ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ម៉ឹង ​សំ​ផន​ សួរ​សុខ​ទុក្ខ​យោធិន​ជំងឺ ​របួស​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
401
2948 នាយ​ឧត្តម​សេនីយ៍​ ម៉ឹង ​សំ​ផន​ សួរ​សុខ​ទុក្ខ​យោធិន​ជំងឺ ​របួស​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​

        ក្នុង​ឱកាស​ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​-ភ្ជុំ​បិណ្ឌ​ ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​ចូល​ម​កដល់​នា​ពេល​ខាង​មុខ​នេះ​ ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​ពិជ័​យសេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ​និង​សាក​សួរ​សុខ​ទុក្ខ​បុគ្គលិក​ នាយ​ទាហាន​ ពល​ទាហាន​ និង​យោធិន​ជម្ងឺ​នៃ​ ខ.ភ.ម ​ដែល​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​នា​ព្រឹក​ថ្ងៃ​ទី០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២២​។​

        ឧត្តម​សេនីយ៍​ឯក​ វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គ​នាយក​រ​ង អគ្គនាយក​ដ្ឋាន​ភស្តុភា​-​ហិរញ្ញ​វត្ថុ​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​នាយក ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ បាន​សំ​ដែង​នូវ​ការ​ស្វាគមន៍​ និង​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វត្តមាន​ថ្នាក់​ដឹក​នាំ​ ក្រសួង​ការ​ពារ​ជាតិ​ និង​សហការី​ទាំង​អស់​ ដោយ​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ អំពី​ការ​អភិវឌ្ឍន៍​រីក​ចម្រើ​របស់​មន្ទីរពេទ្យ ​ព្រះ​កេតុមាលា​ នៅ​ក្នុង​រយៈ​ពេល​ ៩ ខែ ​​ឆ្នាំ​២០២២ ​កន្លង​មក​នេះ។​ ឯកឧត្តម ​វេជ្ជ​បណ្ឌិត​ លី សុវណ្ណ បាន​បញ្ជាក់​ថា​៖​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​បាន​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ខ្លួន​ រួម​ជា​មួយ​ដៃ​គូរ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​បុគ្គលិក ​មាន​វិន័យ ​សាមគ្គីភាព ​អនុវត្ត​នូវ​ភារកិច្ច​ ដែល​ថ្នា​ក់លើ​បាន​ដា​ក់ចុះ។​ ជា​មួយ​គ្នា​នេះ​ ដោយ​បាន​ធ្វើ​ការ​អភិវឌ្ឍជា​បន្ត​បន្ទាប់​ទាំង​ផ្នែក​បច្ចេក​ទេស​ ព្យាបាល​-​សង្គ្រោះ ​និង​ការ​អភិវឌ្ឍន៍ ​ធន​ធាន​មនុស្ស​ ឧបករណ៍ ​សម្ភារៈ​ពេទ្យ ​ក៏​ដូច​ជា​​ផ្នែ​ក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដោយ​បាន​ខិ​ត​ខំ​សាង​សង់​ និង​ជួស​ជុល ​កែ​លម្អ​គុណ​ភាព​អគារ​សម្រាក​ និង​ព្យាបាល​ជា​ច្រើន​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​បំផុត​នា​ពេល​នេះ។​

         ក្នុ​ង​នាម​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​,​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន សម្ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ ​វេជ្ជបណ្ឌិត​ គ្រូ​ពេទ្យ​ បុគ្គលិក​មន្ទីរពេទ្យ​ព្រះ​កេតុ​មា​លា​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​លះ​បង់​ពុះពារ​គ្រប់​ការ​លំបាក ​ទាំង​កម្លាំង​កាយ​ចិត្ត​ ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ ពិនិត្យ​និង​ព្យាបាល​ដល់​យោធិន​ នាយ​ទាហាន​ ពល​ទាហាន​ នៃ​ខ.ភ.ម​ ក៏​ដូច​ជា​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ អ្នក​ជំងឺ​ជន​ស៊ីវិល​ផង​ដែរ​ ​នា​ពេល​កន្លង​មក​នេះ។​ ​ឯកឧត្តម​ ម៉ឹង សំផន ក៏​បាន​ពាំនាំ​នូវ​បណ្តាំ​ការសាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេជោ ​ហ៊ុន​ សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​មេ​បញ្ជាការ​នៃ ​ខ.ភ.ម​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​​ វេជ្ជបណ្ឌិត ​គ្រូ​ពេទ្យ ​បុគ្គលិក​មន្ទីរ​ពេទ្យ​ និង​យោធិន​ជម្ងឺ​ នៃ​ខ.ភ.ម​ ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព​ នៅ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិ​ណ្ឌ​នេះ​។ ឯកឧត្តម បាន​មាន​ប្រសាសន៍​ថា​ ជម្ងឺ​មាន​ច្រើន​បែប​ច្រើ​នយ៉ាង​ ដែល​កើត​មាន​ឡើង ​ដោយកត្តា​ធម្មជាតិ​ វិទ្យា​សាស្ត្រ និង​ដោយ​សារ​មនុស្ស​ខ្លួន​ឯង​ក៏​មា​ន។ ឯកឧត្តម បាន​លើក​ឡើង​ថា​ ស្រប​ពេល​មានការ​វិវត្តន៍​រីក​ចម្រើន​ផ្នែក​បច្ចេក​ទេស​ វិទ្យាសាស្ត្រ​ និង​សេដ្ឋកិច្ច ​បច្ចុប្បន្ន​នេះ​ពិភ​ពលោ​ក​ ក៏​មាន​វិបត្តិ​ផ្នែក​សុខា​ភិបាល ​នៃ​ការ​រាត​ត្បាត​នៃ​ជម្ងឺ​កូវី-ដ១៩​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​ ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​រង​គ្រោះ​ផង​ដែរ​។​ តែ​ដោយ​សារ​មាន​ការ​ឈ្លាស់​វៃ ​និង​ប៉ុន​ប្រសព្វ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន, យើង​បាន​ទប់​ស្កាត់​បង្ការ​ និង​គ្រប់​គ្រង​បាន​ទាន់​ពេល​វេលា ​ក្នុង​នោះបា​ន​ខិត​ខំ​ស្វះ​ស្វែង​រ​កវ៉ាក់​សាំ​ងការ​ពារ​ជម្ងឺ​កូវីដ​១៩​ មក​ចាក់​ជូន​កង​ទ័​ព គ្រួសារ​កង​ទ័​ព និង​ប្រជា​ពលរដ្ឋ​ រហូត​មក​ដល់​ពេល​នេះ​ចាក់​ដូស​ជម្រុញ ​ទី៣ ​ទី៤​ ទី៥​ និង​បន្ត​ចាក់​ត​ទៅ​ទៀត​ ធ្វើ​ឲ្យ​ស្ថាន​ភាព​ប្រទេស​ជាតិ​វិល​ទៅ​ប្រក្រ​តីភាព​ឡើង​វិញ ​ហើយ​សព្វ​ថ្ងៃ​នេះ​ទោះ​បី​នៅមា​ន​អ្នក​ជម្ងឺនិង​ការ​ឆ្លង​ខ្លះៗ​ក៏​ដោយ​ តែ​មិន​ធ្ងន់ធ្ងរ និង​បាត់​បង់​ជីវិត​នោះ​ទេ​​។​ 

        ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ម៉ឹង សំផន បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ​​អោយ​មាន​ការ​រីក​ចម្រើន​ និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​ជា​ពិសេស​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រទេស​ជាតិ​ទាំង​មូល​។ ​ជា​មួយ​គ្នា​នេះ​ ​ឯកឧត្តម ម៉ឹង សំផន ក៏​បាន​ផ្តាំផ្ញើរ​ និ​ង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​វេជ្ជបណ្ឌិត​ គ្រូ​ពេទ្យ​ បុគ្គលិក​មន្ទី​រពេទ្យ​ព្រះ​កេតុ​មាលា​ ​អោយ​បន្ត​បំពេញ​តួនាទី​ភារកិច្ច​ដ៏​ល្អ​របស់​ខ្លួន ​ខិត​ខំ​កសាង ​និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឯកទេស​នានា​ ដើម្បី​ឲ្យ​ទទួល​បាន​សមត្ថភាព​ព្យាបាល​ជំងឺ​កាន់​ខ្លាំង​ក្លា​ និង​ទទួល​បាន​ជោគ​ជ័យ​ដល់​ការ​ពិនិត្យ​ព្យាបាល​សុខ​ភាព​ជូន​យោធិន​ជម្ងឺ​របួស ​នៃ ​ខ.ភ.ម ​និង​បង​ប្អូន​ប្រជាពល​រដ្ឋ​កម្ពុជាត​ទៅ​ទៀត​។

         ក្នុង​ខណៈ​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន បាន​ឧបត្ថម្ភ​ដល់​មន្ទី​រ​ពេទ្យ​ព្រះ​កេតុមាល ​នូវ​ថវិកា​ចំនួន ​៣​លាន​រៀល​ និង​បាន​នាំ​យក​អំណោយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ចែក​ជូនដល់យោ​ធិន​ជម្ងឺ​នៃ ​ខ.ភ.ម ចំនួន​ ២៩៨​នាក់​ ក្នុង​​ម្នាក់​ៗ​ទទួល​បាន ​មី​ ត្រី​ខ​កំប៉ុង ​ទឹក​ដោះ​គោ ​ស្ករ​ស​ និង​ថវិកា​ ៣​ម៉ឺន​រៀល​ផង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ