ព័ត៌មាន

ខេត្ត​សៀម​រាប​​ប្រារព្ធ​​មីទ្ទិញ​​អបអរសាទរ​ខួប​លើក​ទី​៤៤​ ស្មារតី​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ (៧ ​មករា ​១៩៧៩​-​៧ ​មករា ​២០២៣)​
នាយកដ្ឋានព័ត៌មាន(៣)
627
3004 ខេត្ត​សៀម​រាប​​ប្រារព្ធ​​មីទ្ទិញ​​អបអរសាទរ​ខួប​លើក​ទី​៤៤​ ស្មារតី​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ (៧ ​មករា ​១៩៧៩​-​៧ ​មករា ​២០២៣)​

       នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​មករា ​ឆ្នាំ​២០២៣ ​ខេត្ត​សៀម​រា​ប បាន​រៀប​ចំ​ប្រារព្ធ​ធ្វើ​មី​ទ្ទិញ​​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី​​៤៤ ​ស្មារតី​ថ្ងៃជ័យជំនះ ​៧ មករា ​១៩៧៩​-២​០២៣ ​នៅ​បរិវេណ​សួន​ច្បារ​ព្រះ​រាជ​ដំណាក់ ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល ​ចុះ​ជួយ​ខេត្ត​សៀម​រាប​​។

        ក្នុង​កិច្ច​ស្វាគមន៍​របស់​ឯកឧត្តម​ ទៀ សីហា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាប ​បាន​លើក​ឡើង ​អំពី​សមទ្ធិផល​ធំៗ​ ដែល​រាជ​រដ្ឋាភិបាល​សម្រេច​បាន​ ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​រយៈ​ពេល៤៤​ឆ្នាំ​កន្លង​មកនេះ ​ក្រោ​ម​ស្មារតី​ជ័យ​ជំនះ​៧​មករា​ បាន​កំពុង​បន្ត​ចូល​រួម​យ៉ាង​សកម្ម ​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​ ឲ្យ​ទទួល​បាន​លទ្ធផល​ឆ្លើយ​តប​ទៅ​តាម​សំណូមពរ ​និងបំណង​ប្រាថ្នា​របស់​ប្រជា​ជន​។ ទោះ​បី​ប្រទេស​ជាតិ​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូវិដ​-១​៩​ក៏​ដោយ​ ចំពោះ​កិច្ច​អភិវឌ្ឍន៍​ប្រទេស ​នៅ​តែ​បន្ត ​ដើមី្ប​បំពេញ​នូវ​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជាជន​ក្នុង​មូល​ដ្ឋាន​។

         ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​ថា៖ ​ការ​ជួប​ជុំ​គ្នា​នេះ ​ដើមី្ប​រំឮក​នូវ​ទិវា​ជ័យ​ជំនះ ​ក្នុង​ស្មារតី​គោរព​ដឹង​គុណ​ចំពោះ​វីរៈយុទ្ធ​ជន ​យុទ្ធនារី ​និង​អ្ន​កសេ្នហា​ជាតិ ​ដែល​បាន​ធ្វើ​ពលី​កម្ម ​ក្នុង​បុព្វ​ហេតុ​រំដោះ​ជាតិ​មាតុភូមិ ​និង​អាយុ​ជីវិ​ត​ប្រជាជន​ពី​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ ពត ​ទោះ​បី​រយៈ​ពេល​ ៤៤​ឆ្នាំ​បានកន្លង​ទៅ​ហើយ​នោះ​ក៏​ពិ​ត​មែន​ តែ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ ដែល​មាន​អត្ថន័យ​ដ៏​ធំ​ធេង​ សម្រាប់​ប្រជាជាតិ​ខ្មែរ​គ្រប់​ជំនាន់ ​ក៏​ដូច​មនុស្ស​ជាតិ​ដែល​ស្នេហា​សន្តិភាព​ និង​យុត្តិធម៌​នៅ​លើ​ពិភព​លោក​។ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ថា៖ ​រយៈ​ពេល ​៤៤​ឆ្នាំ​មក​នេះ​ អ្វីៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​មិន​នឹក​ស្មាន​ដល់​ ក្រោយ​ពី​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​​ខ្ទី​ទៅ​ហើយ​នោះ ​បាន​ប្រឹង​ងើប​ឈរ​ឡើង​វិញ ​និង​បាន​កំពុង​បោះ​ជំហា​ន​យ៉ាង​ស្វា​ហាប់ ​លើ​មាគ៌ា​សុខ​សន្តិភាព ​ប្រជា​ធិប​តេយ្យ ​សហ​ប្រតិ​បត្តិការ​ និង​អភិវឌ្ឍន៍​។ ថ្វី​បើ​យើង​បាន​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត ​និង​មាន​មោទនៈ​ភាព​ចំពោះ​សមទ្ធិផល​លើ​គ្រប់​វិស័យ ​ដែល​យើង​សម្រេច​បាន​មក​ដ​ល់​ពេល​នេះក្តី​ ក៏​យើងនៅ​តែ​ត្រូវ​ចង​ចាំនូ​វ​ព្រឹត្តិ​ការណ៍​ដ៏​ឈឺចា​ប់​ ខ្លោច​ផ្សា​ពី​អតីត​កាល ដែល​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ យើង​ស្ទើរ​តែ​ត្រូវ​វិនាស​សូន្យ​។​ ស្មារតី​ជ័យ​ជម្នះ​៧​មករា​ ១៩៧៩ ​សម្រេ​ចបាន​មក​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ នៃ​ការ​គួប​ផំ្ស​យ៉ាង​​ស្អិត​រមួត ​រវាង​កម្លាំង​មហា​សាមគ្គី​ជាតិ ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដូច​នេះ​ត្រូវ​បន្ត​ទប់​ស្កាត់​មិន​ឲ្យ​របបប្រល័យពូជ​សាសន៍​វិ​លត្រឡប់​មក​វិញ ​ហើយ​ត្រូ​វបាន​ចាត់​ទុក​ជា​និច្ច​ក្នុ​ងប្រវត្តិ​សាស្ត្រ​កម្ពុជា​។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​អំពាវ​នាវ​ដល់​ជន​រួម​ជាតិ​ទាំង​អស់​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​រួប​រួម​ជាតិ​ ព្រម​ទាំង​បានថ្លែង​អំណរ​​គុណ​ដល់​ជន​រួម​ជាតិ​ ដែល​បាន​គាំទ្រ ​គណបក្ស​ប្រជាជន​រយៈ​ពេល​៤៤​ឆ្នាំ​មក​នេះ​។​ សម្តេច​ពិជ័យសេនា ​ប្រកាស​ថា​៖ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​បន្ត​ប្រឹង​ប្រែ​ង​ដើម្បី​លើក​កម្ពស់​ជីវភាព​រប​ស់ប្រជា​ពលរដ្ឋ ​និង​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ត​ថែម​ទៀត​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ