ផ្ទះចំនួន ១០៧ខ្នង ដែលបានជួសជុល និងសាងសង់ថ្មី ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សៀមរាប ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី២៥ មិថុនា ដោយយកឱកាស នេះសម្តេចបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ដែលបានរួមគ្នាសម្រេចឱ្យបាននូវការជួសជុល និងការសាងសង់ផ្ទះថ្មីទាំង ១០៧ខ្នងនេះឡើង ហើយត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។
ថ្លែងទៅកាន់ក្រុមការងារចុះជួយមូលដ្ឋាន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋនាពិធីប្រគល់ និងទទួលផ្ទះទាំង ១០៧ខ្នងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការ កោតសរសើរចំពោះឯកឧត្តម សែម សុវណ្ណនី ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប និងសហការី ដែលបានខិតខំប្រឹងប្រែងជាមួយ នឹងស្មារតីទទួលខុសត្រូវខ្ពស់ ចុះបំពេញការងារនៅមូលដ្ឋានដើម្បីស្វែងយល់ពីជីវភាព សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងនានានៅតាមមូលដ្ឋាន សំដៅពង្រឹង និងលើកកម្ពស់ការ ទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់រួមគ្នាដោះស្រាយបញ្ហា ប្រឈមរបស់ប្រជាពលរដ្ឋ ក៏ដូចជាជម្រុញការអភិវឌ្ឍមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា បញ្ជាក់ថា៖ ចាប់ពីក្រោយប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការចូលរួមគាំទ្រពីបងប្អូនជនរួមជាតិ ទាំងអស់ រហូតមកដល់បច្ចុប្បន្នប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ពោលគឺមានថ្ងៃជ័យជម្នះ ៧ មករា ទើបយើងមានអ្វីៗដូចថ្ងៃនេះ និងមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាបានដឹកនាំស្តារ និងកសាងប្រទេសជាតិឡើងវិញពីគំនរ ផេះផង់នៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ដោយឆ្លងកាត់ឧបសគ្គ និងការលំបាកនានាឥតគណនា រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ហើយបាន និងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៦ នៃរដ្ឋសភា នេះនៅទូទាំងក្រុង ស្រុក នៃខេត្តសៀមរាប និយាយជារួម នៅស្រុកបន្ទាយស្រី និយាយដោយឡែក ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ក្រុមការងាររាជរដ្ឋាភិបាលដឹកនាំដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានដោះស្រាយក្តីកង្វល់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានឃុំទាំង៦ នៃស្រុកបន្ទាយស្រី ដោយបានចំណាយថវិការហូតជិត ៤សែនដុល្លារអាមេរិក សម្រាប់ការងារមនុស្សធម៌ និងកិច្ចការសង្គម មានជាអាទិ៍ សាងសង់ផ្ទះថ្មីចំនួន ១៧ខ្នង និងជួសជុលចំនួន ១៥៧ខ្នង ជូនប្រជាពលរដ្ឋនៅតាមឃុំទាំង ៦ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយជាមួយគ្នានេះក្រុមការងារក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនថែមទៀតផង ៕