កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី ( GBC )កម្ពុជា ថៃ លើកទី១៥ ត្រូវបានប្រារព្ធធ្វើនៅ សណ្ឋាគារ អាធិននី ទីក្រុងបាងកក ប្រទេសថៃ រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)កម្ពុជា ថៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តីថៃ និងជាប្រធានគណៈកម្មការព្រំដែនទូទៅ (GBC ) ថៃ កម្ពុជា។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ប្រាវីត វង្សសុវណ្ណ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាសហប្រធានជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ សារជាថ្មីម្តងទៀតក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា លើកទី១៥។ ឯកឧត្តម មានជំនឿជឿជាក់ថា៖ ដោយមានមេត្រីភាព មិត្តភាព និងការប្តេជ្ញាចិត្តស្មោះត្រង់របស់ភាគីទាំងពីរ ធ្វើឱ្យកិច្ចប្រជុំ នាលើកនេះបានសម្រេចជោគជ័យប្រកបដោយភាពរលូនដូចរៀងរាល់លើកកន្លងមកផងដែរ។ ដោយមានការទំនាក់ទំនងតភ្ជាប់ កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រួមទាំងការអភិវឌ្ឍឱ្យកើតឡើងនូវលទ្ធផលជាក់ស្ដែងទ្វេឡើងថែមទៀត បានបង្កលក្ខណៈ ងាយស្រួលតាមតំបន់ព្រំដែននៃប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ និងមានភាពជាក់លាក់រវាងប្រទេសទាំងពីរ។
ថ្លែងសន្ទរកថាបើកកិច្ចប្រជុំនាឱកាសនោះដែល សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ឯកឧត្ដម ប្រាវ៉ិត វង្សសុវណ្ណ ដែលបានចំណាយពេលវេលាចូលរួម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅខេត្តសៀម នាពេលកន្លងទៅថ្មីៗនេះ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរដែលធ្វើឡើងក្នុងពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងបំផុត ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព សន្តិភាព បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីអនុវត្តបន្តលើកិច្ចព្រមព្រៀងនានាតាមខ្លឹមសារ (MOU) នៃ (GBC) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងដើម្បីបន្ថែមនូវចំនុច សំខាន់ៗមួយចំនួនស្របតាមការផ្លាស់ប្ដូរ នៃបរិបទព្រឹត្តិការណ៍នានា ក្នុងពិភពលោក និងក្នុងតំបន់ ជាពិសេសលើបញ្ហាបម្រែបម្រួលអាកាសធាតុ ការរក្សាសន្តិសុខ ការចូលរួមទប់ស្កាត់ គ្រោះមហន្តរាយ ដែលអាចនឹងកើតមានឡើងជាយថាហេតុពីធម្មជាតិ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅ(GBC)កម្ពុជា ថៃ លើកទី១ បានដំណើរការទៅតាមកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ តាមបណ្ដោយព្រំដែន រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណង ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ស្ថេរភាព សុវត្ថិភាព តាមបណ្តោយព្រំដែន ព្រមទាំងការពង្រឹងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងកងទ័ព ជាពិសេសអង្គភាពទទួលបន្ទុកកិច្ចការសន្តិសុខ ថៃ-កម្ពុជា ឲ្យកាន់តែមានភាព ជិតស្និទទ្វេឡើងថែមទៀត។ កិច្ចប្រជុំបានផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការនានា រវាងកងទ័ព នៃប្រទេសទាំងពីរ នៅគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានចេញជាលទ្ធផល និងនាំមកនូវ សន្តិភាព ស្ថេរភាព សន្តិសុខតាមបណ្ដោយព្រំដែន។ ក្រៅពីនេះកិច្ចប្រជុំបានទទួលស្គាល់នូវវឌ្ឍនភាព លើកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែន ដែលជាផ្លែផ្កា ចេញពីកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១៤ ដែលបានប្រារព្ធរៀបចំឡើង នៅរាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដូចជា កិច្ចសហប្រតិបត្តិការស្ដីពីការឆ្លងដែន (ការធ្វើដំណើរឆ្លងដែនរបស់ពលករ) ការបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះតាមបណ្ដោយព្រំដែន តាមការឯកភាពគ្នា ការពារទប់ស្កាត់ ការបង្ក្រាបការជួញដូរគ្រឿងញៀន ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គភាពទទួល បន្ទុកកិច្ចការសន្តិសុខថៃ ជាមួយយោធា និងនគរបាលកម្ពុជា ដែលឈរជើងតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ លើកកម្ពស់វិស័យពាណិជ្ជកម្ម សុខាភិបាល ការជួយសង្គ្រោះគ្រោះមហន្តរាយ ការលើកកម្ពស់ដល់ជីវភាពការរស់នៅ ការសិក្សា សាសនា និងវប្បធម៌ របស់ប្រជាជនដែលរស់នៅតាមបណ្តោយ ព្រំដែន។ ភាគីកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១៦ ក្នុងឆ្នាំ ២០២៣ ៕