នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយ ឯកឧត្តម ឡយ អូសស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡយ អូសស្ទីន បានបញ្ជាក់ថា៖ សហរដ្ឋអាមេរិកគាំទ្រជំហររបស់អាស៊ាន ហើយបន្តសម្ព័ន្ធ មិត្តបន្តទៅទៀត នៅក្នុងតំបន់។ សហរដ្ឋអាមេរិកបន្តការគាំទ្រចំពោះការខិតខំរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងរក្សាសន្តិភាព។ កម្ពុជា និង សហរដ្ឋអាមេរិក មិនមានបញ្ហាអ្វីទេចំពោះការមិនយល់ និងមិនចុះសម្រុងគ្នា យើងនឹងពិភាក្សាគ្នារកដំណោះស្រាយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖ ទំនាក់ទំនងយោធា និងយោធាប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិកបានស្ថិតនៅក្នុងដំណាក់កាលលំបាកមួយ ប្រសិនបើយើងយល់ឃើញថាកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរមានសារៈសំខាន់ យើងត្រូវតែស្វែងរកមធ្យោបាយដ៏ល្អបំផុត សំរាប់ការយោគយល់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងឆ្នាំនេះបានសម្រេចជាឯកច្ឆន្ទអនុញ្ញាតអង់គ្លេស ប្រទេសបារាំង និងកាណាដាអាចដំណើរការក្នុងឋានៈជាអ្នកសង្កេតការណ៍នៅតាមបណ្ដាក្រុមការងារជំនាញ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកចាប់ពីឆ្នាំ ២០២៣។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាមេរិក អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបញ្ជូនក្រុមគ្រូបង្វឹកដើម្បីជួយបណ្ដុះបណ្ដាលក្រុមដោះមីន និងបំផ្លាញយុទ្ធភណ្ណ័មិនទាន់ផ្ទុះនៅប្រទេសអ៊ុយក្រែន។
តាមរយៈជំនួបនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានយល់ស្របចំពោះទំនាក់ទំនងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជាអាមេរិក ដែលបានចុះថយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលការបារម្ភនេះមិនត្រឹមតែបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែមកពីការខ្វះខាតនៅតម្លាភាព។ ទាក់ទងទៅនឹងមូលដ្ឋានយោធារបស់ចិននៅកម្ពុជាត្រូវបាន រដ្ឋមន្ត្រីការពារជាតិអាមេរិក ចាត់ទុកថាជាការគំរាមកំហែងដល់ផលប្រយោជន៍ សន្តិសុខសហរដ្ឋអាមេរិក និងសន្តិសុខសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ សហរដ្ឋអាមេរិកចង់ស្ដារឡើងវិញនូវទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរឡើងវិញប៉ុន្តែតម្លាភាពគឺ ជាបញ្ហាដ៏សំខាន់បំផុត ៕