ព័ត៌មាន

នាយ​ឧត្ដ​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​យោធ​ភូមិ​ភាគ​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
352
3050 នាយ​ឧត្ដ​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​យោធ​ភូមិ​ភាគ​ទី​៣​

        នាយ​ឧត្ដម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​តំណាង​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​ក្រសួង​ការ​ពារជា​តិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​ច្រើន​រូ​ប បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ ​សំណេះ​សំណាល ​និង​នាំ​យក​នូវ​អំណោយ​ជា​សម្ភារៈ ​គ្រឿង​ឧបភោគ​បរិភោគ ​និង​ថវិកា ​ទៅ​ឧបត្ថម្ភ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​សុវត្ថិភាព ​សន្តិសុខ​សណ្ដាប់​ធ្នាប់ ​និង​បូរណ​ភាព​ទឹក​ដី​ ក្នុង​ភូមិ​សាស្ត្រ​យោធ​ភូមិ​ភាគ​ទី៣ ​និង​បណ្ដា​អង្គភាព​ចំណុះ ដើ​ម្បី​រៀប​ចំ​ អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ​ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៦​ ខែ​មីនា ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នេះ​ នៅ​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៣​ ស្ថិត​ក្នុង​ក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​។ 

         ក្នុ​ង​ឱកាស​នោះ​ បន្ទាប់​ពី​ឧត្តម​សេនីយ៍​ឯក ​យឿង សុខុន មេ​បញ្ជាការ​រង​កង​ទ័ពជើង​គោក ​និង​ជា​មេ​បញ្ជាការ​យោ​ភូ​មិ​ភាគ​ទី​ ៣ ​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​ស្ថាន​ការណ៍ ​សន្តិសុខ ​សណ្ដាប់​ធ្នាប់​ នៅ​តាម​តំបន់​ព្រំ​ដែន​ និង​តំបន់​ផ្ទៃ​ក្នុង​ភូមិ​សាស្ត្រ​ ដែល​យោធ​ភូមិ​ភាគ​ទទួល​ខុស​ត្រូវ ​និង​វឌ្ឍនភាព នៃ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ក្នុង​ភូមិ​សាស្ត្រ ​របស់​យោធ​ភូមិ​ភាគ​ទី ​៣ ​នា​ដំណាក់​កាល​ចុង​ក្រោយ ​រួច​មក​ នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ ​និង​សមិទ្ធ​ផល​ និង​វឌ្ឍន​ភាព​នៃ​ការ​រីក​ចម្រើន​ជា​ច្រើន ​ដែល​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​គ្រប់​បណ្ដាល​កង​ឯកភាព​នៅ​ទូទាំង​យោធ​ភូមិ​ភាគ​ទី៣ ​សម្រេច​បាន​ នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​អធិប​តេយ្យ ​បូរណ​ភាព​ទឹ​ក​ដី ​ការ​ពារ​សុខ​សន្តិភាព ​ស្ថិរភាព ​និង​ការ​កសាង​អង្គភាព​របស់​ខ្លួន​ឱ្យ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។ ឯកឧត្តម ឥត សារ៉ាត់ បាន​បញ្ជាក់​ថា​ ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​មក​ដល់​បច្ចុប្បន្ន ​គឺ​ដោយ​សារ​កម្ពុជា ​មាន​សុខ​សន្តិភាព ​ដែល​បាន​ផ្តល់​ឱកាស ​ឲ្យ​យើង​ធ្វើការ ​អភិវឌ្ឍ ​យ៉ាង​ឆាប់​រហ័ស ​ហើយ​ប្រជាជន​បាន​រួម​រស់​ ប្រកប​ដោយ​​ភាព​សុខដុមរមនា ​ក្នុង​សង្គម​ជាតិ​។ ឯកឧត្តម ​ក៍​បាន​ក្រើន​រម្លឹ​ក​ឲ្យ​កង​ទ័ព​ទាំង​អស់​យល់​បាន​ទូលំ​ទូលាយ ​ពី​តម្លៃ​សន្តិភាព ​ដែល​យើង​រក​បាន​មក​ដោយ​លំបាក ​ហើយ​ទោះ​ក្នុ​ង​តម្លៃ​ណាក៏​ដោយ ​យើង​ទាំង​អស់​គ្នា​ ត្រូវ​ការ​ពារ​ឲ្យ​បាន​នូវ​សន្តិភាព។ «ពេល​យើងនិយាយ​ពី​សន្តិភាព​ យើង​ត្រូវ​ដឹង​ថា ​សន្តិភាព ​បាន​មក​ពី​ណា? ​បាន​មក​ពី​នយោបាយ ​ឈ្នះ ​ឈ្នះ ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន សែន ជា​ស្ថាបនិក ​និង​ជា​ប្រតិបត្តិករ​នយោបាយ​ឈ្នះ​ឈ្នះ​ ដែល​នាំ​មក​នូវ​សន្តិភាព​ពេញ​លេញ​ជូន​ជាតិ ​និង​ប្រជាជន»​។ ឯកឧត្តម ឥត សារ៉ាត់ បាន​ផ្តាំ​ផ្ញើ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន ​គ្រប់​រូប​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ជ្រាល​ជ្រៅ​ ទូលំ​ទូលាយ ​អំពី​ស្មារតី​ នៃ​នយោ​បាយ​ ឈ្នះ ឈ្នះ ​និង​ខិត​ខំ​លើក​កម្ពស់ ​មន​សិកា​ស្នេហា​ជាតិ​ ចូល​រួម​ថែរក្សា ​ការពារ​ សន្តិភាព ​ឱ្យ​បាន​គង់​វង្ស​ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោ​យ​។ ហើយ​ត្រូវរួបរួម​សាមគ្គីគ្នា ​ជាធ្លុង​មួយ ​រាំង​ស្កាត់​កុំឱ្យ​ប្រវត្តិ​សាស្ត្រ​ ដ៏​ឈឺចាប់​ពី​អតីតកាល ​កើត​មាន​សារ​ជាថ្មីនៅ​លើ​ទឹក​ដីនៃ​មាតុភូមិ រ​បស់​យើង​ជា​លើក​ទី ២​។ ឯកឧត្តម ឥត សារ៉ាត់ ក៏​បាន​ប្រគល់​ជូន​ថវិកា​ររបស់​សម្តេច​ពិជ័យ​សេនា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​ក្រសួង​ការ​ពារ​ជាតិ ​ដល់​បណ្ដា​អង្គភាព​កង​កម្លាំង​ប្រដាប់​អាវុធ​ចំណុះ​ឲ្យ​យោធ​ភូមិ​ភាគ​ទី​៣​ ដែល​រួម​មាន៖​ អង្គភាពទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ៣​, ទី​បញ្ជាការ​ជួរមុខ​យោធ​ភូមិភាគទី​ ​៣, កង​ពលតូចលេខ​ ៣១​, តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពត​, ទី​បញ្ជាការ​កង​វរសេនា​តូច​លេខ​ ២, ផ្នែក​សឹក​រង​ និង ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់​ត្រាច​, បន្ទាយ​មាស​, ទឹកឈូ និង​ក្រុង​កំពត, នគរបាល​ការ​ពារ​ព្រំ​ដែន​គោក​ និង​ព្រំ​ដែន​ទឹក, តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​តាកែវ, ទី​បញ្ជាការ​កង​វរសនា​តូច​លេខ​ ១​, កង​រាជ​អាវុធហត្ថ​ស្រុកគិរីវង្ស, ​នគរបាលការពារ​ព្រំ​ដែន​លេខ ​៦០៣, តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កោះកុ​ង, ​​ទីបញ្ជាការ​ជួរ​មុខ​ខេត្តកោះ​កុង, កង​វរសនា​តូច​លេខ ​៣, ផ្នែក​សឹក​ស្រុក​មណ្ឌល​សីមា, កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង​ និង​ក្រុម​សាង​សង់​វិមាន​ឈ្នះឈ្នះ​កោះកុង​ ដែល​មាន​ថវិកា​សម្រាប់​ពិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​សរុប​ចំនួន ​៧១​លាន​រៀល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ