នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បើគិតចាប់ពីថ្ងៃមកដល់កម្ពុជា របស់កម្លាំងកងទ័ពរំដោះប្រជាជនចិន រួមទាំងថ្ងៃបើកជាផ្លូវការនៃសមយុទ្ធរួមគ្នា "ទេវតាសន្តិភាព-២០២៣" តាំងពីថ្ងៃទី១៤ មកទល់នឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ សមយុទ្ធដែលមានឈ្មោះថា "ទេវតាសន្តិភាព-២០២៣" គឺមានរយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ចំណែកឯពេលវេលាដែលនៅសេះសល់ ជិតមួយសប្តាហ៍ទៀតនោះ ក្រុមវេជ្ជសាស្ត្រសុខាភិបាលយោធា នៃកងទ័ពប្រទេសទាំងពីរ និងបន្តចុះជួយពិនិត្យព្យាបាល និងសង្គ្រោះជាក់ស្ដែងជូនដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីយោធានៅមន្ទីរពេទ្យព្រះកេតុមាលា នាទីក្រុងភ្នំពេញ និងនៅមន្ទីរពេទ្យយោធារបស់យោធភូមិភាគទី៤ ក្នុងខេត្តសៀមរាបបន្តទៀត។ ក្រោយផ្លាស់ប្ដូរបទពិសោធន៍ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងរបស់ក្រុមវេជ្ជសាស្ត្រសុខាភិបាលរួមគ្នា នៃប្រទេសទាំងពីរកម្ពុជា-ចិន អស់រយៈពេលជាងមួយសប្តាហ៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សមយុទ្ធសុខាភិបាលរួមគ្នា កម្ពុជា-ចិន ដែលមានឈ្មោះថា "ទេវតាសន្តិភាព-២០២៣" ក្រោមប្រធានបទ (ប្រតិបត្តិការសង្គ្រោះ សុខាភិបាល មនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ) ត្រូវបានប្រារព្ធពិធីប្រកាសបិទជាផ្លូវការ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល ក្នុងរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ាន់ ស៊ូឈាន ប្រធាននាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភា គណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសមយុទ្ធនេះ។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាត់ចែងទូទៅ សមយុទ្ធសុខាភិបាលយោធា "ទេវតាសន្តិភាព-២០២៣" ភាគីកម្ពុជា បានឱ្យដឹងថា៖ ឆ្លងកាត់ការហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល ០៨ថ្ងៃ នាយទាហាន នាយទាហានរង ពលទាហាន ចូលរួមសមយុទ្ធ បានធ្វើការសហការយ៉ាងជិតស្និត និងស្មោះត្រង់ រួមគ្នាខិតខំប្រឹងប្រែង បានធ្វើឱ្យសមយុទ្ធហ្វឹកហ្វឺនរួមគ្នាកងទ័ពទាំងពីរកម្ពុជា-ចិន បញ្ចប់ទៅប្រកបដោយភាពជោគជ័យ យ៉ាងត្រចះត្រចង់។ សមយុទ្ធហ្វឹកហ្វឺននាពេលនេះ កម្លាំងទ័ពចូលរួមហ្វឹកហ្វឺន នៃភាគីទាំងពីរ កម្ពុជា-ចិន សរុបចំនួន ៧២១នាក់ ដោយភាគីកម្ពុជាចំនួន ៥៩៥នាក់ ភាគីកងទ័ពរំដោះប្រជាជនចិនចំនួន ១២៦នាក់ ដោយប្រើប្រាស់នូវ យន្តហោះសង្គ្រោះសុខាភិបាលប្រភេទ Y-9, យន្តហោះប្រភេទ Y-20, ឧទ្ធម្ភាគចក្រប្រភេទ Mi-17, ឧទ្ធម្ភាគចក្រប្រភេទ Z-9, រថយន្តសុខាភិបាល ដែលមានរថយន្តបង្ការជំងឺឆ្លងលទ្ធភាពខ្ពស់ រថយន្តសង្គ្រោះសម្ពាធទាប និងបរិក្ខាសុខាភិបាលបម្រើការក្នុងសមយុទ្ធមួយចំនួនទៀត បានធ្វើការរៀបចំហ្វឹកហាត់ជាក្រុមរួមគ្នាមានភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ ខ្លឹមសារសមយុទ្ធ "ទេវតាសន្តិភាព-ឆ្នាំ២០២៣". បានរៀបចំខ្លឹមសារសមយុទ្ធជាកម្លាំងទ័ពពិត ធ្វើការចល័តតាមទីតាំង ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្ដែងតាមប្រធានបទ “ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ ដែលមានចំនួន ៧ ប្រតិបត្តិការ ក្នុងនោះរួមមាន៖ ១/ការបញ្ហាកម្លាំងសុខាភិបាលរួមគ្នា, ២/ការដឹកជញ្ជូនកម្លាំងទ័ព, ៣/ការពង្រាយកម្លាំងប្រតិបត្តិការ, ៤/ការជួយសង្គ្រោះនៅទីតាំងរងគ្រោះ, ៥/ការផ្ទេរបញ្ចូនអ្នករងគ្រោះព្យាបាលបន្ត, ៦/ការបញ្ចូនអ្នករងគ្រោះតាមផ្លូវអាកាស, និង៧/ការការពារបង្ការជំងឺឆ្លង។ ការរៀបចំខ្លឹមសារនេះ បានរៀបចំសេនារីយ៉ូតាមប្រធានបទ ឱ្យមានភាពប្រទាក់ក្រឡាគ្នាពី ខ្លឹមសារមួយទៅខ្លឹមសារមួយ ដូចនៅក្នុងសភាពការណ៍ជាក់ស្តែងដោយមានការចាត់តាំងសមយុទ្ធតាមវិធីសាស្ត្រ ដូចជា៖ ប្រព័ន្ធបញ្ជាការសង្គ្រោះ ៣កម្រិត រួមមាន៖ ១/ទីបញ្ជាការសង្គ្រោះរុករករួមគ្នា, ២/មណ្ឌលបញ្ជាការសង្គ្រោះជួរមុខ, ៣/ក្រុមបញ្ជាការកងកម្លាំងសុខាភិបាល ព្រមទាំងនីតិវិធីសង្គ្រោះសុខាភិបាលបីកម្រឹត រួមមាន៖ ១/ការសង្គ្រោះកម្រឹតមួយ, ២/ការសង្គ្រោះកម្រឹតពីរ (បែងចែកជា១០ក្រុម) និងទី៣/ការសង្គ្រោះកម្រិតបី។ លើសពីនេះការហ្វឹកហាត់ និងការផ្លាស់ប្ដូរបទពិសោធន៍រួមគ្នា បានលិចចេញជាផ្លែផ្កា ជាច្រើនដូចជា៖ ទីមួយ ការរៀបចំផែនការប្រកបដោយភាពមត់ចត់ និងប្រសិទ្ធភាពខ្ពស់។ យោងតាមផែនការសមយុទ្ធ ដែលភាគីទាំងពីរបានពិភាក្សាសម្រេចបានបង្កើតនូវយន្តការសម្រាប់ទំនាក់ទំនងសម្របសម្រួល ក៏ដូចជារៀបចំផែនការសម្រាប់ ហ្វឹកហ្វឺនប្រចាំថ្ងៃដោយមានការចូលរួមពីក្រុមដឹកនាំសមយុទ្ធភាគីទាំងពីរ កងឯកភាពជំនាញ ធានាបានសុវត្ថិភាព និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
វរសេនីយ៍ឯក ចាង យី (Zhang Yi ) ប្រធានក្រុមវេជ្ជសាស្ត្រសុខាភិបាលយោធាចិន នៃសមយុទ្ធ "ទេវតា សន្តិភាព-២០២៣ " បានមានប្រសាសន៍ថា៖ ក្រុមគ្រូពេទ្យ "ទេវតាសន្តិភាព" នៃប្រទេសទាំងពីរ ចិន-កម្ពុជា នៅទីនេះ គឺដើម្បីមិត្តភាព ប្រពៃណី រវាងចិន-កម្ពុជា ក្នុងការអភិវឌ្ឍន៍សេវាសុខាភិបាលយោធា និងអនាគតដ៏ភ្លឺស្វាង។ លោកបញ្ជាក់ទៀតថា វានឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រី និងយោធាកម្ពុជា ដើម្បីចែករំលែកឱកាស និងអនាគតឈ្នះ ឈ្នះ និងការបើកទូលាយពិភពលោកថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងយោធាប្រទេសទាំងពីរចិន-កម្ពុជា។ ឧត្តមសេនីយ៍ទោ វ៉ាន់ ស៊ូឈាន និងលោកវរសេនីយ៍ឯកពិសេស ហាវ លីយ័ន្ត បានមានប្រសាសន៍ដែរថា សមយុទ្ធរួមគ្នា រវាងកងទ័ពចិន-កម្ពុជា គឺជាម៉ាកសញ្ញាដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមគ្នាបង្កើតឡើងដោយយោធាប្រទេសទាំងពីរ។ លោកសង្កត់ធ្ងន់ថា វាមិនត្រឹមតែជាវិធានការជាក់ស្ដែង ដើម្បីអនុវត្តការឯកភាពគ្នាដ៏សំខាន់របស់មេដឹកនាំចិន-កម្ពុជា តែប៉ុណ្ណោះទេ តែវាក៏ជាវេទិកាមួយដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរ សមយុទ្ធជាក់ស្ដែងរវាងយោធាចិន-កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ។
ថ្លែងក្នុងពិធីបិទវគ្គ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិន-កម្ពុជា ហើយក៏ជាឆ្នាំនៃមិត្តភាព រវាងប្រទេស កម្ពុជា-ចិន ផងដែរ។ សមយុទ្ធរួមគ្នា រវាងកងទ័ពប្រទេសទាំងពីរ ក៏នឹងបានឆ្លុះបញ្ចាំងអំពីប្រពៃណី ដែលមិនអាចបំបែកបំបាក់បានឡើយ រវាងកម្ពុជា-ចិន។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្ថែមទៀតថា៖ តាមរយៈនៃសមយុទ្ធរួមគ្នា "ទេវតាសន្តិភាព-២០២៣" ក្រោមប្រធានបទ "ប្រតិបត្តិការសង្គ្រោះ សុខាភិបាល មនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ" កងទ័ពដែលចូលរួមទាំងអស់ នឹងបានរៀនអំពីបទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើតជំនាញវិជ្ជាជីវៈរបស់ពួកគេទៅតាមរយៈសកម្មភាពសមយុទ្ធ ដែលនឹងជំរុញឲ្យមានការលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាព សម្រាប់ប្រទេសកម្ពុជាយ៉ាងទូលំទូលាយ។ សមត្ថភាពបច្ចេកទេសនៃការជួយសង្គ្រោះរួមគ្នាក្នុងប្រតិបត្តិការពហុប្រទេស ដែលអាចឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ សុខាភិបាល នៃគ្រោះមហន្តរាយបានគ្រប់ពេលវេលា។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មការដឹកនាំសមយុទ្ធរួមគ្នា "ទេវតាសន្តិភាព-២០២៣" រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដោយបានសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំតាមស្ថាប័ន ចំណុះឲ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជំរុញឲ្យការរៀបចំសមយុទ្ធរួមគ្នានេះ បានដំណើរការទៅបានដោយជោគជ័យទៅតាមកម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្ថែមទៀតថា សមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន យើងបានកំណត់យ៉ាងច្បាស់ អំពីសន្តិសុខនៃការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជន ជាមូលដ្ឋាននៅក្នុងគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់កងទ័ពទាំងពីរ។ តាមរយៈនៃសមយុទ្ធនេះ ក៏ជាឱកាសដ៏ពិសេសមួយសម្រាប់កងទ័ព នៃប្រទេសទាំងពីរបានធ្វើការពង្រឹងស្មារតី នៃការរឹតចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អប្រសើរ ការបង្កើនកិច្ចផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្លើយតបការសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយ ដែលនាំមកនូវឧត្តមប្រយោជន៍ ដល់ប្រទេសជាតិ នៃប្រជាជនប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា សមយុទ្ធរួមគ្នា"ទេវតាសន្តិភាព-២០២៣" ដែលបានបញ្ចប់ប្រកបដោយជោគជ័យ នៅពេលនេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត រួមនិងសមិទ្ធផលជាផ្លែផ្កា ដែលផ្ដើមចេញពីការទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ នៅក្នុងក្របខណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដើម្បីកសាងសហគមន៍វាសនារួមសម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ ប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក។ ឯកឧត្តម ទៀ សីហា ក៏បានប្រកាសបិទសមយុទ្ធរួមគ្នា"ទេវតាសន្តិភាព -២០២៣" ចាប់ពីពេលនេះតទៅ ៕