ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ខភម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស នាយឧត្តមសេនីយ័ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ព្រមទាំងអគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញទៅដាក់កំរងផ្កា និងគោរពវិញាណក្ខន្ត សព លោកប្រធាន ហូ ជីមិញ នៅក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់ពីបានអញ្ជើញទៅដាក់កំរងផ្កា និងគោរពវិញាណក្ខន្តសពលោកប្រធាន ហូ ជីមិញ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ហ្វាម វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទសវៀតណាម។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ហ្វាម វ៉ាន់ហ្សាង បានសំដែងការស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានរួមចំណែករឹតចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី យូរអង្វែងរវាងប្រទេសទាំង ២ វៀតណាម និងកម្ពុជា។ នាយឧត្តមសេនីយ៍ ហ្វាម វ៉ាន់ហ្សាង បានបញ្ជាក់ថា៖ ឆ្នាំ២០២២ គឺជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា។ ឯកឧត្តម បានសំដែងនូវការអបអរសាទរដល់កម្ពុជា ដែលសំរេចជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាឆ្នាំ២០២២ ព្រមទាំងអនុវត្តសម្រេចបានជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងឆ្នាំ២០២២ កន្លងមក។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសំដែងនូវសង្ឃឹមថា៖ កម្ពុជានឹងសម្រេចបានជោគជ័យ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នេះ។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា វៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈការលើកកម្ពស់ភាពជាដៃគូទូលំទូលាយ និងអនុវត្តផែនការសហប្រតិបត្តិការប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកងទ័ព ប្រទេសទាំងពីរកម្ពុជា-វៀតណាម តាមរយៈអនុវត្តកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់កងទ័ពប្រទេសទាំងពីរ តាមរយៈការជំនះនូវបញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ បន្តជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនស្របតាមពាក្យស្លោក "អ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។ បន្តពង្រឹង និងអភិវឌ្ឍន៍បន្ថែម ទៀតនូវចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម, ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានស៊ីជម្រៅ និងទូលំទូលាយប្រកបដោយប្រសិទ្ធភាព ដោយចាត់ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ជាតម្រូវការមិនអាចខ្វះបានរបស់ប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វាម វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទសវៀតណាម បានចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម ហើយបន្ទាប់មកទៀត សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វាម វ៉ាន់ហ្សាង ក៏បានធ្វើជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធាការពារជាតិ កងទ័ពទាំងពីរផងដែរ ៕