បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូបពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកដល់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំរួចមកនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ ព្រំដែន កម្ពុជា វៀតណាម បានប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូប ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយ៍កម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯកបំរុង វ៉ូ មិញលឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងក្រសួងការពារប្រទេសវៀតណាម និងសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃ នាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, អស់លោក លោកសី ព្រមទាំងយុវជន សិស្ស និស្សិតជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ៖ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូប ដែលបានធ្វើពិធីឈាបនកិច្ច នាពេលនេះ បានពលីជីវិតក្នុងអំឡុងឆ្នាំ១៩៧៨ ក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះ និង សង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូប ត្រូវបានបញ្ចុះនៅឡុងយ៉ាវ ខេត្តដុងណាយ សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយត្រូវបាន ក្រុមការងារបច្ចេកទេស ប្រទេសទាំងពីរ កម្ពុជា វៀតណាម ដឹកនាំដោយ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានធ្វើការសហការជាមួយភាគីមិត្តវៀតណាម ធ្វើការជីកគាស់បើកផ្នូរ រើសយកអដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ធ្វើមាតុភូមិនិវត្តន៍ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកដល់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្មអិច ១៦ ព្រះរាជាណាចក្រកម្ពុជាវិញ នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២។
ក្នុងវិយោគកថា ដែលអានដោយ ឧត្តមសេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់អំពីជីវប្រវត្តិសង្ខេបរបស់យុទ្ធជនពលីទាំង ៤៩ រូប ក្នុងនោះយុទ្ធជនទាំង ៤៩ រូបបានប្រសូតនៅក្នុងចន្លោះឆ្នាំ១៩១៤ ដល់ឆ្នាំ១៩៦៤។ យុទ្ធជនទាំងអស់មានស្រុកកំណើតផ្សេងៗគ្នា ក្នុងនោះមាន ៤៧ រូប នៅខេត្តស្វាយរៀង ម្នាក់នៅខេត្តកំពង់ចាម និងម្នាក់ទៀតមិនមានអត្តសញ្ញាណច្បាស់លាស់។ ក្នុងវិយោគកថា បានបញ្ជាក់ទៀតថា៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្ត ៤ នាក់ទៀត បានយកអាយុជីវិតធ្វើជាដើមទុន ចាកចេញពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម ក្នុងគោលបំណងប្រមូលកងទ័ព ដើម្បីវាយផ្ដួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ រហូតដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ គឺជាថ្ងៃប្រកាសបង្កើត កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅធឺឌឹក សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាចំណុចចាប់ផ្ដើមដំបូងគេបង្អស់ នៃចលនា តស៊ូរបស់កម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន ក្នុងនោះក៍មានយុទ្ធជន ទាំង ៤៩ រូបផងដែរ។ នៅក្នុងសមរភូមិប្រយុទ្ធគ្នាជាមួយកងទ័ពខ្មែរក្រហម តាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម អំឡុងឆ្នាំ១៩៧៨ យុទ្ធជនទាំង ៤៩ រូបបានពលីជីវិតលើសមរភូមិ ក្នុងបុព្វហេតុ រំដោះជាតិ និងប្រជាជនកម្ពុជា។ ការបាត់បង់នូវយុទ្ធជនតស៊ូរំដោះជាតិ គឺជាការបាត់បងនូវគំរូ វីរភាពដ៏អង់អាចក្លាហាន ធ្វើអោយយុទ្ធជនរួមអាវុធទាំងអស់ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់ ចងចាំ ជានិច្ច។ ដោយមានការចូលរួមពីអ្នកតស៊ូរំដោះជាតិគ្រប់ទិសទី និងជាច្រើនអង្គភាពបានបញ្ចូលគ្នា បង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ។ ក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាម បានវាយសំរុកចូលគ្រប់ទិសទី ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
រហូតមកដល់ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាទាំងបី បានវាយផ្តួលរំលំរបបព្រៃផ្សៃប្រល័យពូជសាសន៍ ប៉ុល ពត និងរំដោះ ប្រជាជនកម្ពុជាទូទាំងប្រទេស អោយរស់រានមានជីវិតឡើងវិញ ដែលប្រជាជនគ្រប់ៗគ្នាចាត់ទុកថា ជាថ្ងៃកំណើតទីពីរ។ ក្រោយថ្ងៃរំដោះ ៧ មករា រដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាទាំងបី បានបង្កើត “របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារបបជួយសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា អោយរួចផុតពីវាលពិឃាត និងគ្រោះអត់ឃ្លាន ចេញពីរបប ប៉ុល ពត មានតែបាតដៃទទេរ និងជួយស្ដារសេដ្ឋកិច្ចជាតិឡើងវិញ បែងចែកដីអោយធ្វើ របបសហករណ៍ បើកអោយមានទីផ្សារ ចាយអង្ករ ចាយមាស រស់នៅមានសិទ្ធិសេរីភាព និងណែនាំអោយប្រជាជន កុំអោយយកកំហឹងទល់កំហល់។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនទាន់បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឡើយទេ ប្រជាជនរស់នៅក្នុងស្ថានភាព សន្តិភាពផង និងសង្គ្រាមផង។ ដោយមើលឃើញសោកនាដកម្មនៅតែបន្តបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីស្វែងរកត្រើយសុខសន្តិភាព និងបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទាំងស្រុងនៅប្រទេសកម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាង ៥០០ ឆ្នាំធ្វើអោយប្រទេសជាតិទទួលបានការឯកភាពជាតិពេញលេញ សន្តិភាព សេរីភាព សុខដុមរមនា និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនឥតឈប់ឈរ ជារៀងរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ទោះបីរយៈពេលជាង ៤០ ឆ្នាំ បានកន្លងផុតទៅហើយក៏ពិតមែន ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននោះ គឺការចងចាំនូវគុណូបការៈ និងវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់ បែបយ៉ាង ឆ្លងកាត់គ្រប់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា យកអាយុជីវិតធ្វើដើមទុនរបស់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតែដិតដាមក្នុងក្រអៅបេះដូង របស់យើងទាំងអស់គ្នាគ្រប់ជំនាន់ជានិច្ច គ្មានថ្ងៃអាចបំភ្លេចនូវគំរូវីរភាពដ៏ថ្លៃថ្លានេះបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមជូនដំណើរយុទ្ធជនពលីទាំង ៤៩ រូប ក្នុងពិធីឈាបនកិច្ចនាពេលនោះ។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលីទាំង ៤៩ រូប បានទៅសោយសុខក្នុងសុគតិភព និងសូមជួយតាមបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស បានសុខសន្តិភាព ស្ថេរភាព វឌ្ឍនភាព សុភមង្គល សេចក្តីសុខ និងចម្រុងចម្រើនសម្បូរសប្បាយ តរៀងរហូតទៅ។ ដើម្បីរំលឹកនូវការដឹងគុណូបការៈ និងសំដែងមនោសញ្ចេតនាដ៏ជ្រាលជ្រៅប្រកបដោយ កតញ្ញូកតវេទិតាធម៌ យើងខ្ញុំទាំងអស់គ្នាតំណាងអោយប្រជាជនកម្ពុជាទូទាំងប្រទេស សូមលំឱន កាយវាចាចិត្ត គោរពដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីទាំង ៤៩ រូប ដោយសេចក្ដីគោរពដ៏ស្មោះស្ម័គ្រ អស់ពីដួងចិត្ត និងស្រណោះ អាឡោះអាល័យជាទីបំផុត។
ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូប នៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ បានបញ្ចប់បន្ទាប់ពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានឡើងថ្លែងអំណរគុណ ដល់អង្គពិធី និង ការប្រារព្ធពិធីឈាបបនកិច្ចស្របទៅតាមប្រពៃណីព្រះពុទ្ធសាសនា ខែ្មររួចមក ៕