ថ្ងៃ៧មករា ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា៖ គឺជាថ្ងៃកំណើតទី២របស់ខ្លួន។ បើគ្មានថ្ងៃ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗរហូតមកដល់បច្ចុប្បន្ននេះដែរ។ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ (នៅទីរួមខេត្តបាត់ដំបង) នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឱកាស អបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនេះ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២៣)។
តាមរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ បានឲ្យដឹងថា៖ យោធភូមិភាគទី៥ ជាអង្គភាពមួយ ក្នុងចំណោមស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់ នូវជំហរស្មារតី៧មករា ហើយស្មារតីនេះបានដក់ជាប់នៅក្នុងឆន្ទៈរបស់កងទ័ពគ្រប់រូប ចាប់តាំងពីដំណាក់កាល សង្គ្រាមផ្ទៃក្នុង រហូតមកដល់ប្រទេសជាតិមានសុខសន្តិភាព ក្រោយពេលមានសន្តិភាព រហូតដល់សព្វថ្ងៃនេះ។ ឯកឧត្តមបន្តថា នៅឆ្នាំ២០២២ ក្រោយប្រទេសជាតិកម្ពុជាទទួលបានធូរស្រាលនូវជម្ងឺកូវីដ១៩ ក្រោមនយោបាយ ចាក់វ៉ាក់សាំង របស់សម្តេចតេជោ, យោធភូមិភាគទី៥ បានខិតខំពុះពារដឹកនាំអង្គភាពលើគ្រប់វិស័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ផែនការ សារាចរណ៍ និងបទបញ្ជាថ្នាក់លើគ្រប់ជាន់ថ្នាក់គ្រប់កាលៈទេសៈ ជាក់ស្តែង ដូចជាការហ្វឹកហ្វឺនពង្រឹងកម្លាំង សមត្ថភាព បំពេញភារកិច្ច រៀបចំកម្លាំងអន្តរាគមន៍ រៀបចំកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ លេខ៧០៥ សម្រាប់អនុវត្តបទបញ្ជា និងសហការជាមួយកងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី អន្តរាគមន៍ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតចេញក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានសហការយ៉ាងជិតស្និតជាមួយបណ្តាប្រទេសជិតខាង ដើម្បីរក្សាបានមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនិងស្នាដៃទាំងឡាយរបស់នាយ និងពលទាហាន យោធភូមិភាគទី៥ ដែលខិតខំសម្រេចបាននៅក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តម នាង ផាត បានបញ្ជាក់ថា៖ នៅប៉ុន្មានថ្ងៃទៀត ជាថ្ងៃ៧ មករា ២០២៣ខាងមុខ គឺជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនយើង លើរបបប្រល័យពូជ សាសន៍ ប៉ុលពត ដែលបានសង្គ្រោះជាតិកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាល ដ៏ខ្មៅងងឹតបំផុត ហើយបើកនូវសគ្គរាជថ្ងៃរបស់កម្ពុជា ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីថ្ងៃជ័យជំនះ ជាប្រវត្តិសាស្ត្រនេះ គណៈបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជនបានប្រមូលកម្លាំងប្រជាជនខ្មែរទាំងមូល ពុះពារជំនះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកយ៉ាងប្តូរផ្តាច់ដើម្បីការពារការ រស់រានរបស់ខ្លួន ការកសាងស្តារប្រទេសជាតិឡើងវិញ ដែលត្រូវចាប់ផ្តើមពីចំនុចសូន្យ។ ជោគជ័យក្នុងការអនុវត្ត ភារកិច្ចជាយុទ្ធសាស្ត្រនេះ បានបង្កើតបុព្វបទ និងលក្ខណៈសម្បត្តិជាមូលដ្ឋានមួយសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការស្តារអភិប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់ពេលបច្ចុប្បន្ននេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។
នាយឧត្តមសេនីយ៍ បន្តថា៖ យើងរំលឹកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ច នូវមហាឧក្រឹដ្ឋ ដែលរបបប្រល័យពូជសាសន៍ប៉ុលពត បានប្រព្រឹត្តមកមាតុភូមិ និងប្រជាជាតិរបស់យើង។ នៅក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជនយុទ្ធនារី នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយរំលំរបបប្រល័យ ពូជសាសន៍ ប៉ុលពត និងរាំងស្កាត់មិនឲ្យរបបអប្រិយ៍នេះ វិលត្រឡប់មកសារជាថ្មីវិញបាន។
ទន្ទឹមនឹងនេះ ឯកឧត្តម នាង ផាត បានលើកឡើងផងដែរ អំពីសភាពការណ៍រួមរបស់សកលលោក ការប្រឈមដែលសកលលោក ដែលកំពុងជួបប្រទះ កិច្ចការតំបន់ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០២២។ ការវាយតម្លៃ នៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២។ ហើយជាមួយគ្នានេះ ក៏បានជំរុញដល់ នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ បន្តការអនុវត្តនូវតួនាទីភារកិច្ច ដ៏ល្អរបស់ខ្លួន បន្ថែមទៀត លើកិច្ចការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារសុខសន្តិភាព ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបន្តការអនុវត្តវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដូសជម្រុញ ជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនភាពស៊ាំសង្គម និងរស់នៅក្នុងគន្លងនៃប្រក្រតីភាពថ្មី ៕