ព័ត៌មាន

ឧត្តម​សេនីយ៍​ឯ​ក គឹម​ រស្មី​ ជួ​ប​សិក្ខា​កាម​វគ្គ​រដ្ឋបាល ​ជំនា​ន់​ទី​៤​ ឆ្នាំ​២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
1728
3120 ឧត្តម​សេនីយ៍​ឯ​ក គឹម​ រស្មី​ ជួ​ប​សិក្ខា​កាម​វគ្គ​រដ្ឋបាល ​ជំនា​ន់​ទី​៤​ ឆ្នាំ​២០២៣​

       ឧត្ត​មសេនីយ៍ឯ​ក គឹម រស្មី ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​និង​ជា​អគ្គលេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​​២៨​ ខែ​មិថុនា ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ថ្នាក់​ដឹក​នាំ​ យោធា​ចារ្យ​ សាស្ត្រា​ចារ្យ​ និង​សិក្ខា​កា​ម វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​ជំនាន់​ទី​៤ ​ឆ្នាំ​២០២៣​ នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​​។

       ក្នុង​របាយ​ការណ៍​ស្វាគមន៍​របស់ ​ឧត្តម​សេនីយ៍​ទោ​ ហៀ ហ៊ីន នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល​ នៃ​ខ.ភ.ម​.​ បាន​ឲ្យ​ដឹ​ង​ថា​៖ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ចំនួន​ ៣​ជំនាន់​រួច​ម​កហើយ ​ឆ្នាំ​នេះ​ទទួល​បាន​ជំនាន់​​ទី​៤​ ឆ្នាំ​២០២៣។​

       វគ្គ​បណ្ដុះ​បណ្ដាល​ការងារ​រដ្ឋបាល​ ជំនាន់ទី​៤​ ឆ្នាំ​២០២៣ ​មាន​សិក្ខា​កាម​សរុប​ចំនួន ​២០០​នាក់,​ ​យោធា​ចារ្យ​ និង​សាស្រ្តា​ចារ្យ​ ចំនួន​៤៥​នាក់​។​ មាន​រយៈ​ពេ​ល ១៨​ខែ​, គិត​ចាំ​ពីថ្ងៃទី​២៨​ ខែ​មិថុនា ​ឆ្នាំ​២០២៣​ ដល់​ថ្ងៃទី​១៥​ ខែ​មករា​ ឆ្នាំ​២០២៥​។​ ​ខ្លឹម​សារ​ហ្វឹក​ហ្វឺន​ មាន​៣២​មុខ​វិជ្ជា ​រួម​មាន៖​ ការ​អនុវត្ត​ការ​ងារ​រដ្ឋបាល.​ ចំណេះដឹ​ង​ស្តី​ពី​ច្បាប់.​ ចំណេះដឹ​ង​ទូទៅ.​ ផែន​ការ​យុទ្ធ​សាស្ត្រ​យោធា​.​ រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​. កុំព្យូទ័រ​រដ្ឋបាល​.​ ឋាន​លេខា​. សេនា​ធិការ​ផែន​ទី​​។ ក្រៅ​ពី​នេះ ​នឹង​ចុះ​អនុវត្ត​ជាក់​ស្ដែង​នៅ​លើ​ទីលាន​មុខ​វិជ្ជា​ឋាន​លេខា​ នៅ​ភូមិ​សាស្រ្ត​ខេត្ត​កំពង់​ស្ពឺ,​ ទស្សន​កិច្ច​សិក្សា​នៅ​វិមាន​ឈ្នះឈ្នះ​ នៅ​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ ​និង​ទស្សន​កិច្ច​សិក្សា​នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​កោះ​ថ្ម​ X16​ នៅ​ភូមិ​សាស្រ្ត​ខេត្ត​ត្បូង​ឃ្មុំ​។​ ចំពោះ​វគ្គ​ជំនាន់​ទី​៤​ ​ឆ្នាំ​២០២៣​ នឹង​ត្រៀម​បើក​វគ្គនា​ពេល​ខាង​មុខ​នេះ​។​

       ដោយ​ឡែក ​វគ្គ​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល ​ជំនាន់​ទី​៣​ ​ឆ្នាំ​២០២២ ​មាន​សិក្ខា​កា​ម ចំនួន ​២២៧​នាក់ ​មក​ពី​កង​ឯកភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ -​មាន​យោធា​ចារ្យ​ និងសាស្រ្តា​ចារ្យ ​ចំនួន ​៣៨​រូប​។​ មាន​រយៈ​ពេល ​១៥​ខែ​ បាន​ចា​ប់ផ្តើម​ កាល​ពី​ថ្ងៃ​ទី​២​៧​ ខែ​ឧសភា ​ឆ្នាំ​២០២២ ​ដល់​ថ្ងៃ​ទី​២​០​ ខែ​កក្កដា​ ឆ្នាំ​២០២៣​។​ សិក្សា​លើ​ខ្លឹម​សារ​មេរៀន​ សរុប​២២​មុខ​វិជ្ជា​។​ ជាក់​ស្ដែង​វគ្គ​បណ្ដុះ​បណ្ដាល​ ជំនាន់​ទី​៣​ ឆ្នាំ​២០២២​ បាន​ដំណើរ​មក​ដល់​ថ្ងៃ​នេះ​ មាន​រយៈ​ពេល​ ១៤​ខែ​រួច​មក​ហើយ​,​ ​ហ្វឹក​ហ្វឺន​បា​ន២២​មុខ​វិជ្ជា ​និង​បា​នប្រឡង​បញ្ច​ប់​មុខ​វិជ្ជា ​ចំនួន​១​០​មុខ​វិជ្ជា​។​ ចំពោះ​មុខ​វគ្គ​បណ្ដុះ​បណ្ដាល​ការងារ​រដ្ឋបាល ​ជំនាន់ទី​៣ ​ឆ្នាំ​២០២២ ​មជ្ឈមណ្ឌល​បាន​ត្រៀម​រៀប​ចំ​ឲ្យ​ធ្វើ​កិច្ច​ការ​ស្រាវ​ជ្រាវ​តាម​មុខ​វិជ្ជា និង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិមាន​ឈ្នះ ឈ្នះ​។

         នៅ​ក្នុង​នា​ម​ នាយ​ឧត្តម​សេនីយ៍​ សំ វណ្ណថន និង​ថ្នាក់​ដឹ​ក​នាំ​ ក្រសួង​ការ​ពារ​ជាតិ​,​ ឧត្តម​សេនីយ៍​ឯ​ក គឹម រស្មី បាន​មា​នប្រសាសន៍​ថា​ ​ធន​ធា​នមនុស្ស​គឺ​ជា​កត្តា​សំខាន់​បំផុត​ ក្នុង​កិច្ច​ដំណើរការ​ នៃ​ការ​កសាង​សង្គម​ជាតិ​មួ​យ ​ឱ្យ​មាន​ការ​រី​កចម្រើន​ជឿន​លឿន ​និ​ង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ​ព្រម​ទាំង​ភាព​ប៉ិន​ប្រសព្វ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ លើ​ជោគ​វាសនា​អនាគត នៃ​ប្រទេស​កម្ពុជា​។​ ​ឯកឧត្តម ​បាន​បន្ត​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ​គឺ​ជា​អទិភាព​ចំពោះ​វិស័យ​អប់រំ ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា​ ដែល​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​នានា ​បាន​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​ មួយ​មាន​សុខ​ដុមភាព ​វឌ្ឍន​ភាព​ និង​ការ​យោគ​យល់​គ្នា​។​ ឯកឧត្តម ​បាន​គូស​បញ្ជាក់​ថា៖​ «យើង​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​គ្នា ​លើ​ការងារ​អភិវឌ្ឍ ​វិស័យ​អប់រំ​ ដើម្បី​សំដៅ​បន្ត​លើក​កម្ពស់​សមត្ថភាព​ គុណភាព ​និង​ប្រសិទ្ធ​ភាព​​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​កា​រប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​នានា​ ជា​ពិសេស​ត្រូវ​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ ​សាមគ្គី​ភាព​ឱ្យ​បាន​រឹង​មាំ​ ​និង​ប្រឆាំង​ដាច់​ខា​ត់ ចំពោះ​ការ​ប៉ុន​ប៉​ងណា​មួយ​របស់​ពួក​អគតិ​ដែល​តែ​ងតែ ​រិះ​រក​គ្រប់​មធ្យោបាយ ​បំបែក​បំបាក់​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​ដែល​កំពុង​មាន​សន្តិភាព ​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​និងការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ​នេះ»​។​

        ឯកឧត្តម​ គឹម រស្មី បាន​ថ្លែង​ថា​ ​សមិទ្ធផល​ជា​ច្រើន ​ក្រោម​កិច្ច​ខិ​តខំ​ប្រឹង​ប្រែង​របស់​រា​ជរដ្ឋាភិបាល ​ក្នុង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​សេដ្ឋកិច្ច ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សង្គម​។​ ​កត្តា​ទាំង​អស់​នេះ ​ជា​មូល​ដ្ឋាន​គ្រឹះ​ នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​មួយ ​ទៅ​មុខ​បាន​ដោយ​រលូន​លើ​គ្រប់​វិស័យ​។​ ​ក្នុង​ន័​យនេះ ​យើង​មិន​ត្រូវ​មើល​រំលង​ពី​គុណ​បំណាច់ នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិ​ត ក្នុង​ដំណើរការ​ នៃ​ការ​រំដោះ​ប្រទេស​ជាតិ ​ចេញ​ពី​សង្គ្រាម​ និង​បន្ត​ដឹក​នាំ​អភិវឌ្ឍ​ប្រទេស ​ឱ្យ​មាន​ការ​រី​កចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ​។​

        ឯកឧត្តម គឹម រស្មី សង្ឈឹម​យ៉ាង​មុត​មាំ​ថា​ បង​ប្អូន​សិក្ខាកាម​នឹង​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​សិក្សា​ទាំង​ទ្រឹស្ដី ​ការ​អនុវត្ត​ជាក់​ស្ដែង​ ធ្វើ​កិច្ចការ​ស្រាវ​ជ្រាវ​ ដើម្បី​យក​ចំណេះដឹ​ង​របស់​ខ្លួន​ទៅ​អនុវត្ត​កាតព្វ​កិច្ច​ ឱ្យ​ក្លាយ​ជា​នាយ​ទាហាន​បន្ត​វេន​ដ៏​​ឆ្នើម​ ក្នុង​ការ​ដឹក​នាំ​ ​គ្រប់​គ្រង​ អនុវត្ត​ភារកិច្ច​ជូន​អង្គ​ភាព​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ទាំង​ពេល​បច្ចុប្បន្ន ​និង​ថ្ងៃ​អនាគត​ឱ្យ​កា​ន់តែ​ល្អ​ប្រសើរ​ឡើង។​ ​ម្យាង​ទៀត​សិក្ខា​កាម​ត្រូវ​អនុវត្ត​ និង​គោរព​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ នូវ​បទ​បញ្ជា​ផ្ទៃ​របស់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​បញ្ចប់​វគ្គ​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់ៗ​គ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ