នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រសួងការពារជាតិ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយឥស្សរជន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងនាយទាហានថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយទាហានថ្នាក់ដឹកនាំគ្រប់ប្រភេទទ័ព នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងឱកាសនោះបន្ទាប់ពីបានតាមដានស្ដាប់នូវសុន្ទរកថា ស្វាគមន៍ និងអំពីប្រវត្តិសង្ខេបខ្លះៗ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងគូសបញ្ជាក់ថា អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលថ្មី ដែលត្រូវបានបង្កើតឡើងនាពេលនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ និងមានអត្ថន័យជ្រាលជ្រៅ នៃផែនការកែទម្រង់ ប្រព័ន្ធដឹកនាំប្រទេស របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាសម័យថ្មី។ សម្តេចពិជ័យសេនា បានសម្តែងការអបអរសាទរ ចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ត្រាស់បង្គាប់តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបន្តដឹកនាំ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ក្នុងរាជរដ្ឋាភិបាលអណត្តិទី ៧។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ភារកិច្ចដែលយើងបានបំពេញក្នុងអណត្តិមុនៗ និងអណត្តិទី ៦ កន្លងមកនេះ យើងបានបំពេញកិច្ចការ ដ៏អស្ចារ្យ ឈានមុខយ៉ាងខ្លាំង នៅគ្រប់ផ្នែកទាំងអស់ ទាំងក្នុងកងយោធពលខេមរភូមិន្ទ ក៏ដូចជានៅក្នុងវិស័យជាច្រើនទៀតរបស់ប្រទេសផងដែរ។ សម្តេចពិជ័យសេនា បានរំលឹកដល់ ឯកឧត្តម អស់លោក ជាឥស្សរជន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការ អគ្គនាយកដ្ឋាន មេបញ្ជាការប្រភេទទ័ព ទាំងថ្មី ទាំងចាស់ ចាប់ពីពេលនេះតទៅ ត្រូវចងចាំនូវប្រសាសន៍ និងបណ្ដាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេច បានបង្ហោះសារដែលបាននិយាយក្នុងអង្គប្រជុំដើមអាណត្តិទី ៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រី បន្តវេនតាមស្ថាបន័ សូមអោយមានការយកចិត្តទុកដាក់សម្រាប់ ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី បន្ថែមលើបណ្តាំរបស់ សម្តេចតេជោ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងមក ពេលមានការជួបជុំមុនពេល គណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរៀបចំ។ តាមអនុសាសន៍ របស់សម្ដេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា៖ សម្ដេចគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាមួយ ដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរនោះឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ សំណូមពរដល់ឥស្សរជនដែលជាមន្ត្រីថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ទាំងអស់បន្តផ្តល់ការគាំទ្រដល់អ្នកជំនាន់ក្រោយ ក្នុងការដឹកនាំប្រទេស ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តគាំទ្រការដឹកនាំក្រសួងការពារជាតិ ដោយនាយឧត្តមសេនីយ៍ ទៀ សីហា ដែលជាអ្នកបន្តវេនជំនាន់ក្រោយ និងថ្នាក់ដឹកនាំវ័យក្មេងបន្តវេនដទៃៗទៀតក្នុងក្រសួង.ស្ថាប័នចំណុះឲ្យរាជរដ្ឋាភិបាល ក្នុងការរក្សាបាននៅសុខសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិយើងទាំងមូល នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានភាពរីកចម្រើន។ បន្ថែមពីនេះ ឥស្សរជនទាំងអស់ក៏ត្រូវបន្តថែរក្សាសមិទ្ធផល ដែលមាននៅពេលនេះ ឲ្យនៅគង់វង្សតទៅមុខ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលឹកបន្ថែម និងជម្រុញលើការសាងសង់វិមានឈ្នះ ឈ្នះ និងសួនតេជោ សន្តិភាពនៅតាមបណ្តាខេត្តនានា ដោយចាត់ទុក សំណង់ទាំងនេះមានសារៈសំខាន់ណាស់ និងជាសច្ច:ភាពប្រវត្តិសាស្ត្រ មានផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា ព្រមទាំងបន្តរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ដែលមាន ៨៧ទីតាំង នៅទូទាំងប្រទេស ដើម្បីបង្ហាញតាត់តាង របស់នយោបាយឈ្នះ ឈ្នះ តដល់កូនចៅគ្រប់ជំនាន់ បានដឹងបានយល់ ក្នុងការបន្តថែរក្សា សុខ សន្តិភាព នៅលើដែនដីកម្ពុជាដ៍កំសត់មួយនេះ។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលឹក ដល់អ្នកចូលកាន់មុខតំណែងថ្មី ក្នុងក្រសួងការពារជាតិ នៃអាណត្តិទី ៧ នេះត្រូវបន្តវេនក្នុងការបំពេញតួនាទីភារកិច្ច ឲ្យទទួលបានជោគជ័យធំៗថ្មីៗបន្ថែមទៀត ជូនក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ៕