រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ នៅទីស្ដីការក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម អេនជីលីតូ អឹម ឌីឡូន (ANGELITO M.DELEON) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះឯកឧត្តម អេនជីលីតូ អឹម ឌីឡូន (ANGELITO M.DELEON) បានជម្រាបសម្ដេចពិជ័យសេនាថា៖ បើទោះបីប្រទេសយើងទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល កន្លងមកជួបប្រទះនូវវិបត្តិ នៃការរីករាលដាលរោគរាតត្បាតជាសាកល ជំងឺឆ្លងកូវីដ-១៩ នេះក៏ដោយ ក៏ប្រទេសយើងទាំងពីរមិនអាចបញ្ឈប់បាន ពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសយើងទាំងពីរបានឡើយ។ ឯកឧត្តម អេនជីលីតូ បានលើកឡើងទៀតថា៖ កាលពីឆ្នាំ ២០១៧ កន្លងទៅក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានធ្វើពិធីចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យ កងទ័ពទៅវិញទៅមក ហើយដែលចាប់ពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ មាននាយទាហាននៃ ខភម មួយចំនួន បានទទួលអាហារូបករណ៍ក្នុងការបណ្ដុះបណ្ដាលជំនាញយោធា បាននឹងកំពុងបំពេញកម្មសិក្សានៅក្នុងប្រទេសហ្វីលីពីនទៀតផង។ ក្នុងនោះដែរ ឯកឧត្តម អនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ក៏បានសំដែងនូវការលើកសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ។ ពិសេសវឌ្ឍនភាពនៃការរីកចម្រើន និងការវិវត្តថ្មីរបស់ ខភម ទៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ ដូចជាការចូលរួមក្នុងកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កន្លងមកគឺមានបរិមាណកងកម្លាំងដ៏ច្រើនលើសលុប ក្នុងនោះក៍មានកងកម្លាំងជាយុទ្ធនារី បានចូលរួមយ៉ាងច្រើនផងដែរ។
ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសជាតិយើងទាំងពីរ ពិសេស វិស័យកងទ័ពរហូតទទួលបាននៅការចុះពិធីសារលើ អនុស្សារណៈយោគយល់គ្នា រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ថែមទៀតផង។ សម្តេចពិជ័យសេនា ក៍បានជម្រាបជូន ឯកឧត្តម អនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សភាពការណ៍បច្ចុប្បន្ន ដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមរយៈនៃដំណើរទស្សនកិច្ច របស់ឯកឧត្តម អនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពីននៅកម្ពុជានេះ សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់ កងទ័ពហ្វីលីពីន ពិនិត្យលទ្ធភាព ដើម្បីបន្តជួយបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងផ្សេងៗលើវិស័យយោធា ដល់ ខភម បន្ថែមទៀត ដើម្បី ខភម មានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹងពង្រីកវិស័យការពារជាតិរបស់ខ្លួនឲ្យកាន់តែប្រសើរ។
ជាការឆ្លើយតប ឯកឧត្តម អេនជីលីតូ បានសំដែងក្តីរីករាយ និងទទួលយកចំពោះការសំណូមពររបស់សម្តេចពិជ័យសេនា ក្នុងការពិនិត្យលទ្ធភាព ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិហ្វីលីពីន ពិនិត្យសម្រេចលើការជួយបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតដល់កងយោធពលខេមរភូមិន្ទ ៕