សមយុទ្ធរួមគ្នា ដែលមានឈ្មោះថា "ទេវតាសន្តិភាព ២០២៣" ដែលគ្រោងនឹងរៀបចំធ្វើរយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នឹងមិនមានការប្រែប្រួលឡើយ ខណៈដែលប្រធានបទនៃភាគី កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានត្រៀមធ្វើសមយុទ្ធរួមគ្នានោះគឺ "ប្រតិបត្តិការសង្គ្រោះ សុខាភិបាល មនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ”។ សមយុទ្ធខាងលើនេះក៏ហ្នឹងមានការចូលរួមពីកម្លាំងកងទ័ពកម្ពុជា ប្រមាណជា ៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិន ចូលរួមប្រមាណជា ១២៦នាក់ ប៉ុន្តែក្នុងចំណោម កម្លាំងកងទ័ពប្រមាណជា ៥៩៥នាក់របស់ភាគីកម្ពុជានេះដែរ គឺមានតែចំនួន ២៣៧នាក់ប៉ុណ្ណោះ ដែលនឹងត្រូវចូលរួមធ្វើសមយុទ្ធយោធាផ្នែកសុខាភិបាលសង្គ្រោះនេះដោយផ្ទាល់ ហើយក្រៅពីនោះ គឺជាកម្លាំងបម្រើការ និងកម្លាំងចូលរួមក្នុងពិធីបើក និងបិទសមយុទ្ធប៉ុណ្ណោះ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ បានបញ្ជាក់ច្បាស់ថា៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះរបស់កងទ័ពជើងអាកាស នៃកងទ័ពរំដោះប្រជាជនចិន ចំនួន ៤គ្រឿង ដែលក្នុងនោះរួមមានប្រភេទយន្តហោះយោធា វ៉ាយ-១៩ (Y-19) មួយគ្រឿង, វ៉ាយ-២០ (Y-20) បីគ្រឿង នឹងដឹកកម្លាំងកងទ័ព រួមជាមួយសម្ភារៈ យោធបរិក្ខា ដែលមានរថយន្តពេទ្យសង្គ្រោះ ៣គ្រឿង នឹងសម្ភារៈបរិក្ខាសុខាភិបាល និងសម្ភារៈសង្គ្រោះចំនួន ១០០០ឈុត មកកាន់កម្ពុជា ហើយនឹងបន្តដឹកជញ្ជូន សម្ភារៈយោធាទាំងនោះទៅកាន់ទីលានសមយុទ្ធនៅឯបញ្ជាការដ្ឋានទ័ពពិសេសកំបូល របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រៀមចូលរួមធ្វើលំហាត់សមយុទ្ធ "ទេវតាសន្តិភាព ២០២៣" នេះ។
សូមបញ្ជាក់ថា៖ នៅមុននេះបីថ្ងៃ អ្នកនាំពាក្យ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានអោយដឹងថា៖ សមយុទ្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការនឹងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មិត្តភាព ការបណ្ដុះបណ្ដាលចំណេះដឹង ការផ្លាស់ប្ដូរបទពិសោធន៍ នឹងធ្វើការរួមគ្នា ក៏ដូចជាឆ្លើយតបទៅហ្នឹង បញ្ហាប្រឈមនានា ដែលនឹងកើតមានឡើងជាប្រពៃណី និងមិនប្រពៃណីជាដើម រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន។ លោកបានបន្តថា ការចាប់ដៃគូរធ្វើសមយុទ្ធរួមគ្នា របស់កម្ពុជា ជាមួយកងទ័ពរំដោះប្រជាជនចិន គឺមិនមែនជារឿងថ្មីអ្វីឡើយ ត្បិតថាកងទ័ពកម្ពុជា ធ្លាប់ធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពរំដោះប្រជាជនចិន ជាច្រើនលើកច្រើនសារតាំងពីមុនៗមក ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពប្រទេសទាំងពីរ មានភាពប៉ិនប្រសប់ និងស្ទាត់ជំនាញ លើការងារទាំងនោះ។ លោកបញ្ជាក់ថា៖ នេះគឺជាជោគជ័យមួយរបស់កងទ័ពប្រទេសកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពរំដោះប្រជាជនចិន នាពេលបច្ចុប្បន្ន និងទៅអនាគត។ សូមជម្រាបថា ក្នុងពិធីទទួលស្វាគមន៍ ការមកដល់របស់យន្តហោះយោធា ដឹកកងទ័ព សម្ភារៈឧបករណ៍ យោធ បរិក្ខាពេទ្យ និងកម្លាំងចូលរួមសមយុទ្ធ របស់កងទ័ពរំដោះប្រជាជនចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាពេលនោះ គេសង្កេតឃើញមានវត្តមានទៅទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចជាផ្លូវការ ដោយឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ អ៊ុក សារឹម នាយករងទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ និង ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រួមនិងនាយទាហានជាន់ខ្ពស់ក្នុងស្ថាប័នទ័ពជំនាញពាក់ព័ន្ធក្នុង អគ្គបញ្ជាការដ្ឋាន, ក្រសួងការពារជាតិ ជាច្រើនរូប និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក៏មានវត្តមាននៅទីនោះដែរ ៕