ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ​៧​ ក្នុ​ង​កិច្ច​សន្ទនា​សាំង​ហ្គីឡា ​ក្រោម​ប្រធាន​បទ៖​ «ការ​អភិវឌ្ឍ​គំរូ ​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​»
នាយកដ្ឋានព័ត៌មាន(៣)
759
3105 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ​៧​ ក្នុ​ង​កិច្ច​សន្ទនា​សាំង​ហ្គីឡា ​ក្រោម​ប្រធាន​បទ៖​ «ការ​អភិវឌ្ឍ​គំរូ ​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​»

        ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​លើក​ទី​ ២០​ នៅ​ប្រទេស​សិង្ហបុរី ​នៅ​ថ្ងៃ​ទី០៤​ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​ ​៧ ​ក្នុង​កិច្ច​សន្ទនា​សាំងហ្គីឡា​ ក្រោម​ប្រធាន​បទ៖​ «​ការ​អភិវឌ្ឍ​គំរូ ​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​»។​

        ថ្លែង​នៅ​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​លើកទី​ ២០​ នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖ ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ រវាង​ប្រទេស​មហា​អំណាច ​បាន​បង្កការ​រំខាន​ដ​ល់​ភាព​សុខដុម ​និង​វិបុល​ភាព​ នៃ​ប្រទេស​តូច​តាច​ដទៃ​ទៀត​។​ ជា​កា​រពិត​ គូ​ប្រជែង​មុខ​ជា​មិន​បាន​ទទួល​ផល​ចំណេញ​ឡើយ ​ព្រោះ​ពួក​គេ​ ជៀស​មិន​ផុត​ពី​ការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​ម​ក យូរ​អង្វែង​ត​ទៅ​ទៀត​។​ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ទៀត​ថា​៖​ ថ្មីៗ​ នេះ ​សម្តេច​តេជោ ​ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា​ យើង​ពិត​ជា​មិន​ចង់​ ឃើញ​ចិន​ ក៏​ដូច​ជា​អាមេរិក​ ចុះ​ខ្សោយ​នោះ​ទេ។​ ការ​ចុះ​ខ្សោយ​រប​ស់អ្នក​ណា​ម្នាក់​ ឬ​ក៏​របស់​អ្នក​ទាំ​ងពី​រ ​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​សម្រាប់​ប្រទេស ​ទូ​ទាំង​តំបន់ ​និង​ពិភ​ពលោក​ ជាក់​ជា​មិន​ខា​ន​។ ក្នុង​នាម​ជា​សមាជិក​មួយ​ នៃ​អាស៊ាន​កម្ពុជា​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​គូ​ប្រជែង​ទាំង​អស់​ ពី​ការ​ផ្ចាញ់​ផ្ចាល​គ្នា​ ទៅ​ជា​ការ​រួម​គ្នា​គិត​គូ​អំពី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ អំពី​ស្ថិរភាព​ និង​វិបុល​ភាព​របស់​តំបន់​ និង​ពិភ​ពលោក​។​ យើង​ក៏​ចង់​ ឲ្យ​មាន​ការ​បន្ធូរ​ភាព​តាន​តឹង ​និង​ធ្វើ​ឲ្យ​ប្រក្រតី​ឡើង​វិញ​ នូវស្ថាន​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និងការ​ស្វែង​រក​វិធី​សាស្រ្ត​ណា​មួយ ​ដែល​អាច​ទទួល​យក​បាន​ ដើម្បី​បញ្ឈប់​សង្គ្រា​ម​រវាង​រុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន ផង​ដែរ​។​ ការ​បង្កើត​ និង​ដំណើរ​កា​រ នៃ​យន្តការ​មួយ​ចំនួន​ ដែល​ធ្វើ​ឡើង​ដោ​យ ប្រទេស​ធំៗ​ក្នុ​ង​តំបន់​ កំពុង​ត្រូវ​បាន​យល់​ឃើញ​ ក្នុង​ទិដ្ឋភាព​ផ្សេងៗ​គ្នា​។​ ជា​ការ​ប្រសើរ ​ប្រសិន​បើ​យន្តការ​ ឬ​ភាព​ជាដៃគូទាំង​នោះ​ បម្រើ​ឲ្យ​សន្តិភាព​ស្ថិរភាព​ និង​វិបុល​ភាព​ក្នុង​តំបន់។ ​ផ្ទុយ​ទៅ​វិញ​ សកម្មភាព​ដែល​មាន​ចរិត ​ជា​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​ណា​មួយ​ទៀត ​នឹង​រឹត​តែ​បង្កើន​ភាពតាន​តឹង​ ក្នុង​តំបន់​ ទោះបី​ជា​មាន​ការ​អះអាង​ថា​ វិធាន​ការ​ទាំង​នោះ​គឺ​ដើម្បី​តុល្យភាព​ ផ្នែ​ក​យុទ្ធសាស្ត្រ​ ក៏​ដោ​យ​។

        ទាក់​ទង​ទៅ​នឹ​ងប្រទេស​មីយ៉ាន់​ម៉ា​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បញ្ចាក់​ថា៖​ បញ្ហា​មីយ៉ាន់មា ​គឺ​ជាភាព​ប្រឈម​មួយ​ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ជឿជា​ក់​ និង​មជ្ឈភាព ​(Centrality) រប​ស់​អាស៊ាន​។​ នៅ​ក្នុង​ទស្សនៈ​សម្តេច​ពិជ័យ​សេ​នា បាន​បន្ថែម​ថា៖​  តួនាទី​រប​ស់​អាស៊ាន​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ គឺ​ពិត​ជាសំខាន់​ណាស់​ តែ​មិន​អាច​ធានា​ជោគ​ជ័យ​ទាំង​ស្រុង​នោះ​ទេ ​បើ​សិន​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ​ពី​មីយ៉ាន់​ម៉ា​ខ្លួន​​ឯង​។​ ការ​ស្វែង​រ​កទំនុក​ចិត្ត​គ្នា​​ទៅ​វិញ​ទៅ​ម​ក ក្នុង​ចំណោម​តួ​អង្គ​ទាំង​ឡាយ​របស់​មីយ៉ាន់ម៉ា​ អាច​ជា​គន្លឹះ ​នៃ​ដំណោះ​ស្រាយ​។​ តាម​បទ​ពិសោធន៍​របស់​កម្ពុជា​នា​អតីត​កា​ល គោល​នយោ​បាយ​ឈ្នះ ឈ្នះ​ ដោយ​ផ្អែក​លើ​សម្បទាន​ រួម​ទាំង​កា​រផ្ដល់​កិត្តិយស ​និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​ម​ក គឺ​ជា​មូល​ដ្ឋាន​ដ៏​រឹងមាំ​ សម្រាប់​សន្តិភាព ​ភាព​សុខ​ដុមរមនា​ និង​វិបុលភាព​ ស្ថិត​ស្ថេរ​យូរ​អង្វែង​។​ នេះ​ក៏​ជា​គំរូ​មួយ​ទៀត ​ដែល​កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​​គ្នា​មិន​អាច​ខ្វះ​បាន ​រវាង​ឆន្ទៈ​នយោបាយ ​ឯកភាព​ជាតិ​ និង​ការ​ជ្រោម​ជ្រែង​ដោយ​សុទ្ធចិត្ត​ពី​ខាង​​ក្រៅ​ឈរ​លើ​ការ​គោរព​ផល​ប្រយោជន៍​រួម​ ជា​ធំ។​ 

        ទាក់​ទង​ទៅ​នឹង​ការ​ប្រែប្រួ​ល​អាកាសធា​តុ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ មាន​ប្រសាសន៍ថា​៖​ ពិត​មែន​ថាការ​បំផ្លាញ​ធម្មជាតិ ​និង​ការ​បំពុល​បរិស្ថាន​ កើត​មាន​នៅ​គ្រប់​ទិស​ទី​ តែ​ប្រទេស​ឧស្សាហកម្ម​ធំៗ ​គឺ​ជា​ប្រភព​ចម្បង​ នៃ​ការ​​ប្រែ​ប្រួល​ធាតុ​អាកាស​។​ ​យើង​បា​នឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​ ដើម្បី​កាត​បន្ថយ​ហានិភ័យ​ធ្ងន់​ធ្ងរ​សម្រាប់​ផែន​ដី​យើង ​តែ​ហាក់​មិន​ទាន់​បាន​​ទទួល​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ​។​ ជា​រឿយៗ ​យើង​បាន​ឃើញ​របាយ​ការណ៍​ស្តី​ពី​ស្ថាន​ភាព​នៃ​បម្រែ​បម្រួល​ធាតុ​អាកាស ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​។​ ដូច្នេះ​តម្រូ​វ​ឲ្យ​មាន​ការ​ខិត​ខំ​រួម​គ្នា​ច្រើន​ថែម​ទៀត​នៅ​ក្នុង​បញ្ហា​នេះ ​ជាពិ​សេស​ប្រទេស​ឧស្សាហ​កម្ម​ធំៗ ​ត្រូវ​ធ្វើ​ជា​គំរូនៅ​ក្នុង​ការ​ខិត​ខំ​ ​កាត់ប​ន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​និង​ការ​បំពុល​បរិស្ថាន​តាម​រូប​ភាព​ផ្សេងៗ​ទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ