នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនេះ ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២៣) នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ អមដំណើរដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និងឯកឧត្តមតំណាងស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងកងទ័ពជើងគោកជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ ក្នុង ស្រុកគំរៀង នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចលេខ ៥៣ បានលើកឡើងថា៖ ទិវាជ័យជំនះ៧មករា ២០២៣ ជាខួបលើកទី៤៤ ដែលយើងទាំងអស់គ្នា នឹងប្រារព្ធធ្វើនៅពេលដ៏ខ្លីខាងមុខនេះ ប្រព្រឹត្តិទៅស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស កំពុងរួមរស់ក្រោមម្លប់សន្តិភាព ស្ថេរភាព ឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនមានសិទ្ធិសេរីភាពយ៉ាងពេញលេញ សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមទ្ធិផលដែលយើងសម្រេចបានចាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន ធូរធារ សំបូរ សប្បាយ ឥតឈប់ឈរ និងរស់នៅស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេស ក្នុងតំបន់ និងនៅលើ ពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការ កងទ័ពជើងគោក, នាយឧត្តមសេនីយ៍ នាង ផាត បានសម្តែងនូវការចូលរួមអបអរសាទរ ចំពោះស្នាដៃ និងសមិទ្ធផលនានា ដែលនាយ និងពលទាហាន កងពលតូចលេខ៥៣ បានខិតខំប្រឹងប្រែង យ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងការដឹកនាំ អង្គភាព ការកសាងអង្គភាព និងការចូលរួមអនុវត្ត បទបញ្ជារបស់ថ្នាក់ដឹកនាំនៅគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យកងពលតូចលេខ៥៣ មានការវិវត្តន៍ រីកចម្រើនគួរជាទីមោទនៈនាពេលកន្លងមក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងនូវចំនុចមួយចំនួន ដើម្បីចូលរួមអបអរសាទរទិវាលើកទី៤៤ នៃទិវាជ័យជំនះ៧មករា និងបានសង្កត់ធ្ងន់បន្ថែម និងស៊ីជម្រៅនូវអត្ថន័យជ័យជំនះ៧មករា រួមនិងសភាពការណ៍ផ្សេងៗទៀត ដែលបានកើតឡើង នៅក្នុងរយៈពេល១ឆ្នាំកន្លងមក សភាពការណ៍សកលលោក សភាពការណ៍តំបន់ និងសភាពការណ៍ក្នុងអាស៊ាន ក្នុងនោះ នៅពេលដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ព្រមទាំងនិងបញ្ហាប្រឈមមួយចំនួនដែលសកលលោកកំពុងជួបប្រទះ និងលទ្ធផល របស់ ខ.ភ.ម ដែលបានខិតខំក្នុងរយៈពេល១ឆ្នាំកន្លងមក។ ឯកឧត្តម បានគូសបញ្ជាក់ថា៖ ថ្ងៃ៧មករា ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា គឺជាថ្ងៃកំណើតទី២របស់ខ្លួន។ បើគ្មាន ថ្ងៃ ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗរហូតមកដល់បច្ចុប្បន្ននេះដែរ។
នាយឧត្តមសេនីយ៍ នាង ផាត បានផ្តាំផ្ញើរថា យើងត្រូវ រួបរួមសាមគ្គីគ្នាក្រោមរដ្ឋធម្មនុញ្ញ និងក្រោម ដំបូលដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ និងការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ហើយយើងគាំទ្រពេញទំហឹង សម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងបេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។ បន្តចូលរួមការកែទម្រង់ ខ.ភ.ម និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំរបស់ថ្នាក់លើ។ ការពារសុខសន្តិភាព និងសមិទ្ធផលនានា មិនឲ្យជនក្បត់ទាំងឡាយណាមកបំផ្លិចបំផ្លាញបានឡើយ។
គួរបញ្ជាក់ដែរថា៖ ក្នុងរយៈពេល១ឆ្នាំ ឆ្នាំ២០២២កន្លងមកនេះ កងពលតូចថ្មើរជើងលេខ៥៣ ក្រៅពីការបំពេញភារកិច្ចស្នូល បានយកចិត្តទុកដាក់ហ្វឹកហ្វឺនដល់យោធិនរបស់ខ្លួន តាមផែនការឆ្នាំ មានចំនួន៦វគ្គ វគ្គហ្វឹកហ្វឺនរៀបរយម្ចាស់ការរបស់អង្គភាព ចំនួន៥វគ្គ។ អង្គភាព បានអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ក្នុងនោះច្បាប់លក្ខន្តិកៈវិន័យទូទៅរបស់ ខ.ភ.ម ប្រឆាំងគ្រឿងញៀន ចរាចរផ្លូវគោក វិធានការទប់ស្កាត់ជម្ងឺកូវីដ១៩ និងសភាពការណ៍ថ្មីៗ ដល់នាយ និងពលទាហានជាប់ជាប្រចាំ។ ទន្ទឹមនឹងនេះ បានយកចិត្តទុកដាក់ កសាងអភិវឌ្ឍន៍ អង្គភាព ដោយបានកសាងអគារស្នាក់នៅសិក្ខាកាម១ខ្នង, ចាក់ផ្លូវកៅស៊ូមុខទីបញ្ជាការ, ផ្លូវបេតុង ជុំវិញទីបញ្ជាការ, ផ្លូវក្រាលគ្រួសក្រហម៨ខ្សែ, ផ្ទះបាយគំរូ១៣ខ្នង, រោងដាក់កាំភ្លើង, រោងម៉ាស៊ីនភ្លើង និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយចំណាយអស់ថវិកាជាង ៣១៦លានរៀល និងប្រាក់ដុល្លាអស់ជាង ៣សែន ៤ម៉ឺន ១ពាន់ដុល្លាអាមេរិក ៕