នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ជាប្រវត្តិសាស្ត្រ ដែលនោះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យកាន់តែរីកចម្រើនលូតលាស់ថែមទៀត ស្របតាមស្មារតី នៃច្បាប់ និងរដ្ឋធម្មនុញ្ញ។ ដូច្នេះសូមអញ្ជើញ អុំ ពូ មីង ទាំងអស់គ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរបស់ខ្លួន ដែលយើងពេញចិត្ត។ ជៀសវាងការចាញ់ឧបាយកលឃោសនាបោកប្រាស់របស់ជនអគតិមួយចំនួន ដែលបានឃោសនាប្រឆាំង នឹងរាជរដ្ឋាភិបាល។ ខាងលើជាប្រសាសន៏សំណេះសំណាលរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានអនុគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរសាធរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ មិថុនា និងបានបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា ប្រមាណចំនួន ៦ពាន់នាក់ ដែលអញ្ជើញមកពីរាជធានីភ្នំពេញ ដែលពិធីនេះ បានប្រាប់ឡើងនៅ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសនោះផងដែរក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជន របស់យើងទូទាំងប្រទេសជាប្រចាំ។ នេះស បញ្ជាក់ ឲ្យឃើញនូវការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ អតីតយុទ្ធជនយើង និងក្រុមគ្រួសារ ព្រមទាំងសំដែងនូវការដឹងគុណ ចំពោះអតីតយុទ្ធជនកម្ពុជាយើង ដែលកន្លងមកបានយកអស់កំលាំងកាយចិត្ត និងហ៊ានបូជាជីវិត ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជន មិនឲ្យសត្រូវចូលរំលោភ និងឈ្លានពាន បូរណភាពទឹកដី ព្រមទាំងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីប្រជាជន បានរស់នៅក្នុងសុខសន្តិភាព រហូតមកដល់ពេលនេះ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបន្តទៀតថា៖ បន្ទាប់ពីបានបញ្ចប់ភារកិច្ចការពារជាតិ និងមាតុភូមិរួចមក យុទ្ធជនរបស់យើង ខ្លះរស់នៅមានជីវភាពលំបាក, យុទ្ធជនខ្លះត្រូវបាត់បង់ សមត្ថភាព ធ្វើពលកម្ម ហើយខ្លះទៀតមានទទួល នូវការពិការជាដើម។ ឯ.ឧ បានបន្ថែមឲ្យដឹងទៀតថា៖ សមាគមអតីតយុទ្ធជន បានខិតខំប្រមូលថវិកាពីសមាជិក និងអំពាវនាវដល់សប្បុរសជននានា ក្នុង និងក្រៅប្រទេស ដើម្បីបានមកបង្កើនថវិកា ជួយដល់សមាគមថែមមួយកំរិតទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន នៅក្នុងរាជធានី ទាំង ៦ពាន់នាក់ ព្រមទាំងនាំយកអំណោយរបស់សមាគមជូនដល់អតីតយុទ្ធជន ដោយក្នុងម្នាក់ទទួលបាន ថវិកា១០ម៉ឺនរៀល។
តាមរបាយការណ៏របស់ ឧត្តមសេនីយ៏ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ, ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ គិតត្រឹមខែឧសភាឆ្នាំ ២០២៣នេះអតីតយុទ្ធជន ក្នុងរាជធានីភ្នំពេញមានចំនួន៖ ១៣ពាន់១៧៣នាក់។ ក្នុងនោះបានស្ម័គ្រចិត្តចូលជាសមាជិក សមាជិកាអតីតយុទ្ធជនចំនួន ១ពាន់១១៦នាក់ ចូលជាសមាជិកជនពិការ ១ពាន់ ៤២០នាក់និវត្តន៍ជន ៦ពាន់១៧៣នាក់, ជនបាត់បង់សមត្ថភាពការងារ ៨៩នាក់ គ្រួសារជនពលី ១ពាន់១៦៧ គ្រួសារ, គ្រួសារជនមរណៈ ៥៦៧គ្រួសារ។ ឯកឧត្តម ស ថេត បានបន្តទៀតថា៖ ចំពោះគ្រួសារដែលមានជីវភាពមធ្យម មានចំនួន ៤ពាន់ ២៤៥នាក់។ ជីវភាពក្រីក្រមាន ២ពាន់២១៦នាក់, គ្រួសារទីទាល់ក្រ មាន ៤៨៩គ្រួសារ, អត់ដីអត់ផ្ទះ ១២៩នាក់, មានដីអត់ផ្ទះ៣០នាក់, រស់នៅលើដីសាធារណៈ ១២៥នាក់។ កន្លងមកសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានដោះស្រាយជូនសមាជិកសមាជិការដែលខ្វះទីលំនៅពិតប្រាកដ បាន ១៣៤ខ្នងផ្ទះ ក្នុងនោះ ១៧ខ្នងផ្ទះ នៅក្នុងរាជធានីភ្នំពេញ និង១១៧ខ្នងផ្ទះ នៅភូមិស្រះទឹកតេជោ ឃុំបាក់វែក ស្រុកចុងកាល ខេត្តឧត្តមមានជ័យ ៕