ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រគល់​ព្រះ​រាជ​ក្រិត​ និង​អនុក្រិត​ តែង​តាំង​មុខ​តំណែង​ជូន​នាយ​ទាហាន ​ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
1175
3131 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រគល់​ព្រះ​រាជ​ក្រិត​ និង​អនុក្រិត​ តែង​តាំង​មុខ​តំណែង​ជូន​នាយ​ទាហាន ​ខ.ភ.ម​

        ក្រសួង​ការ​ពារ​ជាតិ ​បាន​ប្រារព្ធ​ពិធី​ប្រកាស ​និង​ប្រគល់​ព្រះ​រាជ​ក្រឹត្យ​ និង​អនុ​ក្រឹត្យ​ តែង​តាំង​មុខ​តំណែង​ជូន​ នាយ​ទាហាន​ នៃ​ខ.ភ.ម នា​ព្រឹក​ថ្ងៃទី​១៥​ ខែ​សីហា ​ឆ្នាំ​២០២៣​ ស្ថិត​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​

        នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ និង​អនុក្រឹត្យ​ តែង​តាំង​មុខ​តំណែង ​ជូន​នាយ​ទាហាន​ នៃ ​ខ.ភ.ម​ ដែល​អាន​ដោយ ​នា​យ​ឧត្តម​សេនីយ៍ ​មាស សំអុល អគ្គនាយក​រង ​អគ្គនាយក​ដ្ឋាន​យោធា​សេវា ​និង​ជា​នាយក ​នាយក​ដ្ឋាន​បុគ្គលិក​ ក្រសួង​ការ​ពារ​ជាតិ ​បាន​ប្រកាស​តែង​តាំង ​ឧត្តម​សេនីយ៍​ទោ ​ម៉ឹង ពន្លក ជា​អគ្គនាយក​ អគ្គ​នាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញ​វុត្ថុ,​ ឧត្តម​សេនីយ៍​ឯក ​សឿន រឿត ជា​នាយក ​នាយកដ្ឋាន​វិស្វកម្ម​ ក្រសួង​ការ​ពារ​ជាតិ,​ ឧត្តម​សេនីយ៍​ទោ​ សេង សំរិទ្ធ ជា​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ ​និង​ជា​នាយក ​នាយក​ដ្ឋាន​ផ្គត់​ផ្គង់​,​ ឧត្តម​សេនីយ៍​ត្រី ​គឹម ​សុណារ៉ា ​ជា​នាយក ​នាយក​ដ្ឋាន​ហិរញ្ញ អគ្គនាយក​ដ្ឋាន​ភស្តុភារ​ ហិរញ្ញវត្ថុ​ និង ​ឧត្តម​សេនីយ៍​ត្រី​ ខូវ ឆាយ ជា​នាយក ​មជ្ឈមណ្ឌល​កីឡា ខ​.ភ.ម​។

​        ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ និង​ប្រគល់​ព្រះ​រាជ​ក្រឹត្យ​ និ​ង​អនុ​ក្រឹត្យ​ តែង​តាំង​មុខ​តំណែង​ជូន ​នាយ​ទាហាន ​នៃ​ខ.ភ.ម ​នា​ឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូស​បញ្ជាក់​ថា​៖​ ការ​ប្រកាស​តែង​តាំង​នាយ​ទាហាន ​នា​ពេល​នេះ ​គឺ​ជា​ផ្នែក​មួយ​ នៃ​ផែន​កា​រ​កែ​ទម្រង់​ ខ.ភ.ម ​ដែល​បាន​ដាក់​ចេញ ​ស្រប​នឹង​សភាព​ការណ៍​វិវត្តន៍ ​ទៅ​ថ្មីៗ​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​ ជា​មួយ​គ្នា​នេះ ​សម្តេច​ពិជ័យ​សេនា ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ឯកឧត្តម ​អស់​លោក​ ដែល​ត្រូវ​បាន​ ​ព្រះ​ករុណា​អង្គ​ម្ចាស់​ជីវិត​តម្ក​ល់​លើ​ត្បូង​ជា​ទីគោរ​ពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ​ត្រាស់​បង្គាប់​តែង​តាំង​ និង​ការ​សម្រេច​របស់​ សម្តេ​ច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​តែង​តាំង ​ឯកឧត្តម​ទាំង​អស់ ​តាម​សំណើ​របស់​ក្រសួង​ការ​ពារ​ជាតិ។​ សម្តេច​ពិជ័យ​សេនា ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ លោក​ជំទាវ ​អស់​លោក ​លោក​ស្រី​ ជា​ប្រធាន​ស្ថាប័ន​-​មេ​បញ្ជាការ ​គ្រប់​កង​ឯក​ភាព​ នៃ​ខ.ភ.ម​ ដែល​បា​នរួមគ្នា​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​បេសក​កម្ម​របស់​ខ្លួន​យ៉ាង​ខ្ជាប់​ខ្ជួន​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ​ហើយ​សម្រេច​បាន​នូវសមិទ្ធផល​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​កន្លង​មក​។​ ជា​ការ​ពិត​នៅ​ក្នុ​ង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ រយៈពេល​៥​ឆ្នាំ​មក​នេះ​ នាយ​ទាហាន ​ពលទា​ហាន ​នៃ ​ខ.ភ.ម ​បាន​ពុះពារ​បំពេញ​ការងារ​តួនាទី​ភារកិច្ច ​ដែល​រាជ​រដ្ឋាភិបាល ​និង​ក្រសួង​​ការពារ​ជាតិ​ប្រគល់​ជូន​ និង​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទន​។​ ហើយ​ជា​ការ​ពិត​ណាស់​ ភារកិច្ច​ដែល​យើង​បាន​បំពេញ​ក្នុ​ង​អាណត្តិ​ទី​៦​ កន្លង​មក​នេះ​ យើង​បាន​បំពេញ​កិច្ច​ការ​ ឈាន​មុខ​យ៉ាង​ខ្លាំង​ នៅ​គ្រប់​ផ្នែក​ទាំង​អ​ស់ ទាំង​ក្នុង​ ខ.ភ.​ម​ ក៏​ដូច​ជា​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ទៀត​ផង​ដែរ​។​ សម្តេច​ពិជ័យ​សេនា ​បាន​លើកឡើង​ថា៖​ អគ្គនាយក​ដ្ឋាន​ មេ​បញ្ជាការ​ប្រភេទ​ទ័ព​ ចាប់​ពី​ពេល​នេះ​ត​ទៅ ​មាន​ឋានន្តរស័ក្តិ ​ត្រឹម​ថ្នាក់​ឧត្តម​សេនីយ៍​ឯក​។ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ថា៖​ ខ.ភ.ម ​ត្រូវ​បាន​ចាត់​ទុកជា​ឆ្អឹង​ខ្នង​ក្នុង​កិច្ច​ការ​ពារ​ជាតិ ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និង​ប្រជាជន​។

       ឆ្លៀតក្នុងឱកាសនោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ផ្តាំ​ផ្ញើ​ឲ្យ​ បន្ត​ថែ​រក្សា​សមិទ្ធផល​ ដែល​មាន​នៅ​ពេល​នេះ​ ឲ្យ​នៅ​គង់​វង្ស​ត​ទៅ​មុខ​។​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​រំលឹក​អំពី​ការ​រៀបចំ​ព្រឹត្ត​ការណ៍​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី​៣២ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ឆ្នាំ​២០២៣​ បាន​ល្បី​រន្ទឺ​កិត្តិនាម​ កិត្តិស័ព្ទ ​មាន​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ​។​ ហើយ​ទន្ទឹម​នឹង​នេះ​ កម្ពុជា​ទទួល​បា​ន​សិទ្ធ​ការ​ត្រៀម​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡាយុវជន​អូឡាំ​ពិក​ពិភព​លោក ​ឆ្នាំ​២០២៩ ​ផង​ដែរ​។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​រំលឹក​ និង​ជម្រុញ​លើ​ការ​សាង​សង់​វិមាន​ឈ្នះៗ ​និង​សួន​តេជោ​សន្តិភាព​នៅ​តាម​បណ្តា​ខេត្ត​នានា ​ដោយ​ចាត់​ទុក​​សំណង់​នេះ​មាន​សារៈ​សំខាន់​ណាស់ ​និង​ជា​សច្ចភាព​ប្រវត្តិ​សាស្ត្រ ​មាន​ផល​ប្រយោជន៍​ធំ​ធេង​សម្រាប់​ជាតិ​កម្ពុជា ​ព្រម​ទាំង​បន្ត​រៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ដែល​មាន​ ៨៧​ទីតាំង​ នៅ​ទូទាំង​ប្រទេស ​ដើម្បី​បង្ហាញ​ភាព​ពិត ​នយោបាយ​ឈ្នះ ឈ្នះ ​ត​ដល់​កូន​ចៅ​គ្រប់​ជំនាន់​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​នៅ​កម្ពុជា​។

        ជា​មួយ​គ្នា​នេះ​ដែរ​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​បញ្ជាក់​ឲ្យ​អ្ន​កមក​កាន់​មុខ​តំណែង​ថ្មី​ ដែល​បាន​ប្រកាល​តែង​តាំង​នា​ពេល​នេះ​ ត្រូវ​បន្ត​វេន​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ធំៗ​ថ្មីៗ​បន្ថែម​ទៀត ​ជូន​ក្រសួង​ការ​ពារ​ជាតិ ​និង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ