បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ រួចមកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ក៏បានបន្តដំណើរទៅជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចលេខ៥២ បន្តទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានផ្តាំផ្ញើរថា ត្រូវរួបរួមសាមគ្គីក្រោមរដ្ឋធម្មនុញ្ញ និងក្រោមដំបូលដ៏ត្រជាក់ នៃព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ហើយយើងគាំទ្រពេញទំហឹងសម្តេចតេជោជានាយករដ្ឋមន្ត្រី និងបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ នាយឧត្តមសេនីយ៍ បានថ្លែងផ្តាំផ្ញើដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥២ (នៅស្រុកសំឡូត) នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឱកាសអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនេះ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២៣)។
ក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចលេខ ៥២ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលមានការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន និងធ្វើឲ្យកងម្លាំងប្រដាប់អាវុធ ទទួលបាននូវទឹកភ្លើងផ្លូវ គ្រឿងចក្រ អគារស្នាក់នៅ កន្លែងធ្វើការ និងសម្ភារៈសំណង់គ្រប់ប្រភេទ សម្ភារៈឧបករណ៍ប្រើប្រាស់ បម្រើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ និងឧបត្ថម្ភប្រាក់បុណ្យ ប្រាក់ហូបបន្ថែមដល់កម្លាំងជួរមុខ ហើយការសម្រេចចិត្តរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាឈ្នះលើជម្ងឺកូវីដ១៩ តាមការចាក់វ៉ាក់សាំងស្រោចការពារជំម្ងឺកូវីដ-១៩ បន្សាំក្នុងសហគមន៍នៅទូទាំងប្រទេស និងបានដោះស្រាយគោលនយោបាយផ្សេងៗទៀត ដល់ជនរងគ្រោះជម្ងឺកូវីដ១៩ ជនរងគ្រោះក្នុងគ្រោះមហន្តរាយ ជនក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងមេបញ្ជាការ កងទ័ពជើងគោក, នាយឧត្តមសេនីយ៍ នាង ផាត បានសម្តែងនូវការកោតសរសើរចំពោះនាយ និងពលទាហានទាំងអស់ នៃកងពលតូចលេខ៥២ ដែលកន្លងមកបានខិតខំពុះពារអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចការជាតិបូរណភាពទឹកដីកម្ពុជា និងការចូលរួមយ៉ាងសកម្មនៅក្នុងការថែរក្សាសុខសន្តិភាព ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារទប់ស្កាត់បទល្មើសផ្សេងៗនៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសការធ្វើឲ្យថ្ងៃ៧មករា មានន័យ និងរស់រានមកដល់ពេលនេះ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា៖ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ យើងបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវ ដែលធានាបានដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើន នៃមាតុភូមិកម្ពុជា។ យើងមានមោទនភាព ក្នុងការធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជាយើង។ ដោយក្តាប់ជាប់នូវបទពិសោធន៍ និងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រជាជាតិរបស់យើងបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយឯករាជ្យ និងស្របទៅនឹងលក្ខណៈជាប្រវត្តិសាស្ត្រ ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តន៍ នៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និងមិនឱនក្បាលចំពោះការគាបសង្កត់ គំរាមគំហែងនានាពីខាងក្រៅ។ មូលដ្ឋាននេះបានធ្វើឲ្យមាតុភូមិយើងអាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហ៊ានៗឆ្លងផុតដំណាក់កាលដែលលំបាកបំផុតមកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាព។
ឯកឧត្តម នាង ផាត បញ្ជាក់ថា៖ កាលពីមុនកម្ពុជា ជាវាលពិឃាដ្ឋ នៃរបបប្រល័យពូជសាសន៍ ជាសមរភូមិផ្ទៃក្នុងរាំងរៃ ជាកន្លែងដណ្តើមប្រជែង រវាងមនោគមន៍វិជ្ជានយោបាយនានា ជាប្រទេសក្រីក្រ និងអន់ថយបំផុតផ្នែកសេដ្ឋកិច្ច។ ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ដោយបានចាកផុតពីប្រទេសដែលមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមមានកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។ កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស ដោយបានចូលរួមដោយស្មើរភាព និងសិទ្ធរាល់កិច្ចការអន្តរជាតិ ជាពិសេសបានធ្វើឲ្យដែលមានការប្រឈមជាមួយគ្នាបានមកអង្គុយ និងជជែកពិភាក្សាគ្នាផងដែរ ហើយបានទទួលជោគជ័យខាងនយោបាយ ការចាក់ស្រោចវ៉ាក់សាំង សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច និងជីវភាពដោយបានការចូលរួមពីប្រជាពលរដ្ឋ ៕