នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស "១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៣" នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា កងរាជអាវុធហត្ថត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងអំឡុងឆ្នាំ១៩៥៧ ដែលពេលនោះមានឈ្មោះថា៖ ក្រុមរាជអាវុធហត្ថខ្មែរ នេះបើតាមព្រះរាជក្រឹត្យលេខ ៤៤៦ N S និង ៤៤៧ ន N S ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ក្នុងសម័យសង្គមរាស្ត្រនិយម ហើយត្រូវបានប្ដូរឈ្មោះ មកជាកងអាវុធហត្ថជាតិ វិញនាឆ្នាំ១៩៧១ តាមក្រិតលេខ ៥៧៤/៧១-C E ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៧១។ ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៣ កម្ពុជាគ្មានកងកម្លាំងអាវុធហត្ថនោះទេ។ បន្ទាប់មកតាមក្រឹតចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា ដែលក្នុងចំណោមស្ថាប័ន អគ្គសេនាធិការដ្ឋានកងទ័ពជាតិកម្ពុជានោះ ក៏មានកងរាជអាវុធហត្ថផងដែរ ហេតុដូចនេះហើយកងរាជអាវុធហត្ថ ក៏បានកំណត់យកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថរៀងមក។
ចាប់ពីថ្ងៃបដិសន្ធិជាថ្មីមកដល់ពេលបច្ចុប្បន្ននេះ កងរាជអាវុធហត្ថមានមេបញ្ជាការតែ ៣ រូបប៉ុណ្ណោះ ដែលរួមមានទី១ ឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការកងរាជអាវុធហត្ថពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៤, ទី២ ឧត្តមសេនីយ៍ទោ គៀង សាវុធ កាន់ជាមេបញ្ជាការកងរាជអាវុធហត្ថ ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៩ និង ទី៣ នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៩ រហូតដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តម សៅ សុខា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីភារកិច្ច និងរចនាសម្ព័ន្ធក្របខណ្ឌចាត់តាំង ដោយយោងតាមអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅ នៃកងរាជអាវុធហត្ថ គឺកងរាជអាវុធហត្ថត្រូវស្ថិតក្រោម បញ្ញាផ្ទាល់របស់នាយករដ្ឋមន្ត្រី ហើយមានតួនាទី ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាព ក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិស ដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវអនុវត្តពេញផ្ទៃប្រទេស ទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ពផង។
កងរាជអាវុធហត្ថ មានភារកិច្ច រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល -រ៉ាប់រងសកម្មភាពខាងប៉ូលីសតុលាការ -បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា ព្រមទាំងផ្ដល់កម្លាំងទៅជួយអន្តរាគមន៍ដល់ក្រសួងនានា ដែលស្នើសុំតាមសេចក្តីត្រូវការជាចាំបាច់។ កងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធចាត់តាំងជាបណ្តើរៗ កសាង និងប្រតិបត្តិតួនាទី ភារកិច្ច បទបញ្ជារួមចំណែកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងជួយសង្គ្រោះប្រជាជនក្នុងករណីជួបប្រទះជាមួយនឹង គ្រោះមហន្តរាយ ដែលកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងភារកិច្ចស្នូលរបស់ខ្លួន កងរាជអាវុធហត្ថ បានពុះពារគ្រប់ការលំបាកខ្វះខាតនានា ក្នុងការកសាង អង្គភាព ឱ្យក្លាយជាខឿនសន្តិសុខរបស់ប្រជាជន ធ្វើការអប់រំបណ្តុះផ្នត់គំនិត ឯកភាព ទាំងទស្សនៈ គោលជំហរ ស្មារតីស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ពង្រឹងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងមហាគ្រួសារកងរាជអាវុធហត្ថ លើកកម្ពស់ “មនសិការ សម្បជញ្ញៈ សហការ ដើម្បីសម្រេចនូវរាល់ភារកិច្ច និងបទបញ្ជា។ ជាមួយគ្នានោះដែរ កងរាជអាវុធហត្ថ បានធ្វើការហ្វឹកហ្វឺនកម្លាំងឱ្យមានជំនាញវិជ្ជាជីវៈ យល់ដឹង និងចេះប្រើប្រាស់មធ្យោបាយ ឧបករណ៍ គ្រឿងសម្ភារៈ បរិក្ខារដែលបានបំពាក់ឱ្យស្ទាត់ជំនាញ និងថែទាំទុកដាក់បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បង្ការឆេះ ខូច បាត់បង់ ថែមទាំងសន្សំសំចៃ ជំរុញលើកទឹកចិត្តការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្ការ ទប់ស្កាត់បទល្មើសបច្ចេកវិទ្យាក្នុងយុគសម័យទំនើប។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការកោតសរសើរ និងផ្ដល់ការលើកទឹកចិត្ត ដល់នាយ និងពលអាវុធហត្ថ ទាំងអស់ ដែលជានិច្ចកាល តែងតែបានខិតខំពុះពារគ្រប់ការលំបាកជំនះបាន រាល់ឧបសគ្គ ដោយរួមសាមគ្គី ប្រគៀកស្មាគ្នា យ៉ាងរឹងមាំជាមួយគ្រប់បណ្ដាកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធ ក្នុងការតស៊ូប្ដូរផ្ដាច់ការពារខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈសង្គម ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងជាសាកលកូវីត-១៩ ដែលជាបញ្ហាប្រឈម នៅក្នុងសកលលោក រហូតបានបើកប្រទេសឡើងវិញដោយមិនមានការភ័យខ្លាច។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកបញ្ជាក់ថា៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជាផ្នែកមួយនៃស្ថាប័នទ័ពជំនាញ របស់កងយោធពលខេមរភូមិន្ទ ដែលមានតួនាទីភារកិច្ច ចូលរួមសហការ ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋ ចូលរួមសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្ដល់កម្លាំងគាំទ្រដល់បណ្ដាលស្ថាប័ន ក្រសួង ពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ ដែលមានវិសាលភាពលើផ្ទៃប្រទេសទាំងមូល ទៅលើយោធា និងប្រជាពលរដ្ឋ ជាជនស៊ីវិលផងដែរ ។ សម្ដេចពិជ័យសេនា បានរំលឹក ដល់កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹងថែមទៀត អំពីការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើនលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នា បានខិតខំកសាងតាំងពីបាទដៃទទេ មកដោយលំបាកអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក។ ជាមួយគ្នានេះដែរកងរាជអាវុធហត្ថ ក៍ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបាន ល្អ និងត្រូវព្យាយាមប្រឹងប្រែងសហការបំពេញការងារឲ្យកាន់តែល្អថែមទៀត ជាមួយគ្រប់សមត្ថកិច្ចពាក់ព័ន្ធលើការអនុវត្តច្បាប់។ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចុះ ៕