ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារ ខែកក្កដា និង លើកទិសដៅ សំរាប់អនុវត្តបន្តខែសីហា ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមាន ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែកក្កដា កន្លងមកដែល ខ.ភ.ម យើងបានចូលរួមបំពេញភារកិច្ចសហការការពារជាមួយស្ថាប័ននានា ក្នុងឱកាសបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារ សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារ សំរេចបាន នៅក្នុងរយៈពេល ១ខែ កន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជនចេញ ទៅបោះឆ្នោត ជ្រើសតាំងតំណាងរបស់ខ្លួនដោយសេរី និងតម្លាភាព ទទួលបានសុខសុវត្តិភាព ដោយគ្មានអំពើហឹង្សា ណាមួយកើតឡើងឡើយ។
នៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការ ការពារជាតិលើគ្រប់ វិស័យ នៅតាមតំបន់ ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដាន ត្រួតពិនិត្យ, គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើស គ្រប់ប្រភេទ នៅតាម តំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ ខ.ភ.ម បានធ្វើម្ចាស់ការ និងសហការជាមួយ អាជ្ញាធរ មានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារ សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ធ្វើការ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការ ចូលរួមការពារ សន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ព្រមទាំងគោរព អនុវត្ត បទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាប សកម្មភាព បំផ្លិចបំផ្លាញ ធនធាន ធម្មជាតិ។ បណ្តាសា្ថប័ន អង្គភាព ទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារ ហ្វឹកហ្វឺន ការងារ អប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទ យោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារ កសាងច្បាប់ និងលិខិតបទដ្ឋាន ផ្សេងៗ ការងារធានា ភស្តុភារ ហិរញ្ញវត្ថុ, ការងារធានា គ្រឿងបំពាក់ សម្ភារៈបច្ចេកទេស, កែច្នៃជួសជុលថែទាំ លើកកម្ពស់ សុវត្ថិភាពគុណភាព គ្រឿងបំពាក់។ ការងារសុខាភិបាល បានលើកកម្ពស់ សុខុមាលភាព។ បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញ ទំនាក់ទំនង បញ្ជូនសារ, ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗ ក្នុងកងទ័ព, បានគ្រប់គ្រង អចលនទ្រព្យ របស់កងយោធពលខេមរភូមិន្ទ, ធ្វើការងារល្អលើ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក, ការងារកសាងនិងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា, បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អ ៕