ព័ត៌មាន

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​នៅ​ខេត្ត​សៀម​រាប​ ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
497
2987 កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​នៅ​ខេត្ត​សៀម​រាប​ ឆ្នាំ​២០២២​

       ព្រឹកថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​បើក​កិច្ច​ប្រជុំ ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យសេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​សណ្ឋាគារ​សុខា​សៀម​រាប​។

       កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ ដែល​រៀបចំដោយ​ក្រសួងការពារ​ជាតិ​កម្ពុជា​ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​១​ថ្ងៃ ក្រោម​មូលបទ ​សាមគ្គី​ភាព​ ដើម្បី​សន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម។​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពី​សំណាក់ ​ឯកឧត្តម​ ប្រមុខ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចំនួន​៩​ អវត្តមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​មីយ៉ាន់​ម៉ា និង​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​អគ្គលេខា​ធិការ​អាស៊ាន​។​

        ថ្លែង​បើកកិច្ច​ប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​ នា​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​សម្តែង​នូវការ​រំលែក​ទុក្ខ ​និង​ការ​សោក​ស្តាយ​ ចំពោះ​គ្រោះមហន្តរា​យ​រញ្ជួយ​ដី ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កា​លពី​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ២០២២។ សម្តេច​ពិជ័យ​សេនា ក៏បាន​សំ​ដែងនូវការ​កោត​សរសើរ ​វាយ​តម្លៃខ្ពស់ និង​អបអរសាទរ ចំពោះ​ជោគ​ជ័យ​ នៃ​ការខិតខំ​ប្រឹងប្រែងរបស់​ថ្នាក់​ដឹក​នាំ​រប​ស់​យើង ​នៅ​ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ានលើក​ទី​៤០​ និង​លើក​ទី៤១ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ក្នុងកា​រ​ដោះ​ស្រាយកង្វល់​រួមផ្នែក​សន្តិសុខ ពង្រឹង​មជ្ឈភាពនិង​ឯកភាព​អាស៊ាន ​គិត​គូរអំពីវិធី​ដោះស្រាយត​ទៅមុខទៀ​ត ថែ​រក្សាសន្តិភាព ​ស្ថិរភាព និងស្វែង​រកកិច្ចសហប្រតិបត្តិការ​ជាក់​ស្ដែង​កាន់​តែ​រឹងមាំ​ថែម​ទៀត ជាមួយបណ្ដា​ប្រទេស​ដៃ​គូ​សន្ទនា​។ ទាំងអស់​នេះ គឺពិតជាការឆ្លុះ​បញ្ចាំងពីស្មារតី​ នៃ​ការស្ថិត​នៅ​ជា​មួយ​គ្នា​បរិយាបន្ន ការ​បើក​ចំហរ​ និង​ការសំឡឹង​មើលទៅ​ក្រៅ​របស់អាស៊ាន។​ យើង​គាំទ្រយ៉ាងពេញ​ទំហឹងចំពោះ​ទស្សនវិស័យ និងវិធាន​ការ​ទាំងឡាយ ដែលបាន​ព្រ​ម​ព្រៀង ​និងអនុម័ត ​នៅ​ក្នុង​កិច្ចប្រជុំនោះ ជាពិសេស​សេចក្ដី​ថ្លែងការ​នៃ​ចក្ខុវិស័យ មេដឹក​នាំ​អាស៊ាន​ ស្ដី​ពី​អាស៊ាន​អាក់ត៍ (ASEAN A.C.T.) សេចក្ដីថ្លែ​ងការរបស់មេ​ដឹក​នាំ​អាស៊ាន ​ស្ដីពីចក្ខុ​វិស័យនៃការត​ភ្ជាប់​អាស៊ាន​ក្រោយ​ឆ្នាំ២០២៥ ការ​បើក​ចំហរ របស់អាស៊ាន ព្រម​ទាំង​វិធាន​ការ​ផ្សេង​ៗមួយចំនួនទៀតដែល​ពាក់​ព័ន្ធនឹង​បញ្ហាមីយ៉ាន់​ម៉ា និងសមាជិកភាព​របស់​ទីម័រខាង​កើត។​ យើង​ពិត​ជាមានមោទន​ភាព​ណាស់ ដែលក្នុងរយៈពេល​១៦ឆ្នាំ​កន្លង​មក​នេះ ADMM បា​ន​ក្លាយ​ជា​វេទិកាដ៏មានសារៈ​ប្រយោជន៍​សម្រាប់​កិច្ចសន្ទនា ការកសាង​ទំនុក​ចិត្ត និងកិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ ដើម្បី​រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុល​ភាព​រប​ស់​អាស៊ាន​។

         សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖​ ជា​ការពិតខណៈ​ពេល​ដែល​តំបន់​របស់​យើង ​បាននឹងកំពុងប្រឹង​ងើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩ និងឈាន​ទៅ​រកប្រក្រតីភាព​បែប​ថ្មីមួយ ស្ថានភាព​សន្តិសុខនា​ពេល​បច្ចុប្បន្ន​នៅក្នុង​តំបន់ ក៏ដូចជានៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ នៅតែមានភាព​ផុយស្រួយ និងកាន់តែ​មិន​ច្បាស់​លាស់​ឡើង។ តាម​ពិតទៅការ​អូសបន្លាយ​ នៃ​សង្រ្គា​ម​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែ​ន​ និង​ភាពតាន​តឹង​នៃការប្រកួតប្រជែងភូមិសាស្ត្រ​នយោបាយ​ រវាងមហា​អំណាច ​នៅតែបន្ត​បង្កការ​គំរាម​កំហែង​ចំពោះ​សន្តិភាព​ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ នៅ​ក្នុង​តំបន់ ​និង​ពិភព​លោក​ទាំង​មូល​។

         សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ទៀតថា៖ ជារៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ការ​បង្កើត​ឡើងម​ក​ADMM​តែងតែប្រឈមមុខ​នឹងប​ញ្ហា​មួយចំ​នួន។​ នៅក្នុងឆ្នាំនេះ ក៏មិន​ខុសពីបណ្តា​ឆ្នាំមុន​ដែរ​ មាន​បញ្ហា​ជា​ច្រើន​ដែល​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ និង​ភាព​សុខ​ដុមរមនា​របស់​តំបន់ ​និង​ប្រជាជន​។​ បញ្ហាប្រឈម​ទាំង​អស់​នេះបង្ហាញ​ពីតម្រូវការ​ខ្ពស់​ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ និង​ស្មារតី​សាមគ្គីភាព​ដ៏រឹងមាំ របស់​វិស័យ​ការពា​រជា​តិរបស់​អាស៊ាន ដើម្បីរួមគ្នា​ដោះ​ស្រាយ​។​ ច្បាស់​ណាស់​ថា ​គ្មាន​ប្រទេសណាអាច​ដោះ​ស្រាយបញ្ហា​ប្រឈម​របស់ពិភព​លោក ​តែ​ម្នាក់​ឯង​បា​ន​ទេ​។ កិច្ចប្រជុំ ​ADMM ​និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​ឆ្នាំ​នេះ​ ក្រោម​ប្រធាន​បទ​ សាមគ្គី​ភាព ដើម្បី​សន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម ​បាន​បញ្ជាក់​សារជាថ្មី​ នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​បញ្ហា​ប្រឈម​រួម​នៅ​ក្នុង​តំបន់ ដោយផ្តោត​លើ​សាមគ្គីភាព ​និង​ភាព​ស្អិតលូតរ​បស់ ​ADMM ដែល​ជាយន្ត​កា​រគន្លឹះ​ ក្នុងការដោះស្រា​យបញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​រួម​របស់​អាស៊ាន ​ជា​ពិសេស​ក្តីកង្វល់​សន្តិសុខ​មិនប្រពៃណី ​ដូច​ជា​គ្រោះ​ធម្មជាតិ​ និង​ជំងឺរាតត្បាត​សកល​។​ នៅក្នុង​កិច្ច​ប្រជុំ​ADMM ​លើក​ទី១៦ ​កាល​ពី​ខែ​មិថុនា យើងបាន​ឯកភាព​គ្នា ដោះស្រាយ​បញ្ហាប្រឈម​ដែល​កំពុង​កើត​មាន​ ក៏​ដូច​ជា​ការបំពេញ​នូវ​ចន្លោះ​ប្រហោង ដែល​យើង​មិន​ធ្លាប់​បាន​គិត​គូរពីមុន។​ គំនិតផ្តួច​ផ្តើមថ្មីទាំង​នេះ​ នឹ​ង​បំពេញបន្ថែ​ម​នូវអ្វីដែល​មាន​ស្រាប់​។ សមិទ្ធិផល​ទាំង​នេះ​ ពិត​ជា​មិន​អាច​សម្រេ​ច​បាន​ទេ​ បើគ្មាន​ការ​គាំទ្រ​ឥត​ឈប់​ឈរ​ របស់​​រដ្ឋមន្រ្តីការពារ​ជាតិអាស៊ាន​ទាំង​អស់​ ចំពោះ​តួនាទី​ជា​ប្រធាន​ ADMM របស់​កម្ពុជា​។​ សម្តេច​ពិជ័យសេនា​ ទៀ បាញ់ សង្ឃឹ​មយ៉ាងមុតមាំ​ថា​៖ កិច្ចប្រជុំថ្ងៃនេះនឹ​ង​ផ្តល់​ឲ្យយើង​នូវឱកាស​មួយ​ដើម្បី​​ពិភាក្សា ​ផ្លាស់​ប្ដូរ​ទស្សនៈ ​និង​ស្វែង​រក​វិធាន​ការ​សមស្រប ​ដើម្បី​ដោះ​ស្រាយ​តាម​វិធី​សាស្ត្រ ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​។​ សម្តេច​ពិជ័យ​សេនា​ បាន​សំ​ដែង​នូវជំនឿជឿ​ជាក់​ថា​ កិច្ច​ប្រជុំនៅ​ថ្ងៃនេះ ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រធាន​ ADMM​ ជា​បន្តបន្ទាប់​ក្នុង​ការ​បង្កើត​របៀប​វារៈ ​ឆ្លុះ​បញ្ចាំ​ង​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​នៃ​ស្ថានភាព​សន្តិសុខ​អន្តរជាតិ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ឯកភាព​ និង​មជ្ឈភាព​អាស៊ាន ​និង​ការ​ធានា​បាន​ថា ​ADMM នៅតែជាកម្លាំង​ចលករ​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូ​ខាង​ក្រៅ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ