ្នាក់​​ដឹក​នាំ​ការពារ​ជាតិ ​និង​កង​ទ័ព​ មក​ពី​បណ្តា​ប្រទេស​នៅ​អឺរុប ​អាហ្វ្រិក​ អាស៊ី ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ចូល​រួម​ជាង​ ៦០​ ប្រទេស​។ ​

        ថ្លែង​ទៅ​កាន់ ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ១​ ក្នុង​វេទិកា ​សៀង​សាន​ លើក​ទី​១០​ ស្តី​ពី​ទំនួល​ខុស​ត្រូវ ​របស់​ប្រទេស​ធំៗ ​និង​កិច្ច​សហប្រតិបត្តិការ​សាកល ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​សម្តែង​នូវ​​សេចក្តី​​សោមនស្ស​រីក​រាយ​ ដែល​បាន​ចូល​រួម​ក្នុង​វេទិកា ​សៀង​សាន​ ទី​ក្រុង​ប៉េកាំង​​លើក​​​ទី​ ​​១០​ ដែល​​​ជា​វេទិកា​ដ៏​សំខាន់​ សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​យើង​ ក្នុង​ការ​លើក​កម្ពស់​ និង​ថែ​រក្សា​សន្តិភាព ​សន្តិសុខ ​និង​កិច្ច​សហប្រតិបត្តិការ​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ​ទិដ្ឋភាព​សកល​លោក​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូ​រ​យ៉ាង​រហ័ស​ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា ​ទាំង​ការ​ប្រែប្រួល​ភូមិ​សាស្ត្រ​នយោ​បាយ ​និង​ការ​កើត​ឡើង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ​ដែល​ចេះ​តែ​រីក​ធំ​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ចំណោម​មហា​អំណាច​នានា ​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ទិដ្ឋភាព​យុទ្ធសាស្ត្រ​ក្នុ​ង​តំបន់ ​និង​ពិភព​លោ​ក ដោយ​ស្ថាន​ភាព​នេះ​ បាន​ដាក់​សម្ពាធ​លើ​សន្តិភាព ​សន្តិសុខ ​និង​វិបុល​ភាព​។​ ឯកឧត្តម​ ទៀ សីហា បាន​បញ្ជាក់​ទៀតថា​៖​ តាម​បទ​ពិសោធន៍​របស់​កម្ពុជា ​យើង​ជឿជាក់​យ៉ា​ង​មុត​មាំថា​​៖ ការ​សន្ទនា ​និង​ការ​ទូត​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ។​ ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ជម្លោះ ​គួរ​តែ​ធ្វើ​ការ​ទំនាក់​​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ ប្រកប​ដោយ​ការ​ស្ថាបនា ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា ​ជំរុញ​ការ​យោគ​យល់​គ្នា​ និង​គោរព​ផល​ប្រយោជន៍ ​និង​សន្តិសុខ​របស់​គ្នា​ទៅ​វិញទៅ​មក​ ក្នុង​ពេល​ដែល​នៅ​បន្ត​រក្សា​សន្តិសុខ​ និង​ផល​ប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន​។​ សន្តិភាព​នៅ​តែជា​មូល​ដ្ឋាន​គ្រឹះ​ នៃ​សេចក្តី​ប្រាថ្នា​រួម​របស់​យើង​។​ មាន​តែ​តាម​រយៈ​ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​សន្តិវិធី ​និង​ការ​សន្ទនា​ប៉ុណ្ណោះ ​ទើប​យើង​អាច​សម្រេច​បាន​នូវ​ស្ថិរ​ភាព​ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​វឌ្ឍន​ភាព​ និង​ការ​អភិវឌ្ឍ​។​ ក្នុង​នាម​ ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ឯកឧត្តម​ ទៀ សីហា បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ការ​ស្ថាបនា ​ជា​មួយ​ប្រជាជាតិ​ទាំង​អស់​ តាម​រយៈ​ក្រប​ខណ្ឌ​ទ្វេភាគី​ តំបន់ ​និងអន្តរជា​តិ ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព​ សន្តិសុខ ​ស្ថិរភាព​ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​វិបុល​ភាព​ពិភព​លោក​។​

       កម្ពុជា​នឹង​បន្ត​ដើរ​តាម​ផ្លូវ​ នៃ​គោល​នយោបាយ​ការ​បរទេស​ឯក​រាជ្យ​ និង​អព្យា​ក្រឹត​ផ្អែក​លើ​ច្បាប់ ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ទាំង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ធម្មនុញ្ញ​អាស៊ាន​។​ គោល​ដៅ​របស់​យើង​ គឺ​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ​ ពង្រឹង​មិត្ត​ភាព​ ដែល​មាន​ស្រាប់ ​និង​ជំរុញ​ទំនាក់​ទំនង​មិត្ត​ភាព​ថ្មី​។​ កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​គំរាម​កំហែ​ង ឬ​ការ​ប្រើប្រាស់​កម្លាំង​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ​ ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​ ដោយ​សារ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​បំណង​ក្លាយ​ជា​ប្រទេស​គ្មា​ន​មីន​នៅ​ឆ្នាំ​២០២៥​ យើង​អំពាវ​នាវ​ឱ្យ​មាន​ការ​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេក​ទេស។​ យើងក៏​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ ពី​សហគមន៍​អន្តរ​ជាតិ​ ជា​ពិសេស​ប្រទេស​មហា​អំណាច ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មីន​ និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ ​ដែល​ជា​សសរ​ស្តម្ភ​លាក់​មុខ​ គំរាម​កំហែង​ដល់​សន្តិសុខ​មនុស្ស ​សូម្បីតែ​បន្ទាប់​ពី​ការ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ក៏​ដោយ​។​ ជាង​នេះ​ទៅ​ទៀត ​ក្នុង​នាម​ជា​ប្រទេស​ដែល​ចូល​រួម​ចំណែក​បរិច្ចាគ​កង​ទ័ព​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព ​ដែល​ជា​សក្ខីភាព​នៃ​ការយក​ចិត្ត​ទុក​ដាក់​របស់​យើង​ចំពោះ​សន្តិភាព​ សន្តិសុខ ​និង​ស្ថិរភា​ពអន្តរ​ជា​តិ ដែល​ជា​កត្តា​សំខាន់​ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ