ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ​៣ ​ប្រទេស ​កម្ពុជា ​វៀតណាម ​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
332
2958 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ​៣ ​ប្រទេស ​កម្ពុជា ​វៀតណាម ​ឡាវ​

        ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមាន​និត​ឡាវ ​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពា​រជាតិ​ ៣​ ប្រទេស ​កម្ពុជា​ វៀតណាម ​ឡាវ ​កាល​ពី​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២២​។ ក្នុង​ឱកាសអញ្ជើញ​ធ្វើទស្សនៈ​កិច្ចជា​ផ្លូវ​ការ​ និង​មិត្តភាព​នៅ​ប្រទេស​ឡាវ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ៣ ​ប្រទេស ​កម្ពុជា​ វៀតណាម ​ឡាវ ​ដែល​បា​នប្រព្រឹត្តិទៅ​នៅ​ក្រសួង​ការ​ពារ​ជាតិ​ឡាវ ក្នុង​ទីក្រុង​វៀង​ចន្ទ័​។ ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ក្រសួង​ការពារជា​តិ​ឡាវ​មាន​ការ​ចូល​រួម​ពី ​នាយ​ឧត្តម​សេនីយ៍ ​ចាន់​សាម៉​ន ​ចាន់​ញ៉ា​ឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ឡាវ ​និង​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម​ មា​នកា​រចូ​លរួម​ពី​ នាយឧត្តម​សេនីយ៍ ​ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​។

        ថ្លែង​បើក​កិច្ច​ប្រជុំ ​នាយ​ឧត្តម​សេនីយ៍​ ចាន់សាម៉ន ចាន់ញ៉ាឡាត បាន​ចាត់​ទុក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារជាតិ ​៣ ​ប្រទេស​ កម្ពុជា​ វៀតណាម​ ឡាវ ​នា​ពេល​នេះ​ថា ​ជា​និមិត្ត​រូ​ប​ដ៏​សំខាន់ ​ក្នុង​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្ត​ភាព​ ជា​ប្រពៃណី​ ដែលថ្នា​ក់ដឹ​ក​នាំ​ជំនាន់​មុន​របស់​ប្រទេស​ទាំង​ ៣ ​បាន​បង្កើត​ឡើង ​ហើយ​បក្ស​រដ្ឋ​ក​ង​ទ័ព ​និង​ប្រជាជន​ ​នៃប្រទេស​យើង​ទាំង​ ៣​ បា​ននាំគ្នា​ថែរក្សា ​និង​ពង្រីក​អោយរី​ក​លូត​លាស់​ជា​រហូត​មក​។ ឯកឧត្តម​ បញ្ជាក់​ថា៖ ​ឡាវ ​វៀតណា​ម​ និង​កម្ពុជា​ ជា​ប្រទេស ​៣ ​ដែល​មាន​ព្រំដែន​ជាប់គ្នា​។​ ជា​ប្រទេស​ ៣​ ដែល​ធ្លាប់​ស្ថិត​នៅ​ជោគ​វាសនា​តែ​មួយ​ធ្លាប់​មាន​ប្រពៃណី​សាមគ្គី​ជួយ​គ្នា​ទៅ​វិ​ញ​ទៅ​មក​ ដូច​បង​ប្អូន​ធ្លាប់​រួម​សុខ​រួម​ទុក្ខ​ជាមួ​យគ្នា​។ ប្រជាជ​ន​នៃ​ប្រទេស​ទាំង​ ៣ ​ធ្លាប់​ តស៊ូ​ស្មា​កៀក​ស្មើគ្នា​ប្រឆាំង​ចក្រពត្តិ​បរទេស​ឈ្លាន​ពាន​តែ​មួយ ​ដូច្នេះ​ទោះ​បី​ស្ថិ​ត​នៅ​ក្នុង​សភាព​ការណ៍​ លក្ខ​ខណ្ឌណា​ ក៏​ដូច​ជា​ដំណាក់​កាល​ណា​ក៏ដោយ ​យើង​នឹង​មិន​អាចបំបែក​ពីគ្នា​បាន​ឡើយ។​ ដូចនេះ​កង​ទ័ព​យើងទាំ​ង​ ៣ ​ត្រូវធ្វើ​ជា​បង្គោល​ដ៏​រឹងមាំ​រួម​គ្នា​ការពា​រពូន​ជ្រុំនៅ​ចំណងមិត្ត​ភាព​ សាមគ្គី​ភាព​ជា​ប្រពៃណី​ ដែល​មា​នតម្លៃ​បំផុត​រវា​ងប្រទេស​ និង​កង​ទ័ព​យើង​ទាំង​ ៣ ​ឡាវ​ វៀត​ណាម កម្ពុជា​ ឲ្យ​មាន​ការ​កាន់​តែ​ពង្រឹ​ងព​ង្រីក​ អោយ​មាន​ការ​រីក​ចម្រើន​ និង​អភិវឌ្ឍន៍​ឡើងឥ​ត​ឈប់​ឈរ​ដើម្បី ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំ​ង ៣​ ក៏​ដូច​ជា​ជីវភាព​រស់​នៅដ៏​ល្អ​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​។ ​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ឡាវ ​បានស​ង្កត់​ធ្ងន់​ថា​៖ យើង​ត្រូវតែនាំ​គ្នា​ធ្វើឲ្យខ្សែ​ព្រំដែន​ នៃ​ប្រទេស​យើង​ទាំង​ ៣ អោយ​ក្លាយ​ទៅ​ជាព្រំដែន​នៃ​សន្តិភាព​ មិត្តភាព ​និ​ងកា​រ​អភិវឌ្ឍន៍​ពិត​ប្រាក​ដ​លើ​ស្មារតី​នៃ​សាមគ្គីភាព​របស់ប្រទេស ​និង​កង​ទ័ព​យើង​ទាំង​ ៣​ ប្រទេស​។

         ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពា​រជាតិ ​៣ ​ប្រទេស ​កម្ពុជា​ វៀត​ណាម ​ឡាវ ​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ចាក់​ថា៖​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ ៣ ​ប្រទេស ​នា​ពេល​នេះ ​គឺ​ជា​ឱកាសសម្រាប់​យើង​ទាំង​អ​ស់គ្នា​បញ្ជាក់​សារ​ជា​ថ្មី ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ល្អ​ប្រសើរ​ជា​ប្រពៃណី​ ជា​អ្ន​កជិ​ត​ខាង​ល្អ​និង​ផ្តល់​ ផល​ប្រយោជន៍ទៅ​វិញទៅ​មក​រវាង​ប្រទេស​ និង​ប្រជាជន​យើងទាំង​អស់​គ្នា​។​ លើសពី​នេះ ​ការ​ពង្រឹង​កិច្ចសហ​ ប្រតិបត្តិការ​ប្រទេសទាំ​ង​៣.​ មិន​ត្រឹម​តែ​បង្ហាញ​ច្បាស់​ពីសារៈសំខាន់​យុទ្ធសាស្ត្រ​ នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំ​ង​រួម​ចំ​ណែក​ដល់​ការ​ត​ភ្ជាប់​អាស៊ាន ​និង​ការ​ពង្រឹង​សហគមន៍​អាស៊ាន ​ផង​ដែរ​ ពិសេស​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ​ក្នុង​តំបន់ ​និងការ​លើក​កម្ពស់​សុខ​មាល​ភាព​ និង​ជីវភាព​រ​ស់នៅ​របស់​ប្រជាជ​ន​យើង​។​ សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​បន្ថែ​ថា៖​ ជា​ការ​ពិ​ត នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​៣​ យើង​សម្រេច​បាន​នូវ សមិទ្ធ​ផល​ជា​ច្រើន​ ក្នុ​ងការ​កសាង​នូវ​ភាព​ជា​អ្នក​ជិត​ខា​ងល្អ​ ការ​ពង្រឹង​មិត្តភាពជា​ប្រពៃណី​ និង​ការ​ពង្រឹង​កិច្ច សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​ចីរភាព​ ដើម្បី​ធានា​នូវ​អនាគត​តំបន់​មួយ​ ដែល​មាន​សន្តិភាព ​ស្ថិរភាព​ និង​វិបុល​ភាព​។​ ជាក់​ស្តែង​ នៅ​ក្នុង​រយៈ​ពេលជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទោះបី​មាន​ការ​រីក​រាល​ដាល​នៃជំងឺ ​កូវី-១៩​យ៉ាង​ណាក្តី ​ប៉ុន្តែ​កង​ទ័​ពប្រទេស​យើង​ទាំង​បី​ នៅ​តែ​បន្ត​សហការ​រួម​គ្នា​យ៉ា​ងស្អិត​រមួត ​ក្នុង​ភាព​អ្នកជិត​ខា​ង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី​ បានលើ​ក​កម្ពស់​ទំនា​ក់ទំនង​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​យូរអង្វែង​ សំដៅ​ពង្រឹង​ និង​ពង្រីក​ចំណ​ងមិត្តភាព​ ស្មារតី​សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ ​ជាតិ​។​ 

        នៅ​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​ការពារជា​តិ ទាំ​ង ​៣​ប្រទេស​ កម្ពុជា ​វៀត​ណាម​ ឡាវ ​បាន​ពិភាក្សា​គ្នាអំពី​ការ​បរិច្ឆេទ​ពេល​វេលា ​និង​ទី​កន្លែង​ដែល​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ​ ៣​ ប្រទេស​ កម្ពុជា ​វៀត​ណាម​ ឡាវ ​នៅ​ឆ្នាំ​ក្រោយ ​ពិភាក្សា​អំពី​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺ​ន​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ៣​ ប្រទេស​ បន្ត​ទៀត ​ពិភាក្សា​អំពី​ការ​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ និង​ការ​ផ្លាស់​ប្តូរ​សិល្បៈ​កង​ទ័​ពប្រទេស​ទាំ​ង ៣​ ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ