កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើង បំពេញភារកិច្ចការពារឈរជើងការពារសន្តិសុខសង្គម ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ដែលពិធីជួបសំណេះសំណាលនេះបានប្រារព្ធធ្វើនៅ ការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង ស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំ២០០ ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ។
ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ៤ ក្នុងនាម កងកម្លាំងទាំងអស់ ដែលកំពុងឈរជើង បំពេញភារកិច្ចក្នុងទិសយោធភូមិភាគទី៤ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរ ប្រកបដោយមោទនភាព ចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ដែលត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឧត្តមសេនីយ៍ឯក ពៅ ហេង បានបញ្ជាក់ថា៖ តំណែងកំពូល នៃស្ថាប័នការពារជាតិ គឺពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលប្រកបដោយឧត្តមគតិ ស្នេហាជាតិ គុណធម៌ សីលធម៌ សមត្ថភាពពេញលេញ និងមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីប្រតិបត្តិបន្តទៅតាមមាគ៌ា ដ៏ត្រឹមត្រូវ និងជោគជ័យបំផុត របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាប្រតិបត្តិករស្នូល នៃនយោបាយ ឈ្នះ ឈ្នះ និងជាស្ថាបនិកឯក នៃប្រវត្តិសាស្ត្រយោធា។ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី៤ ឧត្តមសេនីយ៍ឯក ពៅ ហេង សូមប្តេជ្ញាស្មោះត្រង់ បំពេញតួនាទី ការពារ សុខសន្តិភាព ការពារបូរណភាពទឹកដី ជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្ដូរផ្ដាច់ដាច់ខាតចំពោះខ្មាំងសត្រូវ ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ពង្រឹង និងពង្រីក កម្លាំងផ្ទៃក្នុង ដើម្បីសកម្មភាពចូលរួមគាំទ្រដល់ប្រសិទ្ធភាពការងារគ្រប់គ្រង និងឆ្លើយតបគ្រប់យថាហេតុ ដែលកើតមានឡើង។ ឯកឧត្តម ពៅ ហេង ក៏រាយការណ៍ជូនដោយសង្ខេប អំពីស្ថានភាព ភូមិសាស្ត្រ របស់យោធភូមិភាគទី៤ ដែលបានទទួលខុសលើភូមិសាស្ត្រចំនួន ៤ខេត្ត រួមមាន៖ ខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តកំពង់ធំ និងការពារលើខ្សែបន្ទាត់ព្រំដែនប្រវែង ៤៧៩ គ.ម ក្នុងនោះមានព្រំដែនជាប់ជាមួយប្រទេសថៃ មានប្រវែង ៣៥០គ.ម និងជាប់ជាមួយប្រទេសឡាវ ប្រវែង ១២៩គ.ម។ យោធភូមិភាគទី ៤ បានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន រៀនសូត្រ និងអប់រំចិត្តសាស្ត ដោយបានអនុវត្តន៍តាមផែនការហ្វឹកហ្វឺនរបស់ថ្នាក់លើ និងម្ចាស់ការហ្វឹកហ្វឺននៅនឹងកន្លែង ដើម្បីលើកកម្ពស់សមត្ថភាពឱ្យកាន់តែស្ទាត់ជំនាញ ក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចរបស់ខ្លួន។ ទាក់ទងទៅនឹងការងារប្រវត្តិសាស្ត្រយោធា ឯកឧត្តម មេបញ្ជាការយោធភូមិគាទី ៤ បានអោយដឹងថា៖ យោធភូមិភាគទី៤ បានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការសិក្សាកំណត់ និងថែរក្សាតំបន់ប្រវត្តិសាស្ត្រយោធា បានចំនួន ២៦ទីតាំង ក្នុងនោះគ្រប់គ្រងដោយយោធភូមិភាគទី៤ ចំនួន ២១ ទីតាំងគ្រប់គ្រងដោយ កងពលធំអន្តរាគមន៍លេខ ២ ចំនួន ១ ទីតាំង និងគ្រប់គ្រងដោយ កងពលធំអន្តរាគមន៍លេខ ៣ ចំនួន ៤ ទីតាំង។
នៅក្នុងឱកាសនោះដែល ឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបច្ចេកទេសសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង បានឡើងរាយការណ៍អំពីវឌ្ឍនភាព នៃដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង ដោយបានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ ការសាងសង់គ្រឿងបង្គុំបេតុងតួស្តូបឈ្នះ ឈ្នះ មានទំហំ ៥៩ម គុណនឹង ៥៩ម សម្រេចបាន ៧៩%។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជានិច្ចកាលតែងតែជួយគាំទ្រ និងផ្តល់អនុសាសន៍ណែនាំជាប់ជាប្រចាំក្នុងកិច្ចដំណើរការកសាងស្តូបឈ្នះ ឈ្នះនាពេលកន្លងមក។ ឧត្តមសេនីយ៍ឯក សឿន រឿត បានសម្តែងនូវជំនឿយ៉ាងមុតមាំថា៖ ក្រោមការដឹកនាំបន្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ការងារសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែងនេះនឹងដំណើរការសម្រេចជោគជ័យតាមផែនការគ្រោងទុក។
មានប្រសាសន៍ជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈជើងនៅទិសយោធភូមិភាគទី៤។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងកងទ័ពជើងគោក ឯកឧត្តម ទៀ សីហា បានសម្ដែងនូវការកោតសរសើរចំពោះ វីរភាពអង់អាចក្លាហានរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលការងារសំខាន់ៗជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិនៃយើង តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ នាពេលកន្លងមក។ ជាក់ស្ដែង នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កន្លងមកនេះ កងយោធពលខេមរភូមិន្ទ និយាយជារួម បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន កំពុងឈរជើង នៅទិសយោធភូមិភាគទី៤ និយាយដោយឡែក បានសម្រេចលទ្ធផលការងារ ដោយរក្សាការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត នៅតាមព្រំដែនបានល្អ រក្សាចំណងមិត្តភាពជាប្រពៃណី និងបានប្រែក្លាយអតីតសមរភូមិនេះ ទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាមរយៈកសាងព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ទទឹមនេះ បានចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង នេះ ដើម្បីទុកជាការតបស្នងដឹងគុណ និងទីតាំងប្រវត្តិសាស្ត្រនយោបាយឈ្នះ ឈ្នះ ដែលវិលត្រឡប់ពីសង្គ្រាម មកសន្តិភាព និងជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ពិសេសជាចំណុចផ្តោតមួយដ៏សំខាន់នៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រមូលផ្តុំទៅដោយកេរ្តិ៍បំណែល នឹងបន្សល់ទុកនូវប្រវត្តិសាស្ត្រជាច្រើន ជានិមិត្តរូបតំណាងឱ្យជ័យជំនះចុងក្រោយ នៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ទៀ សីហា បានសង្កត់ធ្ងន់ថា៖ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកងយោធពលខេមរភូមិន្ទមានភារកិច្ចបន្តបំពេញបេសកកម្មរបស់ខ្លួន ក្នុងការពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យរឹងមាំខ្លាំងក្លា ដែលមានកងយោធពលខេមរភូមិន្ទ ជាស្នូល ដើម្បីបានការពារសន្តិភាព, ឯករាជ្យ, អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស។ ដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញុ។ ឯកឧត្តម ទៀ សីហា បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ក្នុងនោះរួមមាន៖ ត្រូវបន្តចូលរួមគោរព អនុវត្តគោលនយោបាយ, វិធានការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងខឿន ការពាររបស់ប្រជាជន ដើម្បីធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៅគ្រប់កាលៈទេសៈ។ ត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាពការងារអប់រំចិត្តសាស្ត្រ ជំនាញវិជ្ជាជីវៈ ផ្សព្វផ្សាយអប់រំច្បាប់ បទវិន័យកងទ័ព និងបទដ្ឋាន គតិយុត្តិផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះកងទ័ព ដល់យោធិនគ្រប់រូប ដើម្បីធានាបាននូវភាពស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្ស្រត ធានានូវការគោរពរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋ គោរពវិន័យបទបញ្ហារបស់កងទ័ព រក្សាបានអត្ថចរិតសីលធម៌ ថ្លៃថ្នូ ស្អាតស្អំ មានឆន្ទៈស្នេហាជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងអនុវត្តដោយម៉ឺងម៉ាត់តាមការដឹកនាំរបស់ រាជរដ្ឋាភិបាល។ ជាចុងក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគទី ៤ ទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។
ក្នុងឱកាសនោះបន្ទាប់ពីឯកឧត្តម ទៀ សីហា បានប្រគល់អំណោយ មានថវិកា និងសម្ភារៈមួយចំនួនជូនដល់បណ្តាអង្គភាព ដែលបានមកចូលរួម រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ ស្តូបឈ្នះ ឈ្នះ អន្លង់វែង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ព្រមទាំងគណៈអធិបតីទាំងអស់បានអញ្ជើញទៅ ទស្សនាតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ ២០០ ដែលមានទីតាំងជាប់ការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ។
សូមបញ្ជាក់ថា៖ ការរៀបចំតំបន់ប្រវត្តិសាស្ត្រនៅទីនេះ គឺជាវត្ថុបំណងដ៏សំខាន់ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អោយក្រុមការងារសំរាប់ការរៀបចំ ក៍ដូចជាការចង្អុលទិសរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំបង្កើតនូវតឹកតាង ប្រវត្តិសាស្ត្រ ក្នុងការពង្រីកខ្លឹមសារនយោបាយឈ្នះ ឈ្នះ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ ២០០ អន្លង់វែង មិនមែនរៀបចំអោយមានត្រឹមតែជាកន្លែងសំរាប់ការមកទស្សនាប៉ុណ្ណោះទេ នៅពេលនេះក្រុមការងារប្រវត្តិសាស្ត្រយោធា បានប្រមូលផ្តុំនូវតឹកតាងប្រវត្តិសាស្ត្រ រួមមាន៖ សម្ភារៈ ឯកសារ រូបថត ផែនទី ដែលបង្ហាញអំពីសមិទ្ធផល នៃនយោបាយឈ្នះ ឈ្នះ មកដាក់តាំងបង្ហាញជូនទស្សនា ដើម្បីអោយអ្នកមកទស្សនា និងអ្នកសិក្សាស្រាវជ្រាវបានយល់នូវអ្វីទៅ ជានយោបាយឈ្នះ ឈ្នះ អ្វីទៅជាការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្នុងគោលបំណងអោយយល់ថា តើដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដំណើរការបានយ៉ាងដូចម្តេច? ហើយផល និងសមិទ្ធផល នៃនយោបាយឈ្នះ ឈ្នះ យ៉ាងណា?។ ទីតាំងប្រវត្តិសាស្ត្រយោធា គឺជាទីតាំងដែលមានលក្ខណៈយុទ្ធសាស្ត្រផង និងជាទីតាំងដែលមានលក្ខណៈជាសាធារណៈហើយ និងវប្បធម៌ ទេសចរណ៍ ក្នុងការស្វែងយល់ ការយល់ដឹង ដើម្បីបានបង្កើតអតីតសញ្ញាណអោយជាតិយើងបន្ត ៕