នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបការងារភស្តុភារហិរញ្ញវត្ថុ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ផ្សារភ្ជាប់ជាមួយមុខងារក្នុងប្រព័ន្ធ FMIS តាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ទទួលបន្ទុកការងារភស្តុភារហិរញ្ញវត្ថុ ជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាប្រធានក្រុមការងារអនុវត្ដ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព៌តមាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយកស្តីទី អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឲ្យដឹងថា ដើម្បីអនុវត្តការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ហាញកាលានុវត្តភាពប្រចាំឆ្នាំ ចែករំលែកពត៌មានបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីគ្នាទៅវិញទៅមក អំពីការកំណត់ និងការប្រើប្រាស់ថវិកាសមស្របក្នុងការចូលរួមកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានទៅដល់ការអនុវត្តលទ្ធកម្មដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលជាប្រធានបទគន្លឹះសម្រាប់ការធានាជោគជ័យនូវការងារកែទម្រង់ ដោយផ្តើមចេញនៃការបណ្តុះបណ្តាលឆន្ទៈ ការប្តេជ្ញា និងកែទម្រង់ ការបង្កើតភាពជាម្ចាស់ និងការបំពាក់បំប៉នស្មារតី នៃភាពចាំបាច់ និងបន្ទាន់ក្នុងការងារហ្វឹកហ្វឺនរៀនសូត្រតាមបែបផែនប្រព័ន្ធថ្មី FMIS ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីបង្កើនសមត្ថភាពពេញលេញក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ចំពោះការងារភស្តុភារប្រចាំឆ្នាំនីមួយៗ បែរទៅអនុវត្តតាមកម្មវិធីយ៉ាងសកម្មដាក់ដេញថ្លៃទំនិញសម្ភារៈស្បៀងអាហារ និងបរិក្ខាឱសថ បរិក្ខាពេទ្យ ប្រេងឥន្ទនៈ និងសម្ភារៈមួយចំនួនទៀត ដោយប្រើប្រាស់កញ្ចប់ថវិកាដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានកំណត់។ ឧត្តមសេនីយ៍ឯក លី កុសល បានបញ្ជាក់ថា ពេលនេះការងារភស្តុភារហិរញ្ញវត្ថុ ត្រូវតែមានការផ្សារភ្ជាប់គ្នាទៅវិញទៅមកដោយមិនអាចកាត់ផ្តាច់បានដោយគ្មានថវិកា ទំនិញសម្ភារៈទាំងអស់នោះក៏មិនអាចទិញបានដែរ ហើយការប្រើប្រាស់ទាមទារឲ្យមានការពិនិត្យគម្រោងសេចក្តីត្រូវការជាមុនសិន ទើបធ្វើការបើកផ្តល់និងទូទាត់មកវិញតាមនីតិវិធីជំនាញដែលបានកំណត់។
កិច្ចប្រជុំក៏បានតាមស្តាប់នូវលទ្ធផលការងារភស្តុភារហិរញ្ញវត្ថុ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និងបញ្ហាប្រឈមមួយចំនួននៃជំនាញការងារភស្តុភារហិរញ្ញវត្ថុ នៅតាមបណ្តាប្រភេទទ័ព មាន៖ កងទ័ពជើងគោក ជើងទឹក និងកងទ័ពជើងអាកាស និងតាមបណ្តាយោធភូមិភាគផងដែរ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា កន្លងមកនេះ ដោយសារមានវិបត្តិការរាតត្បាតនៃជង្ងឺកូវីដ-១៩ បានធ្វើឲ្យមានការខកខាននៃការជួបប្រជុំជំនាញការងារភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ហើយនេះគឺជាឱកាសដ៏ល្អ ដែលយើងបានមកជួបជុំគ្នានៃបណ្តាស្ថាប័នកងឯកភាពជំនាញការងារភស្តុភារហិរញ្ញវត្ថុ នៅទូទាំង ខ.ភ.ម ដើម្បីមានភាពងាយស្រួល និងក្តាប់បាននូវការលំបាកនានា ជុំវិញការងារចិញ្ចឹមទ័ព ការគ្រប់គ្រងសម្ភារៈបច្ចេកទេស នៃបណ្តាកងឯកភាពនានា ធ្វើគម្រោងរាយការណ៍ទៅថ្នាក់លើ ដើម្បីបំពេញកង្វះខាតទាំងនេះ។ ឯកឧត្តម បានបញ្ជាក់ថា សំខាន់ណាស់ នៅក្នុងកងទ័ពប្រសិនបើកិច្ចការងារភស្តភារហិរញ្ញវត្ថុខ្សោយហើយ នោះកិច្ចការប្រតិបត្តិការក៏មិនដើរបានដែរ ព្រោះការងារភស្តុភារហិរញ្ញវត្ថុ គឺជាការងារធានាការចំណាយផ្សេងៗទាំងអស់។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា កម្ពុជាពិតជាមានភព្វសំណាង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអគ្គភស្តុភារជាន់ខ្ពស់នៃ ខ.ភ.ម ហើយបានមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខកងទ័ព តែងតែបានជួយផ្គត់ផ្គង់ជានិច្ចកាលមកដល់កងទ័ព នៅក្នុងពេលរដូវរងារបានបើកផ្តល់អាវរងារ ពេលរដូរធ្លាក់ភ្លៀងផ្តល់អាវភ្លៀង ហើយបានផ្តល់ដីសម្បទានសង្គមកិច្ច និងផ្ទះជាច្រើនខ្នងមកដល់គ្រួសារកងទ័ព អតីតយុធ្ធជន និងបានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តជាច្រើនទៀតមកដល់ ខ.ភ.ម ទាំងក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងពលទាហាន ជំនាញភស្តុភារហិរញ្ញវត្ថុ ដែលបានខិតខំបំពេញតួនាទីភារកិច្ចនាពេលកន្លងមក ហើយនិងបានផ្តាំផ្ញើឲ្យបន្តស្នាដៃបំពេញភារកិច្ចការងារជាបន្តទៅទៀត ដើម្បី ខ.ភ.ម លើការការពារសុខសន្តិភាព និងការពារអធិបតេយ្យបូរណភាពទឹកដី និងប្រជាជនកម្ពុជា ៕