នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម អាណាតូលី បូរ៉ូ វីក (Anatoly Borovik) ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងជំនួបនោះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនសហព័ន្ធរុស្ស៊ី ដែលរហូតមកតែងតែបានផ្ដល់ការគាំទ្រ ក្នុងការផ្ដល់ជំនួយទាំងផ្នែកស្មារតី សម្ភារៈ ដល់ប្រទេសកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ លើការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងជួរកងទ័ពដល់កម្ពុជា។
តាមរយៈជំនួបនោះ ឯកឧត្តម អាណាតូលី បូរ៉ូ វីក (Anatoly Borovik) បានបញ្ជាក់ជាថ្មី ចំពោះការប្ដេជ្ញាចិត្តរបស់សហព័ន្ធរុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាបន្ថែមទៀត ហើយក៏ឆ្លៀតយកឱកាសនេះចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ នៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោតនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងនៅអំណរគុណ ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ចំពោះសាររំលែកទុក្ខ នឹងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងចាត់នៅរាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាព ដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា-រុស្ស៊ី ដោយឈរលើមូលដ្ឋាន នៃគោលការណ៍គោរពអធិបតេយ្យគ្នាទៅវិញទៅមក នឹងផលប្រយោជន៍រួម។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ដែលរួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ វប្បធម៌ និងក្នុងចំណោមវិស័យជាច្រើនទៀត។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមរបស់យើងទាំងអស់គ្នាផងដែរ ៕