សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ រួមជាមួយឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងមន្ត្រីក្រោមឱវាទិ និងប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តបុទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទតែងបានប្រារព្ធពិធីធ្វើជារៀងរាល់ឆ្នាំ ហើយដែលពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើឡើង ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះត្រូវបានធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាន៖ មាតាបិតា ជីដូនជីតា គ្រូធ្យា វាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកយើងទៅកាន់លោកខាងមុខមកទទួលយកកុសលផលបុណ្យនេះ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។ ម្យ៉ាងទៀតជាឱកាសដ៏ល្អសម្រាប់ជួបជុំឱពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចជួបជុំ ស្វែងយល់គ្នាអំពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពប្រចាំថ្ងៃរវាងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីដ៏ទូលំទូលាយផងដែរ។ ហើយនៅក្រោយថ្ងៃជ័យជំនះ ៧ មករាឆ្នាំ១៩៧៩ ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធ។ ក្នុងជំនឿសាសនា ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរយើងជាពុទ្ធបរិស័ទ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណ រហូតមកដល់ បច្ចុប្បន្ននេះ។
បន្ទាប់ពីបានគោរពថ្វាយផ្កាភ្ញី បូជាទៀនធូក ចំពោះព្រះពុទ្ធព្រះសម្មាសាម្ពុទ្ធ និងនមសិកាព្រះរតនត្រ័យទៅតាមកន្លងព្រះពុទ្ធព្រះធម៌សម្មាសម្ពុទ្ធរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ រួមជាមួយឯកឧត្តម លោកជំទាវ ព្រមទាំង ពុទ្ធបរិស័ទ បានបង្សុកូល និងរាប់បាត ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានបែកបាក់ចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុទ្ធនារី នៃខ.ភ.ម ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់អាយុជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបួងសួងផងដែរសូមឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខ.ភ.ម និងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបាននិងជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងប្រទេសជាតិមានសុខសន្តិភាពជារៀងរហូត។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវេរប្រគេនទ័យទាន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខជូនដល់ព្រះសង្ឃ វត្តបុទុមវត្តីនាឱកាសនោះ រួមមានអង្ករ ៥០០គីឡូក្រាម, ត្រីខកំប៉ុង ២០០កេស, មី ៤០កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកក្រូច ២០កេស, ថ្នាំពេទ្យ ១កេស, សៀវភៅធម៌ ១កេស ព្រមទាំងបច្ច័យប្រាក់រៀល មានចំនួន ៥១លានរៀល, ប្រាក់ដុល្លា មានចំនួន ១ម៉ឺន ១២០ដុល្លា និងប្រាក់បាត ២ពាន់បាត ៕