ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារ ខែមេសា និង លើកទិសដៅ សំរាប់អនុវត្តបន្តខែឧសភា ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែមេសា កន្លងមកដែលខ.ភ.ម យើងបានចូលរួមបំពេញភារកិច្ចសហការការពារជាមួយស្ថាប័ននានា ក្នុងឱកាស ចូលឆ្នាំថ្មី ទទួលបានលទ្ធផលដ៏ល្អប្រសើរ។
ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារ សន្តិសុខ ស្ថិរភាព សណ្តាប់ ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារ សំរេចបាន នៅក្នុងរយៈពេល ១ខែ កន្លងទៅ ក្រោមកិច្ចសហការ ជាមួយ កំលាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជនឲ្យទទួលបានភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី។ នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ ព្រំដែន គោក ដែន សមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ, គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និង សកម្មភាពឆ្លងដែន ខុស ច្បាប់ ទៅវិញទៅមក រវាងប្រទេសជិតខាង។ ខ.ភ.ម បានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការ ចូលរួមការពារ សន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិ នានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរព អនុវត្តបទបញ្ជាអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិ។ បណ្តាសា្ថប័ន អង្គភាព ទូទាំងកងយោធពល ខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការ សកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារ ហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារ សតិអារម្មណ៍ កងទ័ព ការងារកសាងបែបបទ យោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារ កសាង ច្បាប់ និងលិខិតបទដ្ឋាន ផ្សេងៗ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស, កែច្នៃជួសជុលថែទាំ លើកកម្ពស់ សុវត្ថិភាព គុណភាព គ្រឿងបំពាក់។ ការងារ សុខាភិបាល បានលើកកម្ពស់ សុខុមាលភាព និងការបន្តចាក់វ៉ាក់សាំង បង្ការ ជំងឺកូវី-១៩ដួសទី៦ជូនកងទ័ព និងគ្រួសារ, បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់ បណ្តាញទំនាក់ទំនង បញ្ជូនសារ ,ការងារ កសាងបណ្តាញ ផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ ផ្សេងៗ ក្នុងកងទ័ព, បានគ្រប់គ្រងអចលនទ្រព្យ របស់កងយោធពលខេមរភូមិន្ទ, ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ យោធា ជាមួយ បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក, ការងារ កសាង និងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រ យោធា, បន្តការបំពេញ បេសកកម្ម រក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ព្រមទាំងការងារ មួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អ ៕