ក្រសួងការពារជាតិ បានប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាកំណើត កងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២២ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីប្រវត្តិនៃការបង្កើត ខភម ដោយបានបញ្ជាក់ថា៖ ថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកា ២០២២ គឺជាទិវាប្រវត្តិសាស្ត្រដែល ខ.ភ.ម ប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ ដើម្បីរំលឹកឡើងវិញនូវប្រពៃណីដ៏ល្អផូរផង់ គំរូវីរភាពដ៏អង់អាចក្លាហ៊ាន ស្មារតីពលីកម្មដ៏ធំធេង របស់យុទ្ធជនយុទ្ធនារី និងប្រជាជនជំនាន់មុន ក្នុងបុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្តើមឯករាជ្យសង្គ្រោះជាតិមាតុភូមិ និងស្នាដៃរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ។ ឯកឧត្តម បានបញ្ជាក់ថា៖ ទិវាកំណើត កងយោធពលខេមរភូមិន្ទ បានចាប់បដិសណ្ឋិដំបូង តាមអនុសញ្ញាយោធាបារាំងខ្មែរ ថ្ងៃទី៧មករា ឆ្នាំ១៩៤៦។ ខ.ភ.ម បានបំពេញតួនាទីភារកិច្ចដោយផ្សាភ្ជាប់នូវសាច់ឈាមជាមួយប្រជាពលរដ្ឋ ហើយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៣ គឺជាពេលវេលា ចាប់ផ្ដើមដំណាក់កាលផ្ទេរ សមត្ថកិច្ចយោធារវាងប្រទេសបារាំង និងប្រទេសកម្ពុជា។ ដំណាក់កាលនេះ គឺជាការបង្កើតអគ្គសេនាធិការនៃក្រសួងការពារជាតិ ក្រោមឱវាទ រដ្ឋមន្ត្រី មានកងឯកភាពជើងគោក មានកងនាវាចម្បាំង តាមទន្លេចំនួន២កង មាន សាលា និងមជ្ឈមណ្ឌលហ្វឹកហ្វឺន គឺសាលាយោធាខ្មែរសម្រាប់បណ្តុះបណ្តាលនាយ ទាហាននិងសាលាក្របខ័ណ្ឌថ្មពេជ្រសម្រាប់បណ្ដុះបណ្តាល នាយទាហានរង។
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ គឺជារយៈពេលបញ្ចប់អរិភាពលើទឹកដីអតីតឥណ្ឌូចិនរបស់អាណានិគមបារាំង។ ព្រះរាជាណាចកកម្ពុជា ទទួលបានឯករាជ្យភាពពេញបរិបូណ៍ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនា ទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។ ដំណាក់កាល ដែលបញ្ជាការ និងកងកម្លាំងបារាំងចាកចេញពីទឹកដីនៃប្រទេសកម្ពុជា គឺជាការចាប់ បដិសន្ធិពេញលក្ខណៈនៃកងយោធពលខេមរភូមិន្ទ និងបានបង្កើតអគ្គសេនាធិការ កងយោធពលខេមរភូមិន្ទ បញ្ហាការដ្ឋានកងទ័ពជើងអាកាសភូមិន្ទ និងបញ្ជាការដ្ឋាន កងទ័ពជើងទឹកភូមិន្ទ។
ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រយៈពេល៦៩ឆ្នាំមកនេះ កងយោធពលខេមរភូមិន្ទបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈយ៉ាងណាក្តី ក៏កងយោធពលខេមរភូមិន្ទនៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនដើម្បីកសាង និងការពារប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែកងយោធពលខេមរភូមិន្ទដ៏បរិសុទ្ធដែលស្មោះត្រង់ នឹងគោលបំណង និងឧត្តមគតិរបស់ជាតិប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្ដុំរាល់កម្លាំង ស្នេហាជាតិ បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា “២០ មិថុនា ១៩៧៧ បង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា “២ធ្នូ ១៩៧៨” ដើម្បីប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបប ប៉ុលពត មកជូនប្រជាជនវិញបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា ប្រកបដោយពន្លឺនិងក្តីសង្ឃឹម។ ប្រជាជនកម្ពុជាទាំងអស់ ធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចយុវវ័យជំនាន់ក្រោយតែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេង នៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលធ្វើឱ្យមានអ្វីៗនៅថ្ងៃនេះ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ នៅលើផ្លូវឆ្ពោះទៅមុខទៀត កងយោធពលខេមរភូមិន្ទ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិ ទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និង អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និង សេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត។
កងយោធពលខេមរភូមិន្ទការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ជាតិ ដែល ជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជន ប្រកបដោយសេរីភាព កិត្តិយស និង សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចិរភាពមិនឱ្យអនុភាពប្រតិកិរិយាណាទោះបីជាអរ ពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិ ភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងបញ្ហា ប្រឈមនានារបស់តំបន់ និងពិភពលោក។ កងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយបោះជំហានទៅមុខឥតងាក លើមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតប ទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ព្រមជាមួយនេះ កងយោធពលខេមរភូមិន្ទបដិសេធនូវ រាល់សកម្មភាពទាំងឡាយនោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ានេះ ឬកៀប សង្កត់មកលើអធិបតេយ្យភាពរបស់កម្ពុជា។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាតនិងថ្កោលទោសចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ដែលបាន ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងព្រះកិត្តិ នាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងសូមប្រកាសគាំទ្រចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគគ.បន្ត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ដែលមានវត្តមានចូលរួមក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ។ សូមសម្តែងនូវការ កោតសរសើរ ដោយមនោសញ្ចោតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរកងទ័ព នាយទាហាន នាយទាហានរង យុទ្ធជន យុទ្ធនារីនៃកងយោធពលខេមរភូមិន្ទគ្រប់រូប ដែលកន្លងមកក៏ដូចបច្ចុប្បន្នបាននិងកំពុងបន្ត បំពេញបេសកកម្មប្រកបដោយវីរភាព និងពលិកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុទាមទារ និងការពារឯក រាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជន។ សម្តេច ពិជ័យសេនា សូមសម្តែងនូវការគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឱ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីការពារជាតិមាតុភូមិ និងបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់កងយោធពលខេមរភូមិន្ទ តាំង ពីដើមរហូតដល់ពេលបច្ចុប្បន្ន។
សូមផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះយោធិនពិការយោធិនចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ : គ្រួសារយោធិនពលី មរណៈ និងអតីតយុទ្ធជនកម្ពុជាទាំងអស់។ សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូនចំពោះវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ញាការដ្ឋានមេបញ្ជាការ ប្រធានស្ថាប័នគ្រប់ជំនាន់ ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុការពារជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងខណៈនោះសម្តេច ពិជ័យសេនា ក៏បានផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសសកម្មទាំងក្នុង និងក្រៅប្រទេស សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ សូមជូនពរ យោធិនរបួសជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅគ្រប់ទីកន្លែង សូមបងប្អូនទាំងអស់គ្នា ឆាប់ជាសះស្បើយ និងមានសុខភាពជាប្រក្រតីភាពឡើងវិញ ៕