នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទទួលជួបធ្វើសវនាការ ពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលរួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងវិស័យការពារជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា ប្រទេសយើងទាំងពីរកម្ពុជា-ឥណ្ឌា និងពង្រីកវិសាលភាព ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ពិសេសលើការងារ នៃការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ-ការងារសន្តិសុខ អ៊ីនធឺណេត និងវិស័យផ្សេងៗជាច្រើនទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ ប្រជាជន និងកងទ័ពប្រទេសទាំងពីរ ក្នុងពេលដែលបច្ចុប្បន្ន មានកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងនៃមាគ៌ាអភិវឌ្ឍន៍ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ។
ជាការឆ្លើយតបលោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងនាមរដ្ឋាភិបាល កងទ័ព ហ្នឹងប្រជាជនឥណ្ឌា បានចូលរួមអបអរសាទរក្នុងឱកាស ដែលរមណីយដ្ឋាន នៃប្រាងប្រាសាទកោះកេរខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ។ ទន្ទឹមនិងនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ ជាពិសេសទៅលើវិស័យវប្បធម៌ និងវិទ្យាសាស្រ្ត ហើយបច្ចុប្បន្នកំពុងតែមានការរីកចម្រើនលូតលាស់គ្រប់វិស័យគួរឲ្យកត់សម្គាល់។ ដោយឡែកលើវិស័យការពារជាតិវិញនោះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ជាក់ស្ដែងដូចជាការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងកងទ័ពជើងគោកប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា, ការងារជួយបណ្ដុះបណ្ដាលជំនាញដល់កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ចូលរួមជាលក្ខណៈមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ និងនៅលើសកលលោក។ លោកជំទាវ បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការពារជាតិ ប្រទេសទាំងពីរ និងកាន់តែមានសន្ទុះទ្វេឡើង។ ហើយការផ្សារភ្ជាប់ទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា និងកាន់តែរឹងមាំបន្ទាប់ពីព្រះរាជដំណើរយាងទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា នារយៈពេលកន្លងមក។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាក៏បាន គោរពអញ្ជើញឯកឧត្តម ទៀ សីហា ទៅធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាលថែមទៀត ៕