នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកថវិកាមួយចំនួន ជាអំណោយឧបត្ថម្ភរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅជូនដល់យោធិននៅទិសយោធភូមិភាគទី១ ដើម្បីអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
មានប្រសាសន៏ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជៀង អំ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ដល់កងកម្លាំងទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ សមិទ្ធផល ដែលកងកម្លាំង ក្នុងទិសយោធភូមិភាគទី១ សម្រេចបាននារយៈពេល ១ឆ្នាំកន្លងមក ក្នុងការបំពេញភារកិច្ចការពារ បូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពឱ្យមានការរីកចម្រើនមក ដល់បច្ចុប្បន្ន។ ឯកឧត្តម បានលើកឡើងពីសភាពការណ៍ជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅក្នុងការថែរក្សាបានសន្តិភាព ស្ថេរភាព នយោបាយ ជោគជ័យ នៃការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ ជោគជ័យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងទិសដៅភារកិច្ចចំពោះមុខ ឯកឧត្តម ជៀង អំ បានផ្ដាំផ្ញើដល់កងកម្លាំង ចូលរួមដោយស្មារតីទទួលខុសត្រូវកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ជាមួយនោះ ឯកឧត្តម បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់ប្រភេទ ឲ្យបន្តចូលរួមថែរក្សាសន្តិភាពឱ្យគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ក្នុងនោះរក្សាសន្តិសុខផ្ទៃក្នុងប្រទេស ក៏ដូចជាសន្តិសុខនៅតាមបណ្ដោយព្រំដែន ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ដោយឡែកចំពោះផ្ទៃក្នុងជួរកងទ័ព ត្រូវមានផែនការ អប់រំឲ្យយល់អំពីសភាពការណ៍ និងភារកិច្ចខ.ភ.ម ជាពិសេស ការងារហ្វឹកហ្វឺនជំនាញ អាជីពនិងបច្ចេកទេសកងទ័ព ក៏ដូចជាការងារអប់រំចិត្តសាស្ត្រ ទូទាំងខ.ភ.ម ដើម្បីជំរុញ និងលើកកម្ពស់ ដល់ការងារ កែទម្រង់ ក្នុងខ.ភ.ម និងអនុវត្តជាប្រចាំតាមអភិក្រម៥ "ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាលបាល និងវះកាត់” និង បាវចនា២ "កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ៕