ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ) បានប្រារព្ធពិធីទិវាអន្តរជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) ព្រមទាំងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ ដល់កម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងតំបន់បំពេញបេសកកម្ម ក្រោមឆ័ត្រ អ.ស.ប. ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចូសិប ស៊ូអ៊ឺ (Joseph Scheuer) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធានានាប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។
នេះគឺជាខួប៧៥ឆ្នាំ ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលជាទិវាប្រកបដោយមោទនភាពបំផុត ចំពោះបណ្ដាប្រទេសបញ្ចូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីភាពកតញ្ញូ ការរំឭកដឹងគុណបំណាច់ កងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក។
គិតចាប់តាំងពីឆ្នាំ១៩៤៨មក កម្លាំងចម្រុះជាតិសាសន៍របស់ អ.ស.ប បានពលីសរុបចំនួន ៤.២៨០នាក់ ក្នុងនោះ យុទ្ធជនកម្ពុជាចំនួន ១១នាក់ បានពលី ក្នុងនោះ (នៅប្រទេសម៉ាលី មានចំនួន ៦នាក់, អាហ្វ្រិកកណ្តាល ចំនួន ៥នាក់) និងរបួស មានចំនួន ១៥នាក់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអោយដឹងថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី ៣១ ដែលអង្គការសហប្រជាជាតិ បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថា UNTAC ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីសង្គ្រាមហែកហួរក្នុងស្រុក និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។
ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចំនួនជាង៩ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ៩ប្រទេស ខណៈ នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប. នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី។
លោក ចូសិប ស៊ូអ៊ឺ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រ អ.ស.ប. ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ១១នាក់ផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយក្តីស្រលាញ់ ជូនចំពោះកងកម្លាំងរក្សាសន្តិភាព និងក្រុមគ្រួសារ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជម្រុញបង្កើនការប្រើប្រាស់កម្លាំងជានារី (យេនឌ័រ) ឱ្យបាន២៥% នៅគ្រប់បេសកកម្មរក្សាសន្តិភាព ទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទី ជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ធានានិរន្តភាពនៃការចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពយូរអង្វែង ព្រមទាំងផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យរក្សាសន្តិភាពមួយចំនួនទៀត ដែលកម្ពុជាមានលទ្ធភាពចូលរួម ៕