ព័ត៌មាន

ឯកឧត្តម ​ឈុំ ​សុជាត​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​កិច្ច​សន្ទនា​ការ​ពារ​ជាតិ​ទី​ក្រុង​សេ​អ៊ូល ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
418
2950 ឯកឧត្តម ​ឈុំ ​សុជាត​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​កិច្ច​សន្ទនា​ការ​ពារ​ជាតិ​ទី​ក្រុង​សេ​អ៊ូល ​២០២២​

      នៅ​ថ្ងៃ​ទី០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២២ ​នាយឧត្តម​សេនីយ៍ ​ឈុំ សុជាត​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ដឹក​នាំ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ចូល​រួម​កិច្ច​សន្ទនា​ការ​ពារ​ជាតិ​សេ​អ៊ូល​ ២០២២ ​នៅ​ទីក្រុង​សេអ៊ូល​ សាធារ​ណរដ្ឋ​កូរ៉េ។​ កិច្ច​សន្ទនា​នេះ ​រៀបចំ​ឡើង​ដោ​យ​ក្រសួង​ការ​ពារ​ជាតិ​ សាធារណ​រដ្ឋ​កូរ៉េ ​ក្រោម​ប្រធាន​បទ​ “វិធី​សាស្រ្ត​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​ដ៏​ស្មុគ​ស្មាញ​ ការ​ពង្រឹង​សាមគ្គីភាព​អន្តរជាតិ​”​ ដោយ​មា​នប្រទេស​ចូល​រួម​ចំនួន​៥៤​ ក្នុង​នោះ​រួម​មាន​ តំណាង​ក្រសួង​ការ​ពារ​ជាតិ ​អ្នក​ជំនាញ​សន្តិសុខ​ជាតិ​ អង្គការ​សហ​ប្រជា​ជាតិ ​សហភាព​អឺរ៉ុប ​និង​អង្គការ​សន្ធិ​សញ្ញា​អាត្លង់​ទិក​ខាង​ជើង​ (NATO) ដើម្បី​ចូល​រួម​ពិភាក្សា​ស្វែង​រក​វិធី​សាស្រ្ត​រួម​ក្នុង​ការ​ឆ្លើយ​តប​ការ​គំរាម​កំហែង​សន្តិសុខ​តំបន់ ​និង​អន្តរជាតិ​។​

     កិច្ចសន្ទ​នា​ការ​ពារ​ជាតិ​សេអ៊ូល​២០២២​ ប្រព្រឹត្ត​ទៅ​ដោយ​មាន​កិច្ច​ពិភាក្សា​ពេញ​អង្គ​ចំនួន​បី ​ផ្តោ​ត​លើ​ប្រធាន​បទ​សំខាន់ៗ ​ដូច​ជា​៖

     - ​កិច្ច​ពិភាក្សា​ទី​១​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ និង​វិធាន​ការ​អន្តរ​ជាតិ​សម្រាប់​ការ​រំសាយ​ទាំង​ស្រុង​អាវុធ​នុយ​ក្លេ​អ៊ែ​កូរ៉េ​ខាង​ជើង​។

     - ​កិច្ច​ពិភាក្សា​ទី​២​ ​ស្តី​ពី​ការ​រិះ​រក​កិច្ច​សហប្រតិបត្តិ​ការ​កសាង​ទំនុក​ចិត្ត​នៅ​ក្នុង​ឥណ្ឌូប៉ា​ស៊ីហ្វិ​ក​។

     - ​និង​កិច្ច​ពិភាក្សា​ទី​៣​ ស្តី​ពី​តួនាទី​របស់​យោធា​នៅ​ក្នុង​សង្រ្គា​មកូន​កាត់​ (ឬ ​Hybrid​ Warfare)​។

     នៅ​ក្នុង​ពិធី​បើក​កិច្ច​សន្ទនា​ ឯកឧត្តម លី​ ជុង​ស៊ុប ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​កូរ៉េ ​បាន​លើក​ឡើង​អំពី​គោល​បំណង​ចម្បង​របស់​ក្រសួង​ការ​ពារ​ជាតិ​សាធារណ​រដ្ឋ​កូរ៉េ ​ក្នុង​ការ​រៀប​ចំ​កិច្ច​សន្ទនា​នេះ​ គឺ​ដើម្បី​ពង្រឹង ​និង​លើក​កំពស់​វេទិកា​ពហុភាគី ​ដែល​បម្រើ​ឱ្យ​កិច្ច​ពិភាក្សា​ពាក់​ព័ន្ធ​ នឹង​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​ជាតិ​ក្នុង​តំបន់ ​និង​អន្តរជាតិ​។​ ​ឯកឧត្តម ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​សាធារណ​រដ្ឋ​កូរ៉េ ​ក៏ស​ង្កត់​ធ្ងន់​ថា​៖ ការ​ជ្រើស​រើស​ប្រធាន​បទ​សម្រាប់​កិច្ច​សន្ទ​នា​ការ​ពារ​ជាតិ​សេអ៊ូល​ឆ្នាំ​នេះ​ គឺ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជាក់​ស្តែង​ នៃ​បរិយា​កាស​សន្តិសុខ​ជា​យុទ្ធសាស្រ្ត​ក្នុង​តំបន់ ​និង​សកល​លោក ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​ដែល​ទាម​ទា​ឱ្យ​មាន​កិច្ច​សន្ទនា​ជា​យុទ្ធ​សាស្រ្ត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម​ទាំង​នោះ។​

     នៅ​ក្នុង​វេទិកា​នេះ​ដែរ​ លោក ហេង គីចាន់ លេខា​ធិការ​អចិន្រ្តៃយ៍​ទទួល​បន្ទុក​ការ​ពារ​ជាតិ ​នៃ​ក្រសួង​ការ​ពារ​ជាតិ​សិង្ហ​បូរី ​ដែល​ជា​ប្រទេស​ជា​សមាជិក​អាស៊ាន ​ក៏​បាន​ចូល​​រួម​ចែក​រំលែក​នូវ​ទស្សនៈ​ ដោយ​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​កសាង​ទំនុក​ចិត្ត​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​គួរ​ធ្វើ​ឡើង​តាម​រយៈ​វិធាន​ការ​បី​យ៉ាង​ ដូច​ជា៖​ (១) ការ​បើក​ចំហរ​កិច្ច​សន្ទនា ​និង​បណ្តាញ​ទំនាក់​ទំនង​; (២)​ ការ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ក្នុង​តំបន់​;​ និង​ (៣) ​ការ​លើក​កម្ពស់​វិធាន​ការ​កសាង​ទំនុក​ចិត្ត​ក្នុង​តំបន់។​ ក្នុង​នោះ ​លោក ​ហេង គីចាន់ ក៏​បាន​ផ្តល់​នូវ​ឧទាហរណ៍​ជាក់​ស្តែង​ ដែល​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ ​ADMM-បូក ​បាន​កំពុង​អនុវត្ត​នូវ​វិធាន​ការ​ទាំង​បី​ខាង​លើ​ ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ និង​កិច្ច​សហប្រតិបត្តិការ​ទប់​ស្កាត់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​តំបន់​។​

      គួរ​កត់​សម្គាល់​ផង​ដែរ​ថា​៖ នេះគឺ​ជាលើក​ទី​១​១​ហើយ​ ដែល​ក្រសួង​ការ​ពារ​ជាតិ​សាធារណ​រដ្ឋ​កូរ៉ ​បាន​រៀប​ចំ​កិច្ច​សន្ទនា​ការពារ​ជាតិ​សេអ៊ូល​នេះ​ ចាប់​តាំង​ពី​ឆ្នាំ២០១២​មក​ ដែល​កិច្ច​សន្ទនា​នេះ​ជា​កិច្ច​សន្ទនា​ពហុភាគី​កម្រិត​ខ្ពស់​ ក្នុង​គោល​បំណង​រួម​ចំ​ណែក​ដល់​កិច្ច​ពិភាក្សា​ពង្រឹង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ​និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​សន្តិសុខ​នៅ​ក្នុ​ងតំប​ន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ