ព័ត៌មាន

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​​ចុះ​សាក​សួរ​សុខ​ទុក្ខ ​ជួប​សំណេះ​សំណាល​ ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន នៅ​ទិស​យោធ​ភូមិ​ភាគ​ទី៥
នាយកដ្ឋានព័ត៌មាន(៣)
394
3159 ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​​ចុះ​សាក​សួរ​សុខ​ទុក្ខ ​ជួប​សំណេះ​សំណាល​ ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន នៅ​ទិស​យោធ​ភូមិ​ភាគ​ទី៥

         បន្ទាប់​ពី​បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​ ជួប​សំណេះ​សំណាល ​ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៤​ រួច​មក​ នៅ​ថ្ងៃទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បន្ត​ដំណើរ ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ ជួប​សំណេះ​សំណាល ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ដែល​កំពុង​ឈរ​ជើង​ បំពេញ​ភារកិច្ច​​ឈរ​ជើង​ការពារ ​សន្តិសុខ​សុវត្ថិភាព​ ជូន​ប្រជា​ពលរដ្ឋ​ និង​ការពារ​បូរណ​ភាព​ទឹក​ដី​ ​នៅ​ទិ​ស​យោធ​ភូមិ​ភាគ​ទី៥​ ​បន្ត​ទៀត ​ដែល​ពិធី​ជួប​សំណេះ​សំណាល​នេះ​ បាន​ប្រារព្ធ​ធ្វើ​នៅ​ការ​ដ្ឋាន​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា ​សង្កាត់​អូរ​តា​វ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។

         ឧត្តម​សេនីយ៍​ឯក ​ឯក សំអូន មេ​បញ្ជាការ​រង ​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​​៥ ​បាន​មាន​មតិ​ស្វាគមន៍ ​និង​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីក​រាយ​ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​ដំណើរ​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​​របស់ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ជា​មួយ​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន ​យោធ​ភូមិ​ភាគ​ទី៥ ​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​ព្រំ​ដែន​ កម្ពុជា​-​ថៃ នៅ​ភាគ​ពាយ័ព្យ​ នៃ​ប្រទេស​កម្ពុជា ​ខេត្ត​ប៉ៃលិន​ ​នា​ពេល​នេះ​។​ ក្នុង​នាម​មេ​បញ្ជាការ​ មេ​បញ្ជាការ​រ​ង យោធ​ភូមិ​ភាគ​ទី​៥​​ ជំនួស​មុខ​ឱ្យ​អាជ្ញាធរ​ដែន​​ដី​ ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ទូទាំង​យោធ​ភូមិ​ភាគ​ទី៥​ ឧត្តម​សេនីយ៍​ឯ​ក ឯក សំអូន បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្លៀវក្លា ​ចំពោះ​ឯកឧត្តម​ ទៀ សីហា ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ ប្រោសព្រះ​រាជ​ទាន​ ឋានន្តរសក្ដិ ​នាយ​ឧត្ដម​សេនីយ៍ ​និង​តែង​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ ក្នុង​រាជ​រដ្ឋាភិបាល​ថ្មី​ និតិកាល​ទី​ ៧​ នៃ​រដ្ឋសភា​។ ឧត្តម​សេនីយ៍ឯ​ក ​ឯក សំអូន បាន​បញ្ជាក់​ថា៖ ​យោធ​ភូមិ​ភាគ​ទី៥​​ សូម​គាំទ្រ​ និង​ការ​ពារ​ដាច់​ខាត​ រា​ជ​រដ្ឋាភិបាល​ នីតិកាល​ទី​៧​ ស្មោះ​ត្រង់​ និង​ការពារ​ជាតិ​ សាសនា ​ព្រះ​មហាក្សត្រ ​ការពារ​បូរណភាព​ទឹ​ក​ដី​ ការ​ពារ​សន្តិភាព ​សន្តិសុខ​ស្ថិរភាព​នយោបាយ ​និង​តម្កល់​ផល​ប្រយោធន៍​ជាតិ​ជា​ធំ ​និង​ប្តេជ្ញា​វាយ​កម្ទេច​រាល់​ឧបាយកល ​និ​ង​​អំពើ​ក្បត់​ទាំង​ឡាយ​ ដែល​មាន​ចេតនា​ធ្វើ​ចលាចល​បំផ្លិច​បំផ្លាញ​សន្តិភាព​ និង​ភាព​សុខ​ក្សេម​ក្សាន្ត​របស់​ប្រជាជន​ និង​ចូល​រួម​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ នូវ​រាល់​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្រសួង​ការពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ ​និង​មេ​បញ្ហាការ​កង​ទ័ព​ជើង​គោក​ បាន​ដាក់​ចុះ​។ ​ឯកឧត្តម ​មេបញ្ជាការ​ យោធ​ភូមិ​ភា​គទី​ ​៥ ​បាន​បញ្ជាក់​ថា៖​ យោធ​ភូមិ​ភាគ​ទី​៥​ មា​ន​ខ្សែ​បន្ទាត់​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​ថៃ​ ប្រវែង ​៣៦៧​គីឡូ​ម៉ែត្រ​ ចាប់​ពី​ព្រំ​ប្រទ​ល់​ខេត្ត​ឧត្តរមា​ន​ជ័យ​ ដល់​ព្រំ​ប្រទល់​ខេត្ត​កោះ​កុង​, គ្រប​ដណ្តប់​លើ​ភូមិ​សាស្ត្រ​ ៤​ខេត្ត​គឺ ខេត្ត​បាត់​ដំបង, ​បន្ទាយ​មាន​ជ័យ, ​ខេត្ត​ប៉ៃលិន​ និង​ខេត្ត​ពោធិសាត់​។​ ឯកឧត្តម ​បន្ត​ថា​៖ យោធ​ភូមិ​ភាគ​ទី​៥​ មាន​យន្ត​ការ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិ​ភាគ​កម្ពុជា-ថៃ ​និង​បាន​សហការ​ពង្រឹង​សម្ព័ន្ថ​ភាព​ជា​មួយ​គ្នា,​ មាន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​ម​ក និង​បាន​ជួប​ពិភាក្សាគ្នា​ ដោះ​ស្រាយបញ្ហា​ប្រឈម​នានា ​ដោយ​សន្តិវិធី​នៅ​គ្រប់​កម្រិត​ បង្ក​លក្ខណៈ​ជូន​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ ចេញ​ចូល​ ប្រកប​របរ​រកស៊ី​ប្រចាំថ្ងៃ​ដោយ ​សុខ​​សន្តិភាព​ និង​មាន​ការ​សហការ​ល្បាត​ត្រួត​ពិនិត្យ​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ប្រចាំ​។ ទាក់​ទង​ទៅ​នឹង​សភាព​ការ​សន្តិសុខ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​ ​៥​ ឧត្តម​សេនីយ៍​ឯក ​ឯក សំអូន បាន​បញ្ជាក់​ថា៖ ​យោធ​ភូមិ​ភាគ​ទី​៥​ បាន​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ និង​សមត្ថកិច្ច ​គ្រប់​ជំនាញ​អនុវត្ត​គោល​នយោ​បាយ​ភូមិ ​ឃុំ​មាន​សុវត្ថិភាព​ ទប់​ស្កាត់ ​និង​បង្ក្រាប​រាល់​បទ​ល្មើស​នានា​ បាន​ជា​ច្រើន​ករណី​។ ទន្ទឹម​នេះ ​បាន​ខិត​ខំកសាង ​និង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​ កសាង​ពង្រឹង​កម្លាំង ​ហ្វឹក​ហ្វឺន​បំប៉ន ​សមត្ថ​ភាព​ជំនាញ ​បំពាក់​បំប៉ន​ឆន្ទៈ ​និង​ការ​គោរព​វិន័យ, ​រៀបចំ​កម្លាំង​អន្តរាគមន៍​នៅ​គ្រប់​បណ្តា​អង្គភាព​ សម្រាប់​ឆ្លើយ​តប​ទៅ​និង​បទ​បញ្ជា​របស់​ថ្នាក់​លើ​គ្រប់​ថ្នាក់​ និង​ជា​កម្លាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ផ្សេងៗ ​ដូច​ជា​គ្រោះ​ទឹក​ជំនន់,​ គ្រោះ​រាំង​ស្ងួត​ ខ្យល់​ព្យុះ ​ខ្យល់​កន្ទ្រាក់​ និង​អគ្គីភ័យ​ជា​ដើម​។​ ក្រៅ​ពី​នេះ​ ​យោធភូមិ​ភាគ ​បាន​កសាង​សំណង់​ផ្សេងៗ​នៅ​តាម​បណ្តា​អង្គភាព ដែល​ជា​អំណោយ​របស់​ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​ និ​ង​ថ្នាក់​ដឹ​កនាំ​ សប្បុរស​ជន​នានា ​ភាគី​មិត្ត​ ធានា​បាន​នូវ​កន្លែង​រស់​នៅ ​ធ្វើ​ការងារ​បាន​សម​រម្យ ​ធានា​បាន​ឃ្លាំង​ទុក​ដាក់​សម្ភារៈ​បច្ចេកទេស​បាន​ត្រឹ​ម​ត្រូវ​ តាម​លក្ខណៈ​បច្ចេក​ទេស​។ ទាក់​ទង​ទៅ​នឹង​ការងារ​ប្រវត្តិសាស្ត្រ​យោធា ​ឯកឧត្តម​ ឯក សំអូន បា​ន​បញ្ជាក់​អោយ​ដឹង​ថា៖​ យោធ​ភូមិ​ភាគទី​ ​៥ ​បាន​ចូល​រួម​រៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​បាន​ចំនួន ​៣០​ទីតាំង ​ដើម្បី​រក្សា​មរតក​ នៃ​នយោបាយ​ឈ្នះ ឈ្នះ​ លើក​កម្ព​ស់​គុណតម្លៃ​របស់​ សម្តេច​តេជោ ​ដែល​ជា​ស្ថាបនិក​ មគ្គុទេសក៍​ឯក​ នៃ​នយោបាយ​ឈ្នះ ឈ្នះ,​ សម្តេច​ពិជ័យ​សេនា​ ដែល​ជា​ស្ថាបនិក​ ប្រវត្តិសាស្ត្រ​យោធា ​និង​ប្រតិបត្តិករ​នយោ​បាយ​ឈ្នះ ឈ្នះ​ ដែល​នាំ​មក​នូវ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​។

        នៅ​ក្នុង​ឱកា​ស​នោះ​ដែល​ ឧត្តម​សេនីយ៍​ឯក​ សឿន រឿត នាយក ​នាយកដ្ឋាន​វិស្វកម្ម​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​ប៉ៃលិន ​បាន​ឡើង​រាយ​ការណ៍​អំពី​វឌ្ឍនភាព​ នៃ​ដំណើរ​ការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​ប៉ៃលិន​ ដោយ​បាន​បញ្ជាក់​ថា៖ ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អតីត​ឧបនាយ​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ ឈ្នះ ឈ្នះ​ និង​ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ អ៊ី ឈាន ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និង​ជា​ប្រធាន ​អនុ​គណៈកម្មការ​សាង​សង់​ ស្តូប​ឈ្នះ ឈ្នះ​ ប៉ៃលិន​ ក្រុម​ការ​ងារ​បច្ចេក​ទេស​បាន​ដំណើរ​ការ​រហូត​មក​ដល់​បច្ចុប្បន្ន ​សម្រេច​លទ្ធផល ​រហូត​មក​ដល់​ថ្ងៃ​នេះ ​ការ​ងារ​សាង​សង់​គ្រោង​បង្គុំ​បេតុង​តួ​ស្តូប ​ទំហំ ​៥៩ម ​គុណ​៥៩ម ​សម្រេច​បាន​៧០%​។​ ដើម្បី​សម្រេច​ការ​ងារ​តាម​ផែន​ការ​គ្រោង​ទុក ​អនុ​គណៈកម្មការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​បាន​បន្ត​ជម្រុញ​អនុវត្ត​ការ​ងារ​ បន្ត​ទៀត​រួម​មាន​៖ បន្តការ​ងារ​ចង​ដែក​ធ្នឹម​ និង​ដក​សសរ ​ឡើង​ជាន់​ ប្រាំ​ទិស​, បន្ត​ការ​ងារ​ បាំង​ពុម្ព​ធ្នឹម​ ដើម្បី​ចាក់​បេតុង ​និង​បន្ត​ការងារ​ក្រាល​បាត​ផ្ទឹម​ ជាន់​ប្រាំ​ទិស​។​ ក្នុង​នាម​ក្រុម​ការងារ​បច្ចេក​ទេស​ នៃ​អនុគណៈកម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ ប៉ៃលិន ​ឧត្តម​សេនីយ៍​ឯ​ក សឿន រឿត បាន​ថ្លែង​អំណរ​គុណ​ចំពោះ ​សម្តេច​ពិជ័យ​សេនា ​អតីត ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​ដែល​ជា​និច្ចកាល​តែង​តែ​ជួយ​គាំទ្រ​ និង​ផ្តល់​អនុសាសន៍​ណែនាំ​ជាប់​ជា​ប្រចាំ​ក្នុង​កិច្ច​ដំណើរ​ការ​កសាង​ស្តូប​ឈ្នះ ឈ្នះ ​នា​ពេល​កន្លង​មក​។​

         មាន​ប្រសាសន៍​ជួប​សំណេះ​សំណាល​ជា​មួយ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​យោធ​ភូមិ​ភាគ​ទី​ ​៥ ​នៅ​ខេត្ត​ប៉ៃលិន​ នា​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាក​សួរសុ​ខទុក្ខ​ពី​សំណាក់ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​លោក​ជំទាវ​បណ្ឌិត​ និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ ជូន​ចំពោះ​បង​ប្អូន​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរភាព​ទឹក​ដី​ នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៥​។

        ឯកឧត្តម​ ទៀ សីហា ក៏​បាន​ផ្តាំ​ផ្ញើ​ការ​សាក​សួរ​សុខ​ទុក្ខ​ប្រកប​ដោយ​សេចក្តី​ស្រលាញ់​រាប់​អាន​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​បង​ប្អូន​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ទាំង​អស់​ ដែល​បាន​លះ​បង់​នូវ​កម្លាំង​កាយ ​ចិត្ត ប្រាជ្ញា​ ស្មារតី ​ពេល​វេលា​ និង​សេចក្តី​សុខ​ផ្ទាល់​ខ្លួន ​ដើម្បី​បម្រើ​ជាតិ​ មាតុភូមិ ​នា​ពេល​កន្លង​មក​ ព្រម​ទាំង​បាន​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ ​និង​ជូន​ពរ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ទាំង​អស់​ ដែល​មាន​ជំងឺ​ប្រចាំ​កាយ​កំពុង​សម្រាក​ ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ និង​គេ​ហដ្ឋាន​ សូម​អោយ​បាន​ឆាប់​ជា​សះ​ស្បើយ ​បាន​វិល​មក​បំពេញ​ការងារ​នៅ​អង្គភាព​ និង​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​។​ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន​ និង​កង​ទ័ព​ជើង​គោក​ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​ការ​ ​កោត​សរសើរ​នូវ​វីរភាព​អង់​អាច​ក្លាហាន​ របស់​បង​ប្អូន​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន ​យើង​ទាំង​អស់​ ដែល​សម្រេច​បាន​ស្នាដៃ ​និង​សមិទ្ធផល​ការងារ​សំខាន់ៗ​ជា​ប្រវត្តិសាស្រ្ត​ជូន​ជាតិ ​មាតុភូមិ​នៃ​យើង ​តាម​ការ​ប្រគល់​ភារកិច្ច​របស់​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​កន្លង​មក​។

         ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បញ្ជាក់​ថា៖ ​ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​នេះ ​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​នយោ​បាយ ​និង​យុទ្ធសាស្ត្រ ​បញ្ច​កោណ​-​ដំណាក់​កាល​ទី​១​ ហើយ​ដើម្បី​សម្រេច​បាន​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់​កាលទី​១​ របស់​រាជ​រដ្ឋាភិបាល​ ដែល​បាន​ដាក់​ចេញ​នេះ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ ដល់​នាយ​ទាហាន ​នាយ​ទាហានរ​ង ​និង​ពល​ទាហាន ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​ ​៥​ ត្រូវ​បន្ត​ចូល​រួម​គោរព​អនុវត្ត​គោល​នយោបាយ, ​វិធាន​ការ​ជា​យុទ្ធសាស្ត្រ​របស់​​រាជ​រដ្ឋាភិបាល ​ដែល​បាន​ដាក់​ចេញ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ​តាម​អនុសាសន៍ដ៏​ខ្ព​ង់​ខ្ពស់​របស់ ​សម្ដេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​ ក្នុង​គោល​ដៅ​ពង្រឹង​ខឿន ​ការ​ពារ​របស់​ប្រជា​ជន​ ដើម្បី​ធានា​ដល់​ការ​ការ​ពារ​សន្តិភាព ​ឯករាជ្យ ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ នៅ​គ្រប់​កាលៈ​ទេសៈ​។​ ត្រូវ​លើក​កម្ពស់​ស្មារតី ​ពង្រឹង​ធ្លុង​សាមគ្គី​ជាតិ ​ពុះពារ​ជម្នះ​នូវ​ផល​វិបាក​ទាំង​ឡាយ ដើ​ម្បី​សម្រេច​គោល ​ភារ​កិច្ច​បម្រើ​ប្រទេស​ជាតិ​ មាតុ​ភូមិ ​និង​ប្រជាពល​រដ្ឋ​ប្រកប​ដោយ​ជោគ​ជ័យ​។​ រក្សា​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ ​សមិទ្ធផល​សង្គម​ជាតិ ​ប្រឆាំង​ដាច់​ខាត​រាល់​អំពើ ប​ង្ក​អស្ថិរភាព​នយោ​បាយ ​និង​សណ្ដាប់​ធ្នាប់​សង្គម​, បង្ការដាច់​ខាត​រាល់អំពើ​ភេរវកម្ម​ ​ដែល​ជា​​កា​រ​​គំរាម​​កំ​ហែង​​ដ​ល់​​សន្តិសុខជា​តិ ​និង​ត្រូវសហការជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិច្ច ​រដ្ឋបាល​ខេត្ត ​ដោះ​ស្រាយ​រាល់​ហេតុ​ការណ៍​នៅ​មូល​ដ្ឋាន​ទាន់​ពេល​វេលា​ឱ្យ​មាន​ប្រសិទ្ធភាព​។​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណភាព​ការ​ងារ​អប់រំ​ចិត្តសាស្ត្រ​ជំនាញ​វិជ្ជាជីវៈ ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ ​បទ​វិន័យ​កង​ទ័ព​ និង​បទ​ដ្ឋាន​គតិ​យុត្តិ​ផ្សេងៗ​​ ដែល​​ពាក់​​ព័ន្ធ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ចំពោះ​កង​ទ័ព​ ដល់​យោធិន​គ្រប់​រូប ​ដើម្បី​ធានា​បាន​នូវភាព​ស្មោះ​ត្រង់​ជានិច្ច​ចំពោះ​ជាតិ​ សាសនា ​ព្រះមហា​ក្សត្រ​ ធានា​នូវ​ការគោរព​រដ្ឋធម្មនុញ្ញ ​ច្បាប់​របស់​រដ្ឋ​គោរព​វិន័យ​បទ​បញ្ជា​របស់​កង​ទ័ព​ រក្សា​បាន​អត្តចរិត​សីលធម៌ ​ថ្លៃថ្នូរ​ ស្អាត​ស្អំ មាន​ឆន្ទៈ​ស្នេហា​ជាតិ​មាតុភូមិ និ​ង​ប្រជាជន ​ព្រម​ទាំង​អនុវត្ត​ដោយ​ម៉ឺង​ម៉ាត់​តាម​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​។​ បន្ត​ថែ​រក្សា​ពង្រឹង​ការងា​រ​សម្ព័ន្ធ​មេត្រី​ភាព​នូវ​កិច្ច​សហការ ​ដែល​មាន​លក្ខណៈជា​ប្រពៃណីជា​ឱ្យ​កាន់​តែ​ល្អ​ ថែម​ទៀត​ រវាង​កង​ទ័ព​ជា​មួយ​មន្ត្រី​រាជ​កា​រ និង​ប្រជាជន។​ លើក​កម្ពស់​សិល្បៈ​នៃ​ការ​ចែក​រំលែក មនសិការ​ចូល​រួម​ចំ​ណែក​ដោយ​ផ្ទាល់​ពី​សំណាក់​មន្រ្តី​រាជការ ​និង​ប្រជាជន​គ្រ​ប់​ស្រទាប់​វណ្ណៈ​ គ្រប់​មជ្ឈដ្ឋាន​ឱ្យមាន​លក្ខណៈ ​សកម្មផល​ផុស​ជា​មួយ​បណ្តា​អង្គភាព​ឈរ​ជើង​ទិស​យោធ​ភូមិ​ភាគ​ទី​៥​។​

         ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ ​បាន​ប្រគល់​ជូន​នូវ​ថវិកា ​និង​សម្ភារៈ​ស្បៀង​អាហារ ​ដែល​ជា​អំ​ណោយ​របស់​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា និង​លោក​ជំទាវ​ ជូន​ដល់​បណ្តា​អង្គភាព​នានា ​នៅ​ក្នុង​យោធ​ភូមិ​ភាគ​ទី​ ៥​ ព្រម​ទាំង​បាន​ទស្សនា ​នៃ​វឌ្ឍភាព​ដំណើរ​ការ​សាង​សង់​​ស្តូប​ឈ្នះ ​ឈ្នះ ​ប៉ៃលិន​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ