វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានប្រារព្ធពិធីអបអរសាទរខួបលើកទី២៤ឆ្នាំ ទិវានយោបាយឈ្នះ ឈ្នះ និងខួបលើកទី០៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ និងស្រាវជ្រាវប្រវត្តិសាស្រ្តយោធា បានអានរបាយការណ៍ដោយបានគូសបញ្ជាក់ថា៖ ថ្ងៃនេះជាឱកាសដ៏ប្រពៃក្នុងការប្រារព្ធទិវានយោបាយឈ្នះ ឈ្នះ ខួប២៤ឆ្នាំ ជាមួយនឹងការ អបអរសាទរចំពោះការអភិវឌ្ឍន៍ទទួលបានសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ ដែលចេញមកពីសន្តិភាពដោយនយោបាយឈ្នះ ឈ្នះ តេជោសែន។ ឯកឧត្តម បានបញ្ជាក់ថា៖ ក្រុមការងារបានបន្តកិច្ចការឆ្នាំក្នុងប្រតិទិនដំណាក់កាលទី៤ នៃដំណើរការសាងសង់វិមានឈ្នះឈ្នះ តាមចក្ខុវិស័យដាក់ចេញដោយសម្តេចពិជ័យសេនា ទទួល បានលទ្ធផលដាក់ស្ដែងដូចជា ការគ្រប់គ្រង ការជួសជុល ថែទាំ និងវិធានការសន្តិសុខរួមមាន៖ គ្រប់គ្រង ថែទាំសំណង់ស្ថាបត្យកម្មទូទៅ ជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ឋនានា ដែលមានការខូចខាត ត្រួតពិនិត្យសម្ភារៈបច្ចេកទេស និងសារមនី្ទរជាប្រចាំ-ទទួលបានការសហការគាំទ្រពីកម្លាំងសាលារាជធានីភ្នំពេញ ក្នុងសកម្មភាពការងារ ការថែរក្សាសួនច្បារ ការប្រមូលសម្រាម ការផ្គត់ផ្គង់ទឹកស្អាត នឹងអគ្គីសនីសម្រាប់ប្រើប្រាស់ ក្នុងបរិវេណវិមានឈ្នះ ឈ្នះជាប្រចាំ។ សហការជាមួយនឹងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងបរិវេណវិមានឈ្នះ ឈ្នះ។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ទៀតថា៖ ផ្តើមចេញពីនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយទៅជាវិមានឈ្នះ ឈ្នះ នឹងបន្តប្រែទៅជាសមិទ្ធផល ឈ្នះ ឈ្នះ តាមរយៈការដាក់បង្ហាញនូវសមិទ្ធផលទាំងឡាយដែលទទួលបានតាមរយៈសន្តិភាព និង ការឯកភាពជាតិពេញលេញនៅកម្ពុជា។ មកដល់បច្ចុប្បន្ន ឆ្លើយតបតាមគោលដៅការងាររបស់ គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១ វិមានឈ្នះ ឈ្នះ បានកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរួចរាល់រួមមាន ៖
- សួនសមិទ្ធផលតេជោ ដែលបង្ហាញពីសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ ក្នុងវិស័យ ការពារជាតិ ដោយមានការចូលរួមពីអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បញ្ហាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ។
- មជ្ឈមណ្ឌលជាតិ គ្រប់គ្រង់កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា និងក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ បានទទួល ប្រគល់ការបន្តថែទាំសួនតេជោសន្តិភាព ពីបញ្ជាការដ្ឋានកងទ័ពជើងគោក។
- ចម្លាក់សមិទ្ធផលតាមក្រសួងស្ថាប័ន និងរាជធានី-ខេត្ត និងចម្លាក់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាផងដែរ។
ក្រៅពីនេះ ក្រុមការងារ បានការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានានា ដំណើរការបានយ៉ាងសកម្ម ហើយដោយមមាញឹក ដោយបានពុះពារនូវទុក្ខលំបាកស្មុគស្មាញ ក្នុងដំណើរការសិក្សាស្រាវជ្រាវ បានរៀបចំចំនួន ៥៥ទីតាំង និងកំពុងរៀបចំបន្ថែម ២១ទីតាំង។
ថ្លែងទៅកាន់ពិធីអបអរខួបលើកទី ២៤ ទិវានយោបាយឈ្នះ ឈ្នះ និងខួបលើកទី០៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុង ប្រទេសកម្ពុជា និងទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលជាឱកាសនៃការចាប់ផ្ដើម កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេល២៤ឆ្នាំមកនេះ គឺទទួលបាន មកដោយលំបាកដោយបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម នៃរបបប្រល័យពូជសាសន៍ ដំណាក់កាល សង្គ្រាមផង ចរចារផង រហូតដល់ការលេចឡើងនៃវត្តមាននយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ខ្មែរដោះស្រាយបញ្ហាដោយខ្លួនឯង។ សម្តេចពិជ័យសេនា បានសំដែងនូវមោទនភាព និងក្តីរំភើបក្រៃលែងក្នុងនាមជាប្រតិបត្តិករមួយរូប នៃនយោបាយ ឈ្នះ ឈ្នះ និងជាអ្នករួមចំណែកក្នុងវឌ្ឍនភាពជាតិកម្ពុជាបន្ទាប់ពីទទួលបានសន្តិភាព និងការឯកភាព ជាតិពេញលេញ ដែលបានឈរនៅទីតាំងនេះ ជាទីតាំងបង្ហាញពីសក្ខីភាពនៃសន្តិភាព និងបានប្រារព្ធ ខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួប៤ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលមានតម្លៃបំផុតក្នុងការរួមចំណែកអភិវឌ្ឍជាតិ។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ សន្តិភាព និងរាល់សមិទ្ធផលដែលសម្រេចបានមកដល់ពេលនេះ បានមកពីការយកអាយុជីវិតធ្វើ ជាដើមទុន ពីពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិយើងច្រើនឥតគណនា ដើម្បីជាតិមាតុភូមិ និងជីវិតរស់នៅ របស់ខ្លួនព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជាដរាប ដោយមិនអនុញ្ញាតឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានឡើយ។ យើងប្តេជ្ញាបន្តកសាង ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនឡើងក្លាយជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រលាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេល មុនទៀតឡើយ។
នៅក្នុងឱកាសនោះ បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រគល់ជូនលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម អស់លោក ជា ថ្នាក់ដឹកនាំតាមស្ថាបន័នានា និង សប្បុរសជន ដែលបានចូលរួមចំណែកកសាង និង រៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី២៤ឆ្នាំ ទិវានយោបាយឈ្នះ ឈ្នះ និងខួបលើកទី០៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំង គណៈអធិបតីទាំងអស់ក៏បានអញ្ជើញទៅទស្សនាពិព័រណ៍សន្តិភាព អបអរសាទរខួបលើកទី ២៤ ទិវានយោបាយឈ្នះ ឈ្នះ ដែលនៅក្នុងស្តង់ពិព័រណ៌ មានការចូលរួមដាក់តាំងបង្ហាញពីបណ្តា ស្ថាបន័ អង្គភាព នានារួមមាន៖ -មជ្ឈមណ្ឌលឯកសារកម្ពុជា, -វិទ្យាស្ថានប្រវត្តិសាស្រ្តយោធា, -អង្គភាពសេនេតេជោ, -បញ្ជាកាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (តំបន់ប្រវតិ្តសាស្រ្តយោធាតេជោកោះថ្ម អិច-16), -អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ កោះកុង, -អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង, -អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន, -នាយកដ្ឋានកិច្ចការអាស៊ាន, -មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, -មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងគណៈកម្មការផលិតភាពយន្តភាគរឿង(កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី)។
ដោយលែកពិព័រណ៍ដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់កងយោធពលខេមរភូមិន្ទ និងសមិទ្ធផល ដោយ អគ្គបញ្ជាការដ្ឋាន មានការចូលរួមពី -អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, -បញ្ជាការដ្ឋានកងទ័ពជើងគោក, -បញ្ជាការដ្ឋានកងទ័ពជើងទឹក, -បញ្ជាការដ្ឋានកងទ័ពជើងអាកាស, -បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, - បញ្ជាការដ្ឋានអង្គរក្ស និង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន។
សូមបញ្ជាក់ថា៖ សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត អាជីព និងកម្មសិទ្ធិ» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ ពួកខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរបង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់ឱកាសដ៏មាន តម្លៃបំផុតដែល ពុំធ្លាប់មានដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងសង្គមជាតិ និងបើកឱកាសអោយ ខភម អាចរៀបចំខ្លួនជាអង្គភាព មានវិជ្ជាជីវៈច្បាស់លាស់ថែមទៀត នៅក្នុងកិច្ចការការពារ និងកសាងមាតុភូមិកម្ពុជា ជាពិសេសគឺការបំពេញភារកិច្ច ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ សង្គ្រោះពេលមានគ្រោះមហន្តរាយ និងរួមវិភាគទានក្នុងនយោបាយការបរទេសរបស់កម្ពុជា តាមរយៈបេសកកម្មមនុស្សធម៌រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ផងដែលថា៖ ក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ២៤ឆ្នាំ ទិវានយោបាយឈ្នះ ឈ្នះ និងខួប៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ គណកម្មការរៀបចំពិធី បានរៀបចំ បាញ់កាំជ្រួច ជូនសាធារណៈជនទស្សនានៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោ៧:០០ល្ងាច និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២:០០ យប់ ព្រមទាំងមានការរៀបចំការប្រគំតន្រ្តីអបអរសាទររយៈពេល០៣ថ្ងៃ សម្រាប់សាធារណៈ ជនចូលរួមកម្សាន្តផងដែរ ៕