ព័ត៌មាន

ពិធី​សម្ពោធ​ទីលាន​ផ្នូរ​យុទ្ធជន​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
647
3009

         ទីលាន​ផ្នូរ​យុទ្ធជន​ខេត្ត​កោះ​កុង ​ត្រូវបានប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​១៧​ ខែ​មករា ឆ្នាំ​២០២៣​ ស្ថិត​ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ប្រធាន​ក្រុម​ការ​ងារ​រា​ជ​រដ្ឋាភិបាល ​ចុះ​ជួយ​ខេត្ត​កោះ​កុង​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ព​ស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ ជារដ្ឋ​មន្ត្រី រដ្ឋលេខា​ធិការ អភិបាល អភិបាល​រង មន្រ្តីរាជការ​ជុំវិញ​ខេត្ត​កោះ​កុង ​មេ​បញ្ជាការ មេបញ្ជាការ​រង ​យោធ​ភូមិ​ភាគ​ទី​៣ នាយ​ទាហាន​ នាយ​ទាហាន​រង​ តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កោះ​កុង​ ប្រជា​ពលរដ្ឋ សិស្សា​នុសិស្ស​ក្នុ​ងខេត្ត​ជា​ច្រើន​រូប​ទៀត​។

           ក្នុងឱកាស​នោះ បន្ទាប់ពី លោកជំទាវ មិថុនា ភូថង អភិបាល​នៃ​គណៈអភិបាល​ខេត្តកោះ​កុង បានលើក​ឡើង​ថ្លែង​សន្ទកថា​ស្វាគមន៍រួច​ម​ក នាយ​ឧត្តមសេនីយ៍ ​យន្ត មីន រដ្ឋលេខាធិកា​រ​ក្រសួងកា​រពារ​ជាតិ​ និងជាប្រធាន​ក្រុមការងារ​សាង​សង់​ទីលាន​ផ្នូរ​យុទ្ធជនខេត្ត​កោះកុ​ង បា​ន​ឡើងអានរ​បាយការណ៍ស្តី​ពី​ការ​សាង​សង់ទីលាន​បញ្ចុះសពអ​តីត​យុទ្ធជន​ខេត្ត​កោះកុង​ ដោយ​បាន​បញ្ជាក់​ថា៖​ ទីលាន​ផ្នូរយុទ្ធជន​ខេត្ត​កោះកុង បាន​សាង​សង់​នៅលើ​ទីតាំង​ស្ថិត​នៅ ​ភូមិ ​៣​ សង្កាត់​ស្មាច់​មា​នជ័យ​ ក្រុង ​ខេមរភូមិន្ទ ខេត្តកោះកុង លើ​ផ្ទៃដីទំហំ​ ៩២០០ ម៉ែត្រ​ក្រឡា ​ដែលបា​នបញ្ចុះសព​យុទ្ធជន​ពលី ​មាន​ចំនួន ៤៤៨ ផ្នូរ ហើយសព​យុទ្ធពលីទាំង​អស់​មាន​ដើមកំណើតមក​ពី​ ១៨ ខេត្ត​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​។ សមិទ្ធផល​ដែល​ទទួ​លបាន​ក្នុងការសាង​សង់​ទីលានផ្នូរយុទ្ធជ​ននេះ​មាន៖​ ខ្លោងទ្វា ស្តូប និងកោដ វេទិការបុណ្យ​ បន្ទ​ប់ទឹក​ ផ្នូរសពយុទ្ធជន​ ឃ្លាំង​ដាក់​សម្ភារៈ និង បន្ទប់​ស្នាក់​នៅ​ បន្ទប់ទឹក ផ្ទាំងចម្លាក់​រាយ​នាម​យុទ្ធជន​ពលី មរណៈខេត្ត​កោះកុង​ពីឆ្នាំ ១៩៧៩ ដល់ ១៩៩៨ សួន​ច្បារ​ព័ទ្ធជុំវិញ របងព័ទ្ធ​ជុំវិញ ៤ ទិស និង ចំណត​រថយន្ត ដែល​សរុប​លើក​ការសាង​សង់​ជួសជុល​ទីលាន​អស់ថវិការ​ចំនួន​ ៧២៧ ៣៥៣ ដុល្លា ប្រាក់​រៀលចំនួន ១៧៣ ៣២៧ ២០០ រៀល និង ប្រាក់បាត ចំនួន ១០០០០ បាត។ ការសាង​សង់ និង ជួសជុលទីលានផ្នូរយុទ្ធ​ជន​ខេត្ត​កោះកុង​នេះ​ ត្រូវបានប្រើប្រា​ស់​ថវិកា​ ដែលបា​នមក​ពីការជួយ​ឧត្ថម្ភ​ពីសប្បុរសជន​នានា​ ដោយ​ពុំមាន​ប្រើប្រាស់​ថវិកា​រដ្ឋ​ទេ​។

          ថ្លែង​ក្នុងពិធីសម្ពោធ​ទីលាន​ផ្នូរយុទ្ធជនខេត្ត​កោះ​កុង ​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានមាន​ប្រសាសន៍​ថា​៖ ពិធីសម្ភោធ ទីលានផ្លូវ​យុទ្ធជនខេត្ត​កោះ​កុង ​នា​ពេល​នេះ ​ស្រប​ពេល​ដែល​មន្ត្រីរាជ​ការ កងកម្លាំង​ប្រដាប់​អាវុធ ប្រជាជនទូទាំង​ខេត្ត​កោះ​កុង​ រៀបចំ​ប្រារព្ធពិដ៏ខួប​លើក​ទី៤៤​ ទិវា​ជ័យ​ជម្នះ ១៧ មករា ​២០២៣​។

​          ក្នុងនាមក្រុម​ការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កោះកុ​ង​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានសំដែង​នូវ​ការ​កោត​សរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​សាង​សង់​ ដែល​បានសហការ ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញាធរមាន​សមត្ថកិច្ច និងស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ អនុវត្តការងារ​ប្រកបដោយ​ការយកចិត្ត​ទុក​ដាក់​សាង​សង់​ដំណើរការ​បាន​រលូន ចាប់តាំងពី​ថ្ងៃដំបូង​ រហូតដ​ល់​ថ្ងៃបញ្ចប់​ជាស្ថាពរ ​និង​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​នាពេលនេះ​។ សម្តេច​ពិជ័យ​សេនា ​បាន​ចាត់​ទុក​ទី​លាន​ផ្នូរយុទ្ធជន​ខេត្តកោះ​កុង​ ដែល​បាន​កសាង​ឡើងនា​ពេលនេះ ​គឺ​ជាភ​ស្តុតាងប្រវត្តិសាស្ត្រ​ក្នុង​កង​យោធព​ល​ខេមរភូមិន្ទ​ រួម​ចំ​ណែ​កដ៏​សំខាន់ ​ក្នុ​ងការ​លើក​កម្ពស់​តួនាទីដឹ​កនាំ​របស់​នាយទាហាន​ជំនាន់​ក្រោយយក​ជាគំរូ ​និង​ជា និមិត្ត​រូប​នៃ​ការ​អភិវឌ្ឍ​រី​កចម្រើន​។ ទីលាននេះ ជាសំណង់មួយក្នុង​ចំណោម​សំណង់​ជាច្រើន​ ដែល​កង​យោធពលខេមរភូមិន្ទ​សម្រេច​ បាន ​ក្នុង​ពេល​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ឯកភាពជាតិពេញលេញ ក្នុ​ង​ស្មារតី ​គោរព​ដឹ​ងគុណ​ដ៏ជ្រាលជ្រៅបំផុត​ចំពោះបុ​ព្វការីជន ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងអ្នក​ស្នេហា​ជាតិ​ គ្រប់ជំនាន់ ដែលបាន​តស៊ូពុះពារ​ធ្វើពលិកម្ម​ប្រកប​ដោយ​វីរភាព​នៅ​គ្រប់​ដំណាក់​កាល​ ដើម្បីឯករាជ្យ​ សន្តិភាព​ សេរីភាព អធិបតយ្យ​ បូរណភាព​ទឹក​ដី ​និង​វឌ្ឍនភាព​រប​ស់​ប្រជាជន​ខ្មែរ​។ សម្តេចពិជ័យសេនា បាន​សង្កត់​ធ្ងន់ថា៖​ សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេលនេះ​ មិនអាចបំភ្លេចបានពី​ការលះបង់ ​ក្រោមការដឹកនាំដ៏​ឆ្នើម ប្រកបដោយគតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករដ៏​ស្មោះត្រង់ បាន​ដឹក​នាំ​អនុវត្តសម្រេច ជោគជ័យ​នៃ​នយោបា​យ​ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ បាននាំឱ្យ​ប្រទេសជា​តិមាន​សន្តិភាព និងការឯកភាពជាតិ ពេញលេញ និងការអភិវឌ្ឍរីក​ចម្រើ​ន​លើគ្រប់​វិស័យ រហូតមកដល់​បច្ចុប្បន្ន​នេះ។ ​ក្នុង​នាម​ សម្តេច​តេជោ ហ៊ុន សែន សម្តេចពិជ័យសេនា បានសំដែង​នូវសេចក្តីសោមនស្សរីករាយ និងមោទនភាព​ក្រៃលែង​ ដែល​ក្រុមការងារបានសាង​សង់​ទិលាន​ផ្នូរយុទ្ធជននេះ​ឡើង​ (មិនត្រឹមតែជា​ទីឋាន​រំលឹក​ដ​ល់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិ មាតុភូមិ និងប្រជាជន​ប៉ុណ្ណោះទេ តែទីលាននេះ​នឹង​ក្លាយ​ជា​សំណង់​ប្រវត្តិសាស្ត្របង្កប់ ​និង បង្ហាញនូវតម្លៃ​រួបរួមសាមគ្គី វប្បធម៌ កតញ្ញូតា និរន្តភាពនៃ​សង្គម​ជាតិ​ទៀត​ផង។​ មួយវិ​ញទៀត ពិធី​សម្ពោធ​ទីលាន​ផ្នូរយុទ្ធជនខេត្ត​កោះកុង​នេះ ​ក៏ជា​សក្ខីភាពបានបង្ហាញពី តម្លៃសន្តិភាព និង​ការ​ឯកភាពជាតិ​ពេញលេញ តាមរយៈ​នយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិ មាន​សុខសន្តិភាព​ និង​ការអភិវឌ្ឍរីកចម្រើន​លើគ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាសវៃ​ប្រកប​ដោយ​គតិ ​បណ្ឌិត​របស់​ សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី ដែលប្រជាជន​ទូទាំង​ប្រទេស​ប្រសិទ្ធ​នាម​ថា​ ជាស្ថាបនិកឯក និងជាមគ្គុទ្ទេសក៍ឯក​។ ​សម្តេច​ពិជ័យសេ​នា ទៀ បាញ់ បានសំដែងនូ​វសេចក្តី​សង្ឃឹម និងជឿជាក់យ៉ាង​មុតមាំថា​ ​ទីលាន​ផ្នូរយុទ្ធជន​នេះនឹ​ងក្លាយ​ជា​ទីតាំងសច្ចភាព​ប្រវត្តិ​សាស្ត្រយោធា បង្ហាញពីការតស៊ូ លះបង់ ស្នេហាជាតិ ដើម្បីបូរណភាពទឹ​ក​ដី​សម្រេ​ច​បាន នូវការកសាង​សុខសន្តិភាព ការអភិវឌ្ឍលើគ្រប់ វិស័យ និងភាព​សម្បូរ​សប្បាយ​របស់​ប្រជាជាតិ​កម្ពុជា មក ដល់បច្ចុប្បន្ន។ ជាងនេះ​ទៅ​ទៀត ទីលានផ្នូរយុទ្ធ​ជន​នឹង​ជួយ​បណ្តុះ​ស្មារតីស្នេហាជាតិ សាមគ្គីភាព ការ ឱ្យតម្លៃ​និងដឹង​គុណដ​ល់​កុលបុត្រ​កុលធីតា​ខ្មែរ​ ជំនាន់​ក្រោយ​ទៅ​លើកា​រលះ​បង់​ ​តស៊ូរបស់​វិរៈយុទ្ធជន យុទ្ធនារី ដើម្បីជាតិ មាតុ​ភូមិ​នៅ​គ្រប់​ពេល​វេលា គ្រប់កាលៈទេសៈដោ​យ​មិន​គិត​ពីទុ​ក្ខលំបាក ដើម្បីជាតិ រហូតកម្ពុជាមា​​នភា​ពរីក​ចម្រើ​នលើ​គ្រប់វិស័យ​នាពេល​បច្ចុប្បន្ន​នេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ