កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ចំនួន៥៣នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅប្រទេសម៉ាលី។ ពិធីនេះមានការទទួលស្វាគមន៍ពីសំណាក់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានឱ្យដឹងថា បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសម៉ាលី ហៅកាត់ មី នូស្មា (MINUSMA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមសេចក្តីសម្រេចលេខ ២១០០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីគាំទ្រដំណើរការនយោបាយ និងអនុវត្តរាល់ភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខ នៅក្នុងប្រទេសម៉ាលី បេសកកម្មនេះត្រូវបានបង្កើតឡើងតាមការស្នើសុំផ្ដល់ការគាំទ្រដល់អាជ្ញាធរបណ្តោះអាសន្ន ដើម្បីស្ថិរភាពក្នុងប្រទេស និងការអនុវត្តផែនទីតម្រង់ទិសអន្តរកាលបេសកកម្ម MINUSMA មានការចូលរួមពីប្រទេសបរិច្ចាគកងកម្លាំងទាំងយោធា នគរបាល និងស៊ីវិលសរុបចំនួន ១៥,៧៧៩ នាក់ មកពី ៥៦ ប្រទេស។ ឯកឧត្តម បានបន្តថា ដោយផ្អែកលើស្នាដៃដែលកម្ពុជា ទទួលបាននៅក្នុងតំបន់ អង្គការសហប្រជាជាតិ បានផ្តល់ទំនុកចិត្តស្នើសុំឱ្យកម្ពុជាបញ្ជូនមួយកងអនុសេនាធំវិស្វកម្ម ព្រលានយន្តហោះ និងមួយកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ ដើម្បីចូលរួមគាំទ្រដល់ដំណើរការសន្តិភាព ក្នុងប្រទេសម៉ាលី បេសកកម្មកន្លងមកកងយោធពលខេមរភូមិន្ទ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតលើផ្នែករក្សាសន្តិភាព អង្គការសហប្រជាជាតិ តាមរយៈការបោះជំហានចូលទៅក្នុងទឹកដីប្រទេសម៉ាលី កាលពីខែកុម្ភៈ ឆ្នាំ២០១៤ បានបោះទីតាំងឈរជើងនៅចំនួន០៣តំបន់ធំៗ គឺ គីដាល់ (KIDAL), តេសាលីត (TESSALIT) និង ហ្គាវ (GAO) ក្នុងបេសកកម្មនេះ គិតតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងសរុបចំនួន ២,៧២៥នាក់ ក្នុងនោះមាននារីចំនួន ១៩៣ នាក់។ ឯកឧត្តម បានបន្ថែមថា រយៈពេល ០៩ឆ្នាំមកនេះ កងវិស្វកម្មព្រលានយន្តហោះ បានបោះទីតាំងឈរជើងនៅក្នុងតំបន់ KIDAL និង TESSALIT បានជួបស្ថានការណ៍អសន្តិសុខ បង្កឡើងដោយតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ ដូចជាការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ ការបំពាក់គ្រាប់បែកអត្តឃាតលើរថយន្ត និងមនុស្ស ព្រមជាមួយអសន្តិសុខ បង្កឡើងដោយគ្រោះធម្មជាតិនានា ដូចជាព្យុះខ្សាច់សាហារ៉ា និងជំងឺឆ្លងផ្សេងៗ។
បើតាមអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា លោកអ្នកបានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិ នៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ចក្រោមទង់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះយុទ្ធជន យុទ្ធនារី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុរួម ដើម្បីសម្រេចបាននូវសន្តិភាពនៅលើពិភពលោក និងសូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើត។ ជាមួយគ្នានេះដែរ លោក ចូសិហ្វ ស៊ូអើ កោតសសើរសមាជិកនៃកងវិស្វកម្មលេខ ៧២៩ ដែលបានចូលរួមនៅក្នុងប្រពៃណីទំនៀមទំលាប់កម្ពុជា ដែលមានភាពក្លាហាន និងមានមោទនភាពក្នុងបុព្វហេតុរក្សាសន្តិភាព អង្គការសហប្រជាជាតិ ជាមួយយោធិនកម្ពុជា ដែលបានបំពេញភារកិច្ចនៅតាមបណ្ដាប្រទេសជាច្រើន។ ការដាក់ពង្រាយស្ត្រី និងបុរសដែលមានភាពក្លាហានលះបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គាំទ្រសន្តិភាព និងសន្តិសុខជាសកល គឺជាព្រឹត្តិការណ៍ដែលបង្ហាញនូវភាពម៉ឺងម៉ាត់ និងទន់ភ្លន់ជាដរាប។ ដំណើរមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពនៃយុទ្ធជន និងយុទ្ធនារីទាំងអស់ក៏ទទួលបាននូវការអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូរហូតបិទបញ្ចប់សង្គ្រាមស៊ីវិល ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាព នៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព។ គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០មានជាអាទិ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ៕