បន្ទាប់ពីក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការជីកគាស់បើកផ្នូរ រើសយកអដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប ដែលបានបញ្ចុះនៅឡុងយ៉ាវ ខេត្តដុងណាយ សាធារណរដ្ឋសង្គមនិយមវៀតណាម អស់រយៈពេល ៥ ថ្ងៃ រួចមក នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ត្រូវបានរៀបចំមាតុភូមិនិវត្តន៍ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ កម្ពុជា វិញនៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីផ្ទេរប្រគល់អដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង ៤៩ រូប បានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេសគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងឧត្តមសេនីយ៍ឯកបំរុង ដូ កាំង អនុប្រធាន អគ្គស្នងការនយោបាយ និងជាតំណាងក្រសួងការពារប្រទេសវៀតណាម។
នៅក្នុងពិធីផ្ទេរប្រគល់ ឧត្តមសេនីយ៍ឯកបំរុង ដូ កាំង បានសំដែងការកោតសរសើរដល់ក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរកម្ពុជា វៀតណាមដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលប្រកបដោយជោគជ័យ។
នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកពិធីផ្ទេរប្រគល់ពេលនេះ គឺជាព្រឹត្តិការប្រវត្តិសាស្ត្រដែលគណៈកម្មការអន្តរក្រសួង នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយភាគីមិត្តវៀតណាម រៀបចំពិធី ប្រគល់-ទទួលអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន៤៩រូប ដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់កម្ពុជាវិញ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម តំណាងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួម ក្នុងពិធីប្រគល់-ទទួល អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាប្រវត្តិសាស្ត្រនានាពេលនេះ។ ឯកឧត្តម សៅ សុខា បានបញ្ជាក់ថា៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងវត្តមានឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គម និយមវៀតណាម នៅក្នុងពិធីប្រារព្ធខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយ៉ាត់តេជោកោះថ្ម x16 នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំឭកឡើងវិញពីប្រវត្តិកាល តស៊ូយ៉ាងលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹង របបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិ ប្រជាជនកម្ពុជាឱ្យរួចផុតពីការសម្លាប់យ៉ាងអយុត្តិធម៌បំផុត ពីពួកខ្មែរក្រហម ទើបមានយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពលីជីវិត ចំនួន៤៩ រូបនេះ។ សពយុទ្ធជនទាំង៤៩រូប ត្រូវបានអនុញ្ញាតពីបក្ស រដ្ឋាភិបាល ក្រសួងការពារប្រទេសវៀតណាមរៀបចំបញ្ចុះនៅវិមានសពយុទ្ធជនក្នុងតំបន់ឡុងយ៉ាវ ខេត្តដុងណាយ ប្រទេសវៀតណាម។ ទន្ទឹមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ពិចារណាសហការជាមួយមិត្តវៀតណាម រៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនទាំង៤៩ រូប មកកាន់កម្ពុជាវិញ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម ដែលបានផ្តល់ ទីតាំងសម្រាប់បញ្ចុះសពយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប និងបានកសាងផ្នូរសមរម្យ ថែទាំដោយយកចិត្តទុកដាក់ពីសំណាក់អង្គភាពកងពលធំលេខ៣០២ អស់រយៈពេល៤៥ ឆ្នាំកន្លងមក ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារភាគីវៀតណាមបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេសកម្ពុជាក្នុងការបើកផ្នូរលាងសម្អាត និងវេចខ្ចប់អដ្ឋិធាតុ មុនពេលធ្វើមាតុភូមិ និវត្តន៍នាថ្ងៃនេះ។
ពីធីដង្ហែអដ្ឋិធាតុនាពេលនេះ បានប្រព្រឹត្តទៅ ស្រមទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងពិធីការកងទ័ព ដោយបានដង្ហែរឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម ចូលមកតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕