បន្ទាប់ពីបានអញ្ជើញទៅដល់ប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ព្រមទាំងគណៈប្រតិភូអមតំណើរទាំងអស់ បានអញ្ជើញចូលរួម ក្នុងវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ ដែលនៅក្នុងកិច្ចប្រជុំវេទិកានេះ បានប្រព្រឹត្តិទៅក្រោមប្រធានបទ “សភាពការណ៍សន្តិសុខក្នុងតំបន់ និងយុទ្ធសាស្ត្រការពារជាតិថ្មី”។ សូមបញ្ជាក់ថា៖ វេទិកា អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន ដែលប្រទេសជប៉ុនទទួលធ្វើជាម្ចាស់ផ្ទះជារៀងរាល់ឆ្នាំ ត្រូវបានខកខាន ដំណើរការកិច្ចប្រជុំអស់រយៈពេល ៣ឆ្នាំកន្លងមក ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ជាសាកល។
នៅក្នុងកិច្ចប្រជុំនាឱកាសនោះ បន្ទាប់ពីមតិស្វាគមន៍ និងសន្ទកថាបើកវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន ដោយអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន រួចមក បណ្តាអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានឡើងថ្លែងសន្ទរកថាជាបន្តបន្ទាប់ ដោយបានធ្វើការវាយតំលៃលើសភាពការណ៍ សន្តិសុខ ការប្រឈមនានា ដែលកើតមានឡើងនៅក្នុងតំបន់ និងលើពិភពលោក។
ថ្លែងសន្ទរកថាទៅកាន់ វេទិកាកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ នាឱកាសនោះ ឯកឧត្តម នាង ផាត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលមកចូលរួមក្នុងវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ បន្ទាប់ពីបានផ្អាក ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលកន្លងមក។ ឯកឧត្តម បានចាត់ទុកប្រធានបទ ក្នុងវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ នេះថា គឺពិតជាមានសារសំខាន់សំរាប់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាទើបតែចេញគោលនយោបាយការពារជាតិថ្មី កាលពីឆ្នាំមុន។ ឯកឧត្តម នាង ផាត បានបញ្ជាក់ថា៖ ការដោះស្រាយបញ្ហា ការធានាស្ថិរភាព ការកសាងសន្តិភាព និងភាពសុខដុមរមនា យូរអង្វែង និងការលើកកម្ពស់វិបុលភាពសម្រាប់តំបន់ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយសុច្ឆន្ទៈ ការយល់ដឹង តម្លាភាព និងការគោរពគ្នាទៅវិញទៅមក។ ឯកឧត្តម បានបន្តថា៖ ដើម្បីរៀបចំខ្លួនយើងសម្រាប់បញ្ហាប្រឈម នាពេលបច្ចុប្បន្ន និងអនាគត កម្ពុជាបានចេញនូវ គោលនយោបាយយុទ្ធសាស្ត្រការពារជាតិថ្មីមួយដែលហៅថា "សៀវភៅស ការពារជាតិឆ្នាំ២០២២"។ សៀវភៅសការពារជាតិនេះកំណត់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់កងកម្លាំងការពារ រយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ។ យុទ្ធសាស្ត្រថ្មីនេះ តំណាងឱ្យការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៨ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងលើកកម្ពស់ តម្លាភាព និងទំនុកចិត្តទៅវិញទៅមក ជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។ ឯកឧត្តម នាង ផាត បានបញ្ជាក់បន្ថែមថា៖ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន អង្គការនេះស្ថិតនៅចំកណ្តាល នៃការចូលរួម ពហុភាគី របស់កម្ពុជា ជាពិសេសក្នុងវិស័យ ការពារជាតិ និងសន្តិសុខ។ កម្ពុជាបន្តចាត់ទុក ADMM និង ADMM-Plus គឺជាយន្តការដែលបម្រើតួនាទីសំខាន់ក្នុងការជំរុញ ស្ថិរភាព សន្តិភាព ក្នុងតំបន់របស់យើង។ តាមរយៈវេទិការនេះ ឯកឧត្តម នាង ផាត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុនសម្រាប់អាស៊ាន និងADMM។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមគោលនយោបាយស្ថាបនារបស់ប្រទេសជប៉ុន ជាពិសេសការលើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិអោយប្រសើរឡើង។
នៅក្នុងឱកាសនោះ អញ្ជើញចូលរួមក្នុងវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ ឯកឧត្តម នាង ផាត បានជួបពិភាក្សាការងារជាមួយឯកឧត្តម Masami OKA អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ផងដែល។
ក្នុងជំនួបនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម នាង ផាត ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកចូលរួមក្នុងវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ ដែលនេះគឺជាជំហានថ្មីមួយទៀតនៅក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព ប្រទេសទាំងពីរ ប្រទេសកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ។
មានមតិឆ្លើយតបវិញ ឯកឧត្តម នាង ផាត បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាងពីរ និង កងទ័ពទាំងពីរ ដែលក្នុងពេលកន្លងមកបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត ដូចជាការផ្លាស់គណៈប្រតិភូគ្នាទៅវិញ ទៅមក ការទទួលយកសិក្ខាកាម កម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន ការចូលចតនាវា កងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ និងការជួយឧត្ថម្ភរបស់ជប៉ុន ដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា។
ឆ្លៀតយកឱកាសនោះ ឯកឧត្តម នាង ផាត ក៏បានថ្លែងអំណរគុណចំពោះកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានជួយគាំទ្រលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទទាំងការបណ្តុះបណ្តាលរយៈពេលវែង រយៈពេលខ្លី និងជំនាញផ្សេងៗ ក្នុងនោះក៏មានជំនាញវិស្វកម្ម ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា នៅក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ឯកឧត្តម នាង ផាត បានសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរក សន្តិភាព ជូនប្រទេសកម្ពុជា ព្រមទាំងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។
នៅក្នុងឱកាសនោះ អញ្ជើញចូលរួមក្នុងវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២ នេះដែល ឯកឧត្តម នាង ផាត ក៏បានជួបប្រជុំទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន (HOANG XUAN CHIEN) អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ នាង ផាត និងឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន បានជំរាបជូនគ្នាទៅវិញទៅមក អំពីសភាពការណ៍ និងការវិវត្តរីកចំរើនលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងការពារជាតិ រវាងប្រទេសទាំងពីកម្ពុជា វៀតណាម ដែលប្រទេសទាំងពីរ មានធ្លាប់មាន ប្រពៃណីសាមគ្គី ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ។
ជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន HOANG XUAN CHIEN អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន
នាយឧត្តមសេនីយ៍ នាង ផាត និងឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន ក៏បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ប្រជាជនប្រទេសទាំងពីរ កម្ពុជា វៀតណាម ក្នុងពេលកន្លងមក ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពជាអ្នកជិតខាងល្អ និងជាដៃគូល្អ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” ៕