ព័ត៌មាន

កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀបចំ ​ប្រាព្ធពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការ​ពារ​ជាតិ ​ថ្នាក់​រដ្ឋ​មន្ដ្រី​លើក​ទី១​ ចំនួន​ ៣​ប្រទេស កម្ពុជា​-​ឡាវ​-​វៀត​ណាម ​នៅ​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
525
3095 កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀបចំ ​ប្រាព្ធពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការ​ពារ​ជាតិ ​ថ្នាក់​រដ្ឋ​មន្ដ្រី​លើក​ទី១​ ចំនួន​ ៣​ប្រទេស កម្ពុជា​-​ឡាវ​-​វៀត​ណាម ​នៅ​វៀត​ណាម​

          ក្រុមការងាររៀបចំ ប្រាព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ដ្រីលើកទី១ ចំនួន ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម បានជួបប្រជុំគ្នានៅសណ្ឋាគារ ឥណ្ឌូឆាយណ (Indochine)ក្នុង ខេត្ត កន ទុំ (Kon Tum) សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១៨ ឧសភា ឆាំ២០២៣ ដែលមានភាគីកម្ពុជា ចូលរួមដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ នៃកងយោធព​លខេមរ​ភូមិន្ទ និងសមាជិក​ក្រុមការងារ ,ភាគីម្ចាស់ផ្ទះវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនជៀន (Hoang Xuon Chien) អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស វៀតណាម ,និងភាគីកងទ័ពប្រជាជនឡាវ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ វង្សខាំ ភូម៉ាកន អនុរដ្ឋបន្ត្រី ក្រសួង​ការពារ​ប្រទេ​ស​ឡាវ។

          ក្នុងកិច្ចប្រជុំនាពេលនោះ ភាគីក្រុមការងារ ទាំងបីប្រទេស បានពិភាក្សាគ្នាយ៉ាងលម្អិត អំពីការត្រៀមរៀបចំប្រារព្ធពិធីជំ​នួប​ប្រាស្រ័យ​មិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី១ វៀតណាម-កម្ពុជា-ឡាវ ដែលមានរបៀបវរៈ នៃការកំណត់ ការចុះសិក្សាទីតាំងលើកទី ២ ដើម្បីត្រៀមប្រារព្ធ​ពិធី​ជំនួបប្រាស្រ័យមិត្ត​ភាព​ការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី ១ ចំនួន ៣ ប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅបរិវេណតំបន់​ត្រីកោណ​មរកត ចាប់ពីថ្ងៃទី​១៨ ​ដល់​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២៣ ការកំណត់ពេលវេលា នៃការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ នាចុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ.របៀបវរៈ នៃកម្មវិធីលំអិតសម្រាប់ពិធីជំនួប​​ប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទីមួយ កម្ពុជា-ឡាវ-វៀតណាម។ កិច្ចប្រជុំបានស្នើឲ្យភាគីវៀតណាម គឺជាអ្នករៀបចំទីកន្លែង.ទីតាំង ចុះឧទ្ធម្ភភាគចក្រទាំងបីប្រទេសរួមគ្នា ស្ថិតនៅចំណុចមួយ ក្នុងស្រុកង៉ុកហូយ ខេត្តកនទុំ ដែលមានចម្ងាយប្រមាណជា ២៥ គីឡូម៉ែត្រ ទៅកាន់បង្គោលព្រំដែនតំបន់កន្ទុយនាគ។ ទីតាំងកន្លែងសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទីមួយ ៣ ប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅទីតាំងត្រីកោណមរកត ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី កម្ពុជា.ការកំណត់អំពីកន្លែងស្នាក់នៅ.ដែលមានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីទីតាំងជំនួបប្រាស្រ័យមិត្តភាព. ទីតាំងចែកអំណោយ នៅសាលាបឋមសិក្សាវ៉ាន់ដាន់ ក្នុងឃុំដាក់ប៉ា ស្រុកទុកហ៊ួយ ក្នុងខេត្តកនទុំ វៀតណាម .ការកំណត់ពិធីចែកអំណោយប្រព្រឹត្តទៅក្រោមវត្តមានរដ្ឋមន្ត្រីការពារជាតិ ប្រទេសទាំងបី។ ការកំណត់ទីតាំងសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយពិនិត្យព្យាបាលសុខភាពជូនប្រជាជន នៅក្បែរសាលាបឋមសិក្សាវ៉ាន់ដាន់ ដែលមានចំងាយប្រមាណ ៣០០ ម៉ែត្រ ដែលនឹងបិទបញ្ចប់ការងារសុខាភិបាលយោធា ជូនប្រជាជនក្នុងរយៈពេល ៣ ថ្ងៃ ដោយគ្រោងលើចំនួនប្រជាជនមកទទួលការពិនិត្យព្យាបាល ពី ១០០០ នាក់ ទៅ ១៥០០ នាក់​។ ការដាំកូនឈើ ជាលក្ខណ:មិត្តភាព វៀតណាម-កម្ពុជា-ឡាវ ដែលភាគីមិត្ត យោធភូមិភាគទី ៥ វៀតណាម ផ្ដល់ឲ្យសម្រាប់កម្ពុជា-និងឡាវ ចំនួន ៥០០០ ដើម សម្រាប់ប្រទេសនីមួយៗ ដើម្បីដាំជាលក្ខណៈមិត្តភាពនៅជុំវិញបរិវេណនៃតំបន់ព្រំដែនត្រីកោណមរកត។ ភាគីទាំងបី បានឯកភាពគ្នាលើរបៀប វីរៈដែលបានព្រមព្រៀងគ្នា ហើយក៍នឹងចុះត្រួតពិនិត្យមើលទីតាំងដោយផ្ទាល់ នៅចំណុចព្រំដែនត្រីកោណមរកត នៃ ចំណុចប្រសព្វ ខ្សែបន្ទាត់ព្រំដែនប្រទេសទាំងបី ជាក់ស្តែងបន្ត នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ បន្តទៀត។ 

       ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនជៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលជាប្រធាននៃកិច្ចប្រជុំ បានថ្លែងនូវអំណរគុណ ចំពោះសមភាគីកម្ពុជា នឹងឡាវ ដែលបានអញ្ជើញមកកាន់ខេត្ត កនទុំ សាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីជួបប្រជុំគ្នាពិភាក្សាលម្អិត អំពីការប្រុងប្រៀបត្រៀមរៀបចំប្រារព្ធធ្វើពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ដ្រីលើកទី១ ចំនួន ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅបរិវេណតំបន់ព្រំដែនត្រីកោណមរកត និងធ្វើនៅចុងឆ្នាំ ២០២៣ ខាងមុខនេះ ។ 

        ឯកឧត្តម ហ័ង ស៊ុនជៀន ក៏បានថ្លែងនូវអំណរគុណផងដែរ ដល់សមភាគីមិត្តកម្ពុជា ចំពោះការរៀបចំប្រគួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ ហើយបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតចំពោះក្រុមកីឡាករគ្រប់ប្រភេទ របស់វៀតណាម ក៏ដូចជាក្រុមកីឡាករបណ្ដាប្រទេសជាបងប្អូនក្នុងសមាគមប្រជាជាតិ អាស៊ាន ដែលបានទៅចូលរួមក្នុងការប្រកួត ទាំងការស្នាក់នៅ ហូបចុក ដោយមិនគិតកម្រៃ ។ ឯកឧត្តម បានបញ្ជាក់ ច្បាស់ៗថា កាយវិការទាំងនេះ របស់មិត្តកម្ពុជា គឺបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ដើម្បីពូនជ្រុំ ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម-និងឡាវ កាន់តែរឹងមាំស្ថិតស្ថេអមតៈ ។ 

      នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសំដែងនូវអំណរគុណ វិញផងដែរដល់ឯកឧត្តម ហ័ង ស៊ុនចៀន ពិសេសឯកឧត្តមអភិបាលខេត្តកនទុំ និងថ្នាក់ដឹកនាំយុទ្ធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម ដែលបានទទួលស្វាគមន៍ប្រតិភូកងទ័ពកម្ពុជា មកកាន់ប្រទេសវៀតណាមពេលនេះដើម្បីបំពេញការងារត្រៀមរៀបចំប្រារព្ធពិធីជំនួបមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីលើកទីមួយ បីប្រទេស កម្ពុជា-វៀតណាម-ឡាវ នាពេលនេះ ។ តាមរយៈនៃការជួបពិភាក្សាគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារប្រទេសយើងទាំងបី និងបំពេញការងារនេះប្រកបទៅដោយជោគជ័យ ក្នុងនាម ជាបងប្អូន ដែលធ្លាប់មានប្រពៃណីតស៊ូចេះជួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយនិងកាន់តែកសាងបានកាន់តែរឹងមាំ នៅខ្សែបន្ទាត់ព្រំដែនប្រទេសទាំងបី ជាខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសតាមបណ្ដោយព្រំដែនកាន់តែមានវឌ្ឍនភាពរីកចម្រើន ។ 

        ឯកឧត្តម ឧត្តមសេនីយ៍ទោ វង់ខាំ ភូម៉ាកន ក៏បានថ្លែងក្នុងកិច្ចប្រជុំនោះដែរថា ភាគីកងទ័ពឡាវ ឯកភាពចំពោះគំនិតផ្ដួចផ្ដើម និងការរៀបចំប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីលើកទី ១ បីប្រទេសឡាវ-កម្ពុជា-និងវៀតណាម ហើយសង្ឃឹមយ៉ាងមុតមាំថា ប្រទេសយើងទាំងបី នៅឥណ្ឌូចិន និងកាន់តែមានភាពរឹងមាំថែមទៀត លើការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនាមជាប្រទេសបងប្អូនភូមិផងរបងជាប់គ្នា ហើយចេះជួយដោះស្រាយបញ្ហាការលំបាកដល់គ្នាទៅវិញទៅមកតាំងពីយូលុងណាស់មកហើយ  ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ