ព័ត៌មាន

កិច្ច​ប្រជុំ​ឆ្លង​ផែន​ការ​ សាង​សង់​​អគារ​ អគ្គ​បញ្ជាការ​ដ្ឋាន​ ខភម​ ថ្មី​ នៅ​តំបន់​បឹង​តា​មោក​ ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
492
2951 កិច្ច​ប្រជុំ​ឆ្លង​ផែន​ការ​ សាង​សង់​​អគារ​ អគ្គ​បញ្ជាការ​ដ្ឋាន​ ខភម​ ថ្មី​ នៅ​តំបន់​បឹង​តា​មោក​ ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ​

          នៅ​ទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី០៨​ ខែ​កញ្ញា ​ឆ្នាំ​២០២២ ​មាន​បើក​កិច្ច​ប្រជុំ ​ដើម្បី​ពិភាក្សា​ឆ្លង​ការ​ងារ​រៀប​ចំ​ ​ប្លង់​មេ​ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​ អគារ​អគ្គ​បញ្ជាការ​ដ្ឋាន​ថ្មី ​ដែល​ក្នុ​ងនោះ​រួម​មាន ​ទីលាន​សម្រាប់​ប្រារព្ធ​ពិធី ​ផ្លូវ​ការ​ផ្សេងៗ ​របង ​និង​ទី​តាំង​យុទ្ធ​សាស្ត្រ​យូ​អង្វែង​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​អគារ ​អគ្គ​បញ្ជាការ​ដ្ឋាន ​ខភម ​ថ្មី ​មាន​ទីតាំង​នៅ​តំបន់​បឹង​តា​មោក ​“បឹង​កប់​ស្រូវ"​ ក្នុង​ទឹក​ដី​​សង្កាត់​គោក​រការ ​ខ័ណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​។ ​កិច្ច​ប្រជុំ​នេះបា​​ន​ប្រព្រឹត្ត​ទៅក្រោ​មវត្តមាន​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ អស់​លោក​ ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម​អស់​លោក​ ជា​​អគ្គ​មេ​បញ្ជាការ​ អគ្គ​មេ​បញ្ជា​ការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឯកឧត្តម ​អស់​លោក​ ជា​អគ្គនាយក ​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ នឹង​អ្នក​ជំនាញ​បច្ចេក​ទេស​សំណង់ ​តំណាង​មក​ពី​សាមី​ស្ថាប័ន​ក្រសួង​ដែន​ដី ​នគរូបនីកម្ម​  និង​សំណង់ ​ជា​ច្រើន​រូប​​។

          តាម​សេចក្តី​រាយ​ការណ៍​របស់​ នាយ​ឧត្តម​សេនីយ៍​ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នឹង​ជា​គណៈ​កម្មការ​រៀប​ចំ​សាង​សង់​អាគារ​រដ្ឋបាល ​អគ្គ​បញ្ជាការ​ដ្ឋាន​ថ្មី​ នៅ​ក្នុង​តំបន់​បឹង​តា​មោក ​"បឹង​កប់​ស្រូវ"​ បាន​បញ្ជាក់​អំពី​វឌ្ឍន​ភាព​ការ​ងារ​ នេះថា​​៖​ ដើម្បី​ដំណើរ​ការ​សាង​សង់​ទីតាំង​អគ្គ​បញ្ជាការ​ដ្ឋាន​ថ្មី​ ក្រសួង​ការ​ពារ​ជាតិ ​បាន​បង្កើត​គណៈ​កម្មការ​ដើម្បី​សិក្សា​ និង​រៀប​ចំ​សាង​សង់​ទី​តាំង​អគ្គ​បញ្ជាការ​ដ្ឋាន​ និង​ទី​តាំង​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​តំបន់​បឹង​តា​មោគ ​"បឹង​កប់​ស្រូវ"​ តាម​លិខិ​ត​លេខ​ ០១៩​ សសរ​ កពជ ​ចុះ​ថ្ងៃ​ទី​​២៥​ ខែ​មីនា​ ឆ្នាំ​២០២១ ​ដើម្បី​ធ្វើ​ការ​អនុវត្ត​តាម​កិច្ច​សន្យាខាង​លើ​ អំពី​ការ​រៀប​ចំ​ប្លង់​មេ​ និង​ប្លង់​សាង​សង់​ គណៈ​កម្មការ​បាន​សហការ​ជា​មួយ​ក្រុម​ការ​ងារ​ នៃ​ក្រសួង​ដែន​ដី​ នគររូបនីយ​កម្ម​ និង​សំណង់​ បាន​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់​ ជា​ច្រើន​លើក​ ច្រើ​ន​សារ​ នឹង​ធ្វើការ​ប្រមូល​ផ្ដុំ​រាល់​គំនិត​ជា​ច្រើន​ពី​ថ្នាក់​ដឹក​នាំ​តាម​រចនា​បថ​ បច្ចេក​ទេស​យោធា ​ព្រម​ទាំង​បាន​ដាក់​ឆ្លង​ ថ្នាក់​ដឹក​នាំ​អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​និង​ប្រមុខ​រាជ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ និ​ង​សម្រេច​។ គណៈ​កម្មការ​បាន​វាយ​តម្លៃ​ឃើញថា​ ដើម្បី​រៀប​ចំ​ប្លង់​មេ​ ស្រប​តាម​យុទ្ធ​សាស្ត្រ​ និងចក្ខុវិស័យ​វែង​ឆ្ងាយ​ ត្រូវ​បាន​សិក្សា​អំពី​រចនា​ប​ទ យុទ្ធ​សាស្ត្រ​យោធា​ ភូមិ​សាស្ត្រ​ និង​សភាព​ការ​ណ៍គ្រប់​កាលៈ​ទេសៈ​។ នាយ​ឧត្តម​សេនីយ៍​បាន​បញ្ជាក់​ថា៖ ​តាម​ការ​គ្រោង​ទុក​ សំណង់​អាគារ​រដ្ឋ​បាល​អគ្គ​បញ្ជាការ​ដ្ឋាន​ថ្មី​នេះ ​គ្រោង​នឹង​សង់​លើ​ផ្ទៃ​ដី​សរុ​ប​ប្រមាណ​ជាជា​ង​ ៧៤​ ​ហិច​តា​ ដែល​មាន​ប្លង់​ទី​តាំង​រួម​ ចែក​ចេញ​ជា​បី​តំបន់​ ក្នុង​នោះ​តំបន់​ទី​ ​១ ​គ្រោង​នឹង​សាង​សង់​ទី​លាន​សួន​ច្បារ​ និង​អាគារ​រដ្ឋ​បាល​អគ្គ​បញ្ជាការ ​ដែល​មាន​កម្ពស់​ ៩ ​ជាន់, សាង​សង់​សាល​ប្រជុំ​ធំ​ ដែល​អាច​ចំណុះ​មនុស្ស​បាន​រហូត​ដល់​ទៅ​ ២១៤៥​នាក់​ "កៅអី​",​ អាគារ​មន្ទីរ​អដ្ឋកោណ​ថ្នាក់​យុទ្ធ​សាស្ត្រ​សម្រាប់​ប្រើ​ប្រាស់​កម្រិត​ធម្មតា ​ទី១​ ទី២ ​និង​ ទី​៣​ និង​កម្រិត​យុទ្ធ​សាស្ត្រ​ជាតិ​ ដែល​ចំពោះ​មុខ​គ្រោង​នឹង​រៀប​ចំ​អាគារ​ មាន​កម្ពស់​បី​ជាន់​។ នៅ​ផ្នែក​សង្ខាង​ នៃ​អាគារ​រដ្ឋបាល​អគ្គ​បញ្ជាការ​ថ្មី​ ក៏​គ្រោង​នឹងរៀបចំ​កន្លែង​តាំង​ពិពរណ៌​​របស់​អគ្គ​បញ្ជាការ​ដ្ឋាន.​ គ្រោង​រៀប​ចំ​ចំណត​យាន​យន្ត​នៅ​ផ្នែក​សួន​ក្បែរ​ផ្លូវ​ខាង​ក្នុង ​ដែលអា​ចចត​រថយន្ត​បាន​ចំនួន ​៦៦០ ​គ្រឿង ​និង​រៀបចំ​ចំណត​ទូច​ចក្រ​យាន​យន្ត​ នៅ​ក្បែរ​ផ្លូវ​ជាប់​របង​សង្ខាង​ ដែល​អាច​ចត​ទោចក្រ​យាន​យន្ត​បាន​ចំនួន ​៤៤០​គ្រឿង​។ ​ជា​មួយ​គ្នា​នោះ​ដែរ​គណៈកម្មការ​ ក៏​នឹងគ្រោង​សាង​សង់​នៅ​អាគារ​និវេស្សនៈដ្ឋាន​សម្រាប់​ថ្នាក់​ដឹក​នាំ​អគ្គ​មេ​បញ្ជាការ ​និង​នាយ​សេនា​ធិការ​ចម្រុះ​ចំនួន​ ២​ខ្នង​ អម​សង្ខាង​ នៃ​អាគារ​អដ្ឋកោណ​ប៉ែក​ខាង​ក្រោយ​ជាប់​នឹង​របង​តំបន់​ទី​ ២​។ រីឯ​តំបន់​ទី៣ ​គ្រោង​និង​សាង​សង់ទីលាន ​និង​វេទិកា ​សម្រាប់​ធ្វើ​ពិធី​ព្យុះ​ហយាត្រា​ ក្នុង​ពិធី​បុណ្យ​ធំៗ ​និង​អាគារ​ស្នាក់​នៅ​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​កង​ការ​ពា​រ កង​អន្តរាគមន៍​ និង​ទី​បញ្ជាការ​កង​ពល​តូច ​និង​ផ្ទះ​ស្នាក់​នៅ​របស់​កង​អន្តរាគមន៍​ រួម​នឹង​ដី​បម្រុង​ទុក្ខ​សម្រាប់​ដាំ​ដើម​ឈើ ​នឹងនៅ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ជា​ច្រើន​ទៀត​ ដែល​នឹង​ត្រូវ​សាង​សង់​ឡើង​សម្រាប់​អគ្គបញ្ជាការ​ដ្ឋាន​ថ្មី​នេះ​។ ​

       ឆ្លង​តាម​កិច្ច​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ពី​ស្ថាប័ន​ជំនាញ ​និង​ថ្នាក់​ដឹក​នាំ ​រួម​ជា​មួយ​អនុសាសន៍ដ៏​ល្អ​របស់​សម្ដេចពិ​ជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ ​សម្រាប់​គម្រោង​សាង​សង់​អាគារ​រដ្ឋបាល​ទីតាំង​អគ្គ​បញ្ជាការ​ដ្ឋា​ន​ថ្មី​នេះ​ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​លើ​ចំណុច​ជា​ច្រើន​ ទៅ​តាម​ការ​កែ​សម្រួល​ និង​លក្ខខណ្ឌ​ចាំ​បាច់​ នៃ​តម្រូ​វ​ការ​ប្រើ​ប្រាស់​ថវិកា​ ដើម្បី​ធានា​ដល់​ការ​សា​ងសង់​ឲ្យ​មាន​ទាំង​គុណភាព ​សោភ័ណ​ភាព​ សន្តិសុខ​ និង​យុទ្ធសាស្ត្រ​យូរ​អង្វែង​របស់​កង​ទ័ព​ ប្រកប​ដោយ​តម្លាភាព​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​សម្ដែង​នូវ​ការ​លើក​សរសើរ​ ចំពោះ​ក្រុម​ការ​ងារ​បច្ចេក​ទេស​របស់​គណៈ​កម្មការ​រៀប​ចំ​គម្រោង​សាង​សង់​អាគារ​រដ្ឋបាល​អគ្គ​បញ្ជាការ​ដ្ឋាន​ថ្មី​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​បឹង​តា​មោគ​ "បឹង​កប់​ស្រូវ​" ក្នុ​ង​ភូមិសាស្ត្រ​សង្កាត់​គោករកា ​ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ ​ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជា​មួយ​ស្ថាប័ន​ជំនាញ​របស់​ក្រសួង​ដែន​ដី​ នគរ​រូប​នីយកម្ម ​និង​សំណល់ ​ក្នុង​ការ​សិក្សា​គម្រោង​សាង​សង់​នេះ​រហូត​ចេញ​ជា​លទ្ធផ​ល​គួរ​ជា​ទីមោទនៈ​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏បាន​ជំរុញ​ឲ្យ​គណៈកម្មការ​រៀប​ចំ​គម្រោង​សាង​សង់​អាគារ​រដ្ឋ​បាល​អគ្គ​បញ្ជាការ​ដ្ឋាន​ និង​សាមី​ស្ថាប័ន​ជំនាញ​បច្ចេក​ទេស​សាង​សង់​ ធ្វើ​យ៉ាង​ណា ​រួម​គ្នា​សិក្សា​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​ ទាំង​ស្ថាន​ភាព​លក្ខណៈ​ភូមិ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​អាកាស​ធាតុ ​ប្រព័ន្ធ​រំដោះ​ទឹ​ក ប្រព័ន្ធ​ទឹក​ស្អាត​ ប្រព័ន្ធ​ភ្លើង​ និង​ប្រព័ន្ធ​ផ្លូវ​មេ ​ដែល​អាច​គ្រប់​គ្រង​បាន​គ្រប់​ស្ថាន​ការណ៍​ ជា​យថា​ហេតុ​ ប្រកប​ដោយ​យុទ្ធ​សាស្ត្រ​កង​ទ័​ពយូរ​អង្វែង​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​សំណូមពរ​ដល់​ក្រុម​ការ​ងារ​សិក្សា​គម្រោង ​ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​ការ​រៀប​ចំ​សាង​សង់​អាគារដ្ឋ​បាល ​អគ្គ​បញ្ជាការ​ដ្ឋាន ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដទៃៗ​ទៀត​ ទៅតាម​បទ​ដ្ឋាន​កម្រិត​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​ ភូមិ​សាស្ត្រ​ ដោយ​មិន​ត្រូវ​ធ្វើអ្វី​ឲ្យ​ហួស​ពី​សមត្ថភាព​ដែល​មា​ន ហើយ​ធ្វើ​អ្វី​ដែល​ធំ​ជាង​មា​ឌ និង​សមត្ថភាព​របស់​យើង​ដែល​មាន​បច្ចុប្បន្ន​នោះ​ឡើយ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ជំនាញ​បច្ចេក​ទេស​ ពន្លឿន​ការ​សិក្សា​គម្រោង ​និង​ចាប់​ផ្ដើម​សាង​សង់​ ឲ្យ​បាន​ឆាប់​ និង​ស្រប​តាម​លក្ខណៈ​បទ​ដ្ឋាន​ស្តង់​ដា​បច្ចេក​ទេស​ នៃ​សំណង់​ មាន​ទាំង​គុណភាព ​សោភ័ណ​ភាព​ ធានា​ដល់​ការ​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​យោធា​យូរ​អង្វែង​ ទៅ​ថ្ងៃ​អនាគត​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ