នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិ មានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានវត្តមាន ចូលរួមពីសំណាក់ឯកឧត្តម អស់លោកជាថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ មេបញ្ជាការបណ្តាប្រភេទទ័ព និងឯកឧត្តម ជាអគ្គនាយក អគ្គនាយករង បណ្តាស្ថាប័នជំនាញចំណុះក្រសួងការពារជាតិ ជាច្រើនរូប។
ក្នុងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ ដែលអានដោយ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ ក្នុងរយៈពេលមួយឆ្នាំ២០២២នេះ ខភម បានយកចិត្តទុកដាក់ពុះពារអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងភារកិច្ចចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើនគួរជាទីមោទនៈ។ ក្នុងនោះ សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់, កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើសកម្មភាពល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី ឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដោយឡែក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ, ខភម បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិ ដែលអញ្ជើ្ញញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅប្រទេសកម្ពុជា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងនាមប្រធានអាស៊ានប្តូរវេន និងក្នុងឱកាសពិធីបុណ្យផ្សេងៗប្រពៃណីជាតិ ពិសេសការចូលរួមការពារសន្តិសុខ ជុំវិញពិធីផ្សេងៗរបស់ជាតិ។ ក្រៅពីនេះ ក៏បានចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះជំនន់ទឹកភ្លៀង, ខ្យល់ព្យុះរលំបាក់ផ្ទះប្រជាពលរដ្ឋ, គ្រោះអគ្គីភ័យ, នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដ៏មានសារៈសំខាន់ ដោយមានព្រឹត្តិការណ៍ទាំងជាតិ និងអន្តរជាតិធំៗជាច្រើន។ ក្នុងនោះ ខភម និងក្រសួងការពារជាតិ បានធ្វើជាប្រធានអាស៊ានប្តូរវេន ចាត់តាំងរៀបចំកិច្ចប្រជុំថ្នាក់ប្រមុខ អគ្គមេបញ្ជាការងទ័ពអាស៊ន និងកិច្ចប្រជុំក្រៅផ្លូវការ, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាបន្តបន្ទាប់ ពិសេសបានរៀបចំនូវកិច្ចប្រជុំដោយផ្ទាល់ របស់អាស៊ាន បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង ២ឆ្នាំកន្លងមក ដែលប្រការនេះ កម្ពុជាទទួលបានការគាំទ្រ និងការកោតសរសើរ ពីសមាជិកអាស៊ាន និងអាស៊ានបូក។ ហើយនៅក្នុងរយៈពេលនេះដែរ ខភម ក៍បានធ្វើការកែទម្រង់ ក្នុងនោះបានបន្តធ្វើការកែសម្រួល និងបង្កើតក្របខណ្ឌមួយចំនួនស្របតាមការចាំបាច់ចំពោះមុខ និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រង និងពង្រឹងសមត្ថភាព គុណភាព យោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងកសាងប្រភពនាយទាហានសម្រាប់បន្តវេន ពីនាយទាហាន ដែលត្រូវចូលនិវត្តន៍។ ក្រៅពីនេះ បានចូលរួមកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពានលូ ប្រព័ន្ធធារាសាស្ត្រ សំណង់ផ្សេងៗ និងការងារបោសសំអាតគ្រាប់មីន ក៏ដូចជាការកសាងផ្លូវយុទ្ធសាស្ត្រយោធា កសាងជំរុំជំរក បន្ទាយកងទ័ព បានដំណើរការប្រកបដោយជោគជ័យតាមផែនការដែលបានកំណត់ ព្រមទាំងបានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អ និងទំនុកទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ទន្ទឹមនឹងស្នាដៃសម្រេចបានទាំងនេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់លើការងារកសាងប្រវត្តិសាស្ត្រយោធា និងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្តេច ក៏បានស្នើរដល់នាយកដ្ឋានសរុប នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ឱ្យដាក់បញ្ចូលជាផ្លូវការក្នុងរបាយការណ៍បូកសរុបឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ អំពីការងារធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មកកាន់កម្ពុជាវិញ។ ទាក់ទងបញ្ហានេះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំពេញតួនាទី គ្រប់លក្ខណៈសម្បត្តិ ក្នុងការសហប្រតិបត្តិការជាមួយនឹងភាគីមិត្ត នៃកងទ័ពប្រជាជនវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតម្កល់នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) ទៅតាមការគ្រោងទុក ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀត បាញ់ បានបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងភារកិច្ចជាក់ស្ដែងចំពោះមុខ ហើយក៏ជាពេលវេលា ដែលព្រះរាជាណាចក្រកម្ពុជាយើងត្រូវធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ព្រមទាំងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ និងមានពិធីបុណ្យជាតិធំៗបន្តបន្ទាប់ ដូច្នេះសម្ដេចបានដាក់ចេញនៅទិសដៅ ឲ្យដល់គ្រប់អង្គភាពកងយោធពលខេមរភូមិន្ទ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាងឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលកើតមានឡើងដោយសន្តិវិធី។
សម្ដេចពិជ័យសេនា ក៏បានក្រើនរំលឹកឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នអាវុធហត្ថ, កងអង្គរក្ស ត្រូវតែមានកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយគ្រប់សមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាថ្នាក់ដឹកនាំ និងក្រុមកីឡាករ មកពីគ្រប់បណ្ដាប្រទេសនានារបស់អាស៊ាន ដែលបានអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្នុងឆ្នាំ ២០២៣ និងកិច្ចដំណើរការបោះឆ្នោតតំណាងរាស្ត្រនីតិកាទី ៧ ក្នុងឆ្នាំ ២០២២ ខាងមុខនេះប្រកបដោយភាពរលូន និងជោគជ័យ ៕