កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងអាកាស អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងនាយទាហានជាន់ខ្ពស់ ទ័ពជំនាញ ក្នុងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ-ក្រសួងការពារជាតិជាច្រើនរូប បានចុះទៅបំពេញការងារក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង-ខេត្តកណ្ដាល ដើម្បីពិនិត្យមើលទីតាំងយុទ្ធសាស្ត្រ ដែលបម្រើឲ្យប្រៀបការពារជាតិរបស់កម្ពុជា ដល់កងយោធពលខេមរភូមិន្ទ ក្នុងការរៀបចំកសាងទីតាំងយុទ្ធសាស្ត្រ ដើម្បីដាក់គ្រឿងបំពាក់មួយចំនួន ដែលបម្រើឲ្យយុទ្ធសាស្ត្រការពារជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា នៅតំបន់ភ្នំ ក្នុងភូមិសាស្ត្រ ខេត្តចំនួនពីរ របស់ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យមើលការងាររៀបចំកសាងទីតាំងយុទ្ឌសាស្ត្រ នាពេលនោះ បន្ទាប់ពី ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារដែនអាកាស អគ្គបញ្ជាការ រាយការណ៍អំពីស្ថានភាព ទីតាំងភូមិសាស្រ្ត ដែលត្រូវរៀបចំកសាងទីតាំងយុទ្ធសាស្ត្រ និងការងារហ្វឹកហ្វឺនកម្លាំងជំនាញ ដែលបម្រើឲ្យវិស័យការពារជាតិ និងបទដ្ឋានលក្ខណៈបច្ចេកទេស ដែលត្រូវរៀបចំកសាងទីតាំងក្នុងភូមិសាស្ត្រខេត្តទាំងពីរ សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត រួចមក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការកោតសរសើរ ចំពោះស្ថាប័នទ័ពជំនាញពាក់ព័ន្ធទាំងអស់ រួមនឹងអាជ្ញាធរដែនដីខេត្តទាំងពីរ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយ កិច្ចសហការដ៏ល្អ និងប្រកបដោយប្រសិទ្ធភាព យកប្រយោជន៍ជាតិជាធំ រវាងសាម៉ី ស្ថាប័នមួយ ទៅស្ថាប័នមួយ និងពីស្ថាប័នទ័ពជំនាញ ជាមួយនឹងអាជ្ញាធរដែនដី ពាក់ព័ន្ធខេត្តទាំងពីរ ក្នុងការជំរុញឲ្យកិច្ចដំណើរការកសាងទីតាំង តំបន់យុទ្ធសាស្ត្រការពារជាតិ របស់កម្ពុជា ដល់កងយោធពលខេមរភូមិន្ទ មានគ្រប់លទ្ធភាព ក្នុងការរៀបចំកសាងទីតាំង បានត្រឹមត្រូវស្របតាមបទដ្ឋាន ស្តង់ដារ លក្ខណៈបច្ចេកទេសជំនាញ និងប្រព្រឹត្តទៅប្រកបដោយរលូន ជោគជ័យ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជំរុញឲ្យមេបញ្ជាការអង្គភាពទ័ពជំនាញពាក់ព័ន្ធទាំងអស់ ពិសេសបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ និងអង្គភាពចំណុះ យកចិត្តទុកដាក់បន្ថែមទៀតលើការងារហ្វឹកហាត់ជំនាញនេះ ដល់កងទ័ពរបស់ខ្លួន ឲ្យបានស្ទាត់ជំនាញ ទាំងការគ្រប់គ្រង ថែរក្សា ការប្រើប្រាស់ រាល់ឧបករណ៍គ្រឿង បំពាក់ជំនាញការពារដែនអាកាសទាំងអស់នេះ ឲ្យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើឲ្យវិស័យការពារជាតិ របស់កម្ពុជា កាន់តែទំនើបកម្ម។ ទន្ទឹមនិងនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកផងដែរ ដល់មេបញ្ជាការអង្គភាពទ័ពជំនាញ ការពារអាកាស និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរដែនដីខេត្ត ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សហការគ្នាឲ្យបានជិតស្និទ្ធ ថែរក្សាការពារសន្តិសុខ ក្នុងតំបន់ទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់កងយោធពលខេមរភូមិន្ទទាំងនោះ ឲ្យបានគត់មុត ដើម្បីបង្កគ្រប់លក្ខណៈសម្បត្តិ ដល់អង្គភាពទ័ពជំនាញ ដំណើការរៀបចំ កសាងទីតាំង និងហ្វឹកហ្វឺនកម្លាំងជំនាញដល់កងទ័ពរបស់ខ្លួន ឲ្យបានស្ទាត់ជំនាញ ទាំងការប្រើប្រាស់ឧបករណ៍គ្រឿងបំពាក់ និងកិច្ចប្រតិបត្តិការ ក្នុងពេលបំពេញតួនាទីភារកិច្ច លើជំនាញការពារដែនអាកាសកម្ពុជា របស់ ខភម ប្រកបដោយប្រសិទ្ធភាព និងការពារបានយ៉ាងរឹងមាំ ដែនអាកាសរបស់កម្ពុជា បញ្ជៀសបានពីការប៉ុនប៉ងរំលោភបំពានណាមួយពីសំណាក់បចា្ចមិត្ត ដោយយថាហេតុ។
ទន្ទឹមនិងនោះដែរ ឯកឧត្តម ក៏បានរំលឹកដល់អាជ្ញាធរដែនដី ខេត្តពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ នឹងធ្លាប់ប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យផល តាមរយៈកាប់អុស,រកឃ្មុំ,ឬដាំដំណាំអនុផលផ្សេងៗ នៅក្នុងតំបន់ទាំងនោះ កុំឲ្យមានការចូលទន្ទ្រាន ឬចាប់យកដីខុសច្បាប់របស់រដ្ឋ ដែលប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ សម្រាប់កសាងទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់កម្ពុជាបន្តទៅទៀត នៅក្នុងតំបន់ភូមិសាស្ត្រទាំងនោះ។ ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានធ្វើការណែនាំ ដល់ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលរួមមានអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ, បញ្ជាការដ្ឋានកងទ័ពជើងអាកាស, និងបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ត្រូវរួមសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពទាំងលើគម្រោងសិក្សាទីតាំង នឹងការងារសាងសង់សំណង់ទីតាំង យុទ្ធសាស្ត្រការពារជាតិនេះ ជាមួយភាគីមិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចដំណើរការកសាងទីតាំងនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ ស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងល័ក្ខការណ៍សម្ងាត់កងទ័ព ៕